ព័ត៍មានទាន់​ហេតុការណ៏
Search

ហាង ​និង​វិមាន​ក្នុង​ទីក្រុង​ប៉ារីស​ត្រូវ​បិទ​ ខណៈ​មានការ​ភ័យខ្លាច​កាន់តែ​ខ្លាំង​អំពី​អំពើ​ហិង្សា

ប៉ម Eiffel, សារមន្ទីរ Louvre និង​ហាង​ជាច្រើន​ទៀត​នៅ​លើ​មហាវិថី Champs -Elysees នឹងត្រូវ​បិទ​ខណៈដែល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អាជ្ញាធរ​បាន​ព្រមាន​ពី​អំពើ​ហិង្សា​ថ្មីៗ​នៅ​ចុង​សប្តាហ៍​នេះ​អំឡុងពេល​បាតុកម្ម​ដែល​បានធ្វើអោយ​តំណែង​ប្រធានាធិបតី​របស់លោក Emmanuel Macron ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​ធំ​បំផុត។

​មន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់​បាន​ប្រាប់ AFP ថា អាជ្ញាធរ​កំពុង​ត្រៀមខ្លួន​ទប់ទល់​នឹង “​អំពើ​ហឹ​ង្សា​យ៉ាងខ្លាំង​” នៅ​ថ្ងៃ​សៅរ៍​នេះ​ដោយ​ផ្អែកលើ​ការចង្អុល​បង្ហាញថា ក្រុមអ្នកតវ៉ា​ទាំង​ខាងស្តាំ​និយម​និង​ឆ្វេងនិយម​គ្រោង​នឹង​ប្រមូល​ផ្តុំគ្នា​នៅក្នុង​រដ្ឋធានី​។​

ក្រុមមន្ត្រី​ព្រួយបារម្ភ​ថា ក្រុម​អ្នកបង្ក​ចលាចល​អាច​ចូលរួម​ជាមួយ​បាតុករ​ដើម្បី​ធ្វើ​កុបកម្ម​និង​លួច​ដូចដែល​ពួកគេ​គិត​កាលពី​សប្តាហ៍​មុន​។​

លោកនាយក​រដ្ឋមន្ត្រី Edouard Philippe បាន​និយាយថា ប៉ូលិស​ចំនួន​៨​ពាន់​នាក់​នឹងត្រូវ​ដាក់ពង្រាយ​នៅ​ទីក្រុង​ប៉ារីស​រួមជាមួយ​រថពាសដែក​ជាច្រើន​គ្រឿង​សម្រាប់​ការគ្រប់គ្រង​ហ្វូងមនុស្ស​ដែលជា​ផ្នែក​មួយ​នៃ​វិធានការ​ពិសេស​ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ​អំពើហិង្សា​។​

លោក​ក៏បាន​បញ្ជាក់​សារជាថ្មី​ផងដែរ​ចំពោះ​ការអំពាវនាវ​អោយមាន​ភាពស្ងប់ស្ងាត់​ដោយនិយាយ​នៅក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​ថា រដ្ឋាភិបាល​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ពិចារណា​លើ​វិធានការ​ណាមួយ​ដែល​អាចអោយ​យើង​បង្កើន​អំណាច​បាន​។​

នៅ​ទូទាំងប្រទេស ប៉ូលិស​ប្រមាណ​៨៩,០០០​នាក់​នឹងត្រូវ​បានដាក់​ពង្រាយ​លើសពី​ចំនួន​៦៥,០០០​នាក់​កាលពី​សប្តាហ៍​មុន​នៅពេលដែល​ប្រទេស​នេះ​ត្រូវ​រងគ្រោះ​ដោយ​ឈុត​ឆាក​នៃ​ភាពចលាចល​ក្នុង​ទីក្រុង​ប៉ារីស​។​

ប៉ុន្តែ​មកទល់ពេលនេះ ចលនា “​អាវកាក់​ពណ៌​លឿង​” មិនបាន​បង្ហាញ​សញ្ញា​នៃ​ការ​ថមថយ​ទេ ថ្វីបើ​រដ្ឋាភិបាល​បាន​ដក​ការដំឡើង​ពន្ធ​ប្រេងឥន្ធនៈ​តាម​ការគ្រោងទុក​នៅ​ខែមករា​ដែលជា​ការទាមទារ​ដ៏​សំខាន់​របស់​ក្រុមអ្នកតវ៉ា​ក៏ដោយ​។​

រោងល្ខោន​អូ​ប៉េ​រ៉ា Garnier និង Bastille បាន​លុបចោល​ការសំដែង​នៅ​ថ្ងៃ​សៅរ៍​ហើយ​សារមន្ទីរ​ធំ ៗ​នឹងត្រូវ​បិទទ្វារ​។ ការប្រកួត​បាល់ទាត់​ក្របខណ្ឌ Ligue 1 ចំនួន​៦​នៅ​ថ្ងៃ​សៅរ៍​ក៏ត្រូវ​បាន​ផ្អាក​ផងដែរ​។​
​គួរបញ្ជាក់​ជាថ្មី​ថា បាតុកម្ម “​អាវកាក់​ពណ៌​លឿង​” បានចាប់ផ្តើម​នៅ​ថ្ងៃទី​១៧​ខែវិច្ឆិកា​ដើម្បី​ប្រឆាំងនឹង​ការកើនឡើង​ពន្ធ​ប្រេង​ឥន្ទ​នៈ​ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក​ពួកគេ​បាន​ពង្រីក​ទៅជា​បញ្ហា​ប្រឈម​ធំៗ​ប្រឆាំង​លោក Macron៕ AFP