ព័ត៍មានទាន់​ហេតុការណ៏
Search

ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ​សមត្ថកិច្ច​ចាប់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់​២៧៩​គ្រឿង និង​ពិន័យ​ជាង​៥​រយ​លាន​រៀល

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹង​ថា ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹក​នាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់​បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន​២៧៩​គ្រឿង និង​ពិន័យ​បាន​ថវិកា សរុបចំនួន​៥៥៨,៩៥០,០០០​រៀល​។​

ចំនួន​រថយន្ត ដែល​ចាប់បាន​ទាំងនេះ មានការ​កើន​ឡើង​ចំនួន​១១៣​គ្រឿង គឺ​ពី ១៦៦​គ្រឿង ក្នុង​ខែ​តុលា មក២៧៩​គ្រឿង ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់​បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី​៥​តោន រហូតដល់​៤០​តោន។​

ដោយឡែក បើ​យោងតាម​របាយការណ៍​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា សម្រាប់​ខែ​តុលា ឆ្នាំ​២០១៨ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួត​ពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់​បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន​១៦៦​គ្រឿង និង​ពិន័យ​បាន​ថវិកា សរុប​ចំនួន​៤៧៣,៧៥០,០០០​រៀល​។​

ចំនួន​រថយន្ត ដែល​ចាប់បាន​ទាំងនេះ មានការ​ថយ​ចុះ​ចំនួន​៥៩​គ្រឿង គឺ​ពី​២២៥​គ្រឿង ក្នុង​ខែ​កញ្ញា មក​១៦៦​គ្រឿង ក្នុង​ខែតុលា ឆ្នាំ​២០១៨។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់​បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥​តោន រហូតដល់​៦៤​តោន៕