ព័ត៍មានទាន់​ហេតុការណ៏
Search

ឡង់​គ្រី​ស័​រ ​ផ្ទុក​ឈើ​កកោះ​ពេញ​ប្រៀប​ ​លោត​ឆត្រ ត្រូវ​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​បង្ក្រាប​បាន​

​រតនគិរី ៖ រថយន្ត​ឡង់​គ្រី​ស័​រ​ លួច​ដឹក​ឈើ​កកោះ​មួយគ្រឿង ត្រូវបាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ស្ទាក់​ចាប់​ និង​បង្ក្រាបបាន​នៅលើ​ផ្លូវជាតិ​លេខ​៧៨ កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ ត្រង់ចំណុច​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី។ រថយន្ត​មួយគ្រឿង​នេះ​កំពុង​ធ្វើ​ចរាចរណ៍​ពី​លិចទៅ​កើត ​ឆ្ពោះទៅ​ប្រទេស​វៀតណាម ចូល​ទៅ​តាម​ច្រក​របៀង​មួយ​ចំនួន​។​

​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ដែល​ចុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើនេះ​បាន​ឲ្យ​ដឹងថា ដោយមាន​ការ​ចង្អុលបង្ហាញ​ពី​លោកស្នងការ ស្នងការ​រង​នគរបាល​ខេត្ត ​និង​ឈាន​ចុះទៅ​បង្ក្រាប​រថយន្ត​ដឹក​ឈើ​មួយគ្រឿង​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ទឹកប្រាក់ អត់​ស្លាក​លេខ​មុខក្រោយ ​ផ្ទុក​ឈើ​ប្រភេទ​កកោះ ដែល​មាន​មុខកាត់ ចាប់ពី​៥០​ គុណ​៦០​ប្រវែង​២,២​សង់ទីម៉ែត្រ ចំនួន​១៥​កំណាត់​ផង​ដែរ​។​

​មន្ត្រី​នគរបាល​ដដែល​បាន​បន្ត​ថា ក្រោយពី​សមត្ថកិច្ច​ចុះបង្ក្រាប​រថយន្ត​ដឹកឈើ​នេះ​ អ្នក​បើកបរ​បាន​បើកទ្វារ​រថយន្ត​ចុះ​រត់​គេចខ្លួនបាត់ ​បន្សល់​ទុក​រថយន្ត​ដឹកឈើ​នៅ​កន្លែងកើតហេតុ បន្ទាប់មក​សមត្ថកិច្ច​បាន​រឹបអូស​យកមក​ស្នងកា​រ​នគរបាល​ខេត្ត​កសាង​សំណុំបែបបទ​ និង​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ នៅ​ព្រឹក​ថ្ងៃទី​៧​ធ្នូ​នេះ និង​ចាត់​ការបន្ត​តាម​នីតិ​វិធី​ច្បាប់​៕