ព័ត៍មានទាន់​ហេតុការណ៏
Search

ដាក់​ថ្នាំ​សណ្ដំ​យក​ទៅ​រំលោភ ​រហូត​មាន​ផ្ទៃពោះ​ជិត​៥​ខែ ​ទើប​បែកការ

ភ្នំពេញ ​៖​ យុវជន​ម្នាក់ ​បានដាក់​ថ្នាំ​សណ្ដំ​ស្ត្រី​រងគ្រោះ​ យក​ទៅ​រំលោភ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់ ​រហូត​មាន​ផ្ទៃពោះ​ជាង​៤​ខែ​ តែ​ត្រូវ​ចាប់បាន​នៅ​ក្រុង​ប៉ោយប៉ែត និង​នាំមក​ប្រគល់​ឲ្យ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ ហើយ​ត្រូវបាន​បញ្ជូន​មក​ឲ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នា​ថ្ងៃទី​០៧​ធ្នូ​ ដើម្បី​ធ្វើការ​សាកសួរ។​

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន ​ឈ្មោះ រ៉​ន វី​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ស្រុកកំណើត​នៅផ្ទះ​លេខ​៩៨ ផ្លូវ​លេខ​២២ បុរី​ពិភព​ថ្មី​២ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ តែ​ក្រោយ​ផលិត​បទល្មើស​រត់​ទៅ​រស់​នៅ​ប៉ោយប៉ែត។​

ក្រោយពី​មានការ​បង្ខាំង​រំលោភ​រួចមក​ ជនរងគ្រោះ​ បាន​ដាក់​ពាក្យបណ្ដឹង​ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដែល​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​រំលោភ​សេពសន្ថវៈ​ គឺ​ស្ត្រី​រងគ្រោះ​បាន​ប្តឹង​ជន​សង្ស័យ ​ពីបទ​ដាក់​ថ្នាំ​សណ្តំ​យកទៅ​រំលោភ​ក្នុង​បន្ទប់​ផ្ទះសំណាក់ ដែល​ប្រព្រឹត្ត​នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បាន​បញ្ជាក់ថា ក្រោយពេល​ជនសង្ស័យ​ដាក់​ថ្នាំ​សណ្តំ​រំលោភ​ស្ត្រី​រងគ្រោះ​បានសម្រេច​ហើយ​ បាន​រត់គេចខ្លួន​មក​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត​ ជាមួយ​មិត្តភ័ក្ដិ ហើយ​ស្ត្រី​រងគ្រោះ​លាក់លៀម​ឪពុកម្ដាយ​រហូត​មាន​ផ្ទៃពោះ​៤​ខែ​២១​ថ្ងៃ ទើប​ឪពុកម្ដាយ​ដឹង​ បាន​ប្តឹង​កម្លាំង​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ ​នៅ​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។​

លោក​ឧត្ដមសេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ថា ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ដាក់​ថ្នាំ​សណ្ដំ​ស្ត្រី​រងគ្រោះ​យក​ទៅ​រំលោភ​រហូត​បាន​សម្រេច និង​មាន​ផ្ទៃពោះ​ជាង​៤​ខែ ទើប​ឪពុក​ម្តាយ​បាន​ដឹង និង​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មានជ័យ​ ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ និង​បាន​កសាង​សំណុំរឿង​ប្រគល់ជូន​កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​តាមច្បាប់។​

ឥឡូវ​ សំណុំរឿង​រំលោភ​សេពសន្ថវៈ​នេះ តំណាង​អយ្យការ​អម​តុលាការ​កំពុង​សាកសួរ​ជនសង្ស័យ​នៅ​ឡើយ៕