ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ភូមិ​ចេក ស្នើ​ដល់​អាជ្ញាធរ​គ្រប់​ថ្នាក់​ មេត្តា​មាន​វិធាន​ចំពោះ​ក្លិប​​កាស៊ីណូ​៨៨៨

ស្វាយរៀង ​៖​ ប្រជាពលរដ្ឋ ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​ថ្នាក់ ​មេត្តា​មាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​ក្លឹប​កាស៊ីណូ​៨៨៨​ ដែល​បណ្ដែតបណ្ដោយ​ឲ្យ​ទឹក​ហូរ​ និង​កាកសំណល់​រាវ​ហូរ​តាម​ផ្លូវ ធុំក្លិន​ស្អុយរលួយ​ ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ នៅ​ក្នុង​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត ស្វាយ​រៀង​។

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ និង​ប្រកប​របរ​ស៊ី​ប្រចាំថ្ងៃ​ នៅក្នុង​តំបន់ គប្បី អាជ្ញាធរ ពិចារណា ​ជំរុញ និង​ពន្លឿន​ដល់​កាស៊ីណូ​មួយ​នេះ រក​វិធី​រំដោះ​ទឹក ដើម្បី​បញ្ចៀស​ការ​សាយភាយ​ក្លិន​ប៉ះពាល់​ដល់​អ្នក​រស់នៅ​ជិតៗ​តំបន់​នោះ​ផង។​

​លោក ប៊ុន ធឿន ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បាន​ស្នើ​ដល់ ម្ចាស់​កាស៊ីណូ​កាឡាកស៊ី​៨៨៨ និង​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ជួយ​ពិនិត្យ និង​ធ្វើ​ប្រព័ន្ធ​លូ​រំដោះ​សំណល់​រាវ ដែល​ហូរ​ចេញពី​កាស៊ីណូ​ខាងលើ ​មក​លើ​ថ្នល់ និង​ជះ​ក្លិនស្អុយ។

លោក​ថា ក្លិនស្អុយ​ចេញពី​សំណល់​រាវ ហូរ​ពី​កាស៊ីណូ​នេះ គឺ​បាន​ហូរ​ជាច្រើន​ខែ​ណាស់​មក​ហើយ គួបផ្សំ​ទៅ​នឹង​ជំនន់​ទឹកភ្លៀង​ជន​លិច​នោះ ​បង្ក​ឲ្យ​មាន​ដក់​នៅ​លើ​ផ្លូវ ពិបាក​ការ​ធ្វើដំណើរ ពិបាក​ដល់​ការរស់នៅ​ជាមួយនឹង​ក្លិន ប៉ះពាល់​សុខភាព​មនុស្ស សត្វ ពិសេស​ឆ្លង​ជំងឺ ជុំវិញ​បញ្ហា​ខាងលើនេះ ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ សុំ​ឲ្យ​ម្ចាស់​កាស៊ីណូ និង​អាជ្ញាធរ​ដែនដី​ ជួយ​រក​វិធី​រំដោះ​សំណល់​រាវ​ និង​ទឹក​ បញ្ចៀស​ការហូរ​មក​បង្អួត​ភ្ញៀវ និង​ពលរដ្ឋ​ដែល​ធ្វើដំណើរ​បន្តទៅទៀត រួមទាំង​បរិស្ថាន​ផងដែរ​។

លោក សុខ សារ៉ូ មេឃុំ​សំរោង បាន​ប្រាប់​ឲ្យ​ដឹង នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ​ថា សំណល់​រាវ ដែល​ហូរ​ចេញពី​កាស៊ីណូ ៨៨៨ ពិតជា​មាន​មែន ពីព្រោះ​លូ ដែល​រំដោះ​ទឹក​នោះ​ ស្ទះ ​មូលហេតុ ការ​ដាក់​លូ មិន​ឯកភាព​ភាព​គ្នា។

លោក​ថា កាលពី​ដើមឡើយ ​តំបន់​ទីប្រជុំជន​មួយ​នេះ មាន​អ្នក​មក​រស់នៅ​តិចតួច​ណាស់ តែ​ក្រោយៗ​មក​ តំបន់​នេះ​មានការ​អភិវឌ្ឍ​ ជា​បន្តបន្ទាប់ ពលរដ្ឋ​បាន​នាំគ្នា​មក​តាំង​លំនៅ​កាន់តែ​ច្រើន ហើយ​ការ​សាងសង់​សំណង់​តូចធំ​មាន​ច្រើន តែ មិនទាន់បាន​គិត​ពី​ប្រព័ន្ធ​លូ​រំដោះ​ទឹក​បាន តែ​បច្ចុប្បន្ន​មាន​ការ​ប្រឈម​បែបនេះ។

ជុំវិញ​បញ្ហា​ប្រឈម សំណល់​រាវ​ នៅ​តំបន់​ទីប្រជុំជន​ភូមិ​ចេក ជាប់​នឹង​ព្រំដែន​វៀតណាម​ខាង​លើ​នោះ លោក ងួន រ៉ាំ អភិបាលស្រុក​ចន្ទ្រា បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​បន្ថែម​ថា តាមរយៈ វេទិកា​សាធារណៈ ក៏​ដូច​តាម​សំណូមពរ​របស់​ពលរដ្ឋ ស្នើ​ឲ្យ​ ឃុំ ស្រុក ជួយ​រក​វិធី​រំដោះ សំណល់​រាវ​ចេញពី​ទីប្រជុំជន​នោះ ឃុំ និង ស្រុក​បាន​គិតគូរ ជីក​ ស្តា​ និង​ដាក់​លូ ​រំដោះ​ទឹក​ចេញ បាន​ម្ខាង​ហើយ នៅ​សល់​ម្ខាង​ទៀត គឺ​នៅ​ខាង​ក្លឹប​កាស៊ីណូ ៨៨៨ ដោយ​ប្រើប្រាស់​ថវិកា​របស់​ពលរដ្ឋ​រួមគ្នា ពីព្រោះ​ថវិកា​ស្រុក​អត់​មាន​គម្រោង។

ឯ​ការជីក​ដាក់លូ​ម្ខាង​ទៀត ដែលជា​ម្ខាង​ដែល​ហូរ​សំណល់​រាវ​ចេញ​មក​លើ​ថ្នល់​នោះ ស្រុក​មាន​គម្រោង​ និង​អញ្ជើញ ម្ចាស់​ក្លឹប​ទាំងអស់ ​មក​ជួបជុំ​ពិភាក្សា​ដើម្បី​រក​ថវិកា ជីក​ស្តា​ដាក់​លូ​នៅពេល​ឆាប់ៗ​នេះ​ហើយ ដើម្បី​ធ្វើការ​បញ្ចៀស​សំណល់​រាវ ​បញ្ចេញ​ក្លិន​សាយភាយ​មក​ប៉ះពាល់​សុខភាព​ពលរដ្ឋ​នៅ​ក្នុង​តំបន់​មួយ​នេះ៕