ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេង​ទំនើង​ម្នាក់ ​បង្ក​ការ​អុកឡុក​ក្នុង​មូលដ្ឋាន​ ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ​

​ភ្នំពេញ ៖ តាម​ប្រភព​ពី​ លោក​អនុសេនីយ៍ឯក ទេព បូរ៉ា នាយ​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ ​បាន​ឲ្យ​ដឹង​ថា ​ក្មេង​ទំនើង​ម្នាក់​ ដែល​តែង​បង្ករឿង​ក្នុង​មូលដ្ឋាន​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាប់ខ្លួន​ និង​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​រួចរាល់​ហើយ​។​

លោកនាយ​ប៉ុស្តិ៍​បាន​បន្ត​ថា ក្មេង​ទំនើង​ដែល​នគរបាល​ចាប់ខ្លួន​ កាលពី​ព្រឹក​ថ្ងៃទី​៧​ធ្នូ​នេះ ​មានឈ្មោះ ព្រេង ភា​រុណ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ដើម​ចាន់ ​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​។

​មូលហេតុ​ដែល​ឈានដល់​ការចាប់ខ្លួន​នេះ​ គឺ​ជនសង្ស័យ​ខាងលើ​ បាន​ទៅយក​ជញ្ជីង​ថ្លឹង​ត្រី​របស់​អាជីវករ​នៅ​ផ្សារ​ច្បារអំពៅ ​នា​វេលា​ម៉ោង​៦​និង​៣០​នាទី​ទៀបភ្លឺ ​ថ្ងៃទី​៧​ធ្នូ​នេះ​។​

ភ្លាមៗ​នោះ​ ម្ចាស់​ជញ្ជីង​បាន​ទៅតាម​យក​ដល់​ផ្ទះជួល​របស់​វា​ តែ​វា​បាន​ទាញ​កាំបិត​ដេញ​កាប់​ម្ចាស់​ជញ្ជីង​រត់បាតជើងសព្រាត​នៅក្បែរ​ផ្សារ ខណៈ​នោះ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២​ កំពុង​ដើរ​ល្បាត​ឃើញ​ ក៏​ឃាត់ខ្លួន​តែម្ដង​។​

លោកនាយ​ប៉ុស្តិ៍​បន្ត​ថា ​ក្មេង​ទំនើង​ម្នាក់​ ទើប​នឹង​ចេញពី​គុក​មិនបាន​ប៉ុន្មាន​ខែ​ផង​ ឥឡូវនេះ​បង្ករឿង​រ៉ាវ​មិនចេះចប់​ ដូចជា​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​ ដើរ​រកមុខ​អ្នកខ្លាំង ​និង​កាប់​បង្កាន់ដៃស្ពាន​ព្រះមុនីវង្ស​ថ្មី​ចាស់​ជាដើម​។​

បើតាម​ការ​រៀបរាប់​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ​ក្មេង​រូប​នោះ បាន​ធ្វើបាប​ឪពុកម្ដាយ​មិន​អស់ចិត្ត​ហើយ ​ដើរ​បង្ករឿង​ពេញ​ភូមិ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​តែង​ប្រាប់​កូនចៅ​មិន​ឲ្យ​ទៅ​ក្បែរ ​ព្រោះ​មិន​ចង់​ឲ្យ​មាន​រឿង​វែងឆ្ងាយ​។​

តែ​ឥឡូវ​ ត្រូវបាន​នគរបាល​ចាប់​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​ ដើម្បី​ឲ្យ​រូបគេ​ចេះ​កែប្រែ​ខ្លួន​ឲ្យ​ទៅជា​មនុស្ស​ល្អ​។​ ចំណែក​ប្រជាពលរដ្ឋ​ ក៏​សប្បាយចិត្ត ​ព្រោះ​លែងមាន​មនុស្ស​មក​បង្ករឿង​ទាំងយប់​ទាំង​ថ្ងៃ​ទៀតហើយ​៕​