ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​បរាជ័យ​ក្នុង​អង្គការសហប្រជាជាតិ​សម្រាប់​ការប៉ុនប៉ង​ថ្កោលទោស​ចលនា ហា​ម៉ាស របស់​ប៉ា​ឡេ​ស្ទី​ន​

សេចក្តីសម្រេច​របស់​អា​មេ​រិ​ក​ដែល​ត្រូវបាន​គាំទ្រ​ដោយ​ឯកអគ្គរដ្ឋទូត​លោកស្រី​ Nikki Haley ដើម្បី​ថ្កោលទោស​ចលនា​ហា​ម៉ាស​របស់​ប៉ា​ឡេ​ស្ទី​ន​នៅ​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធ​ការបាញ់​គ្រាប់​រ៉ុក្កែត​ដាក់​ប្រទេស​អ៊ីស្រាអែល​គឺ​មិន​បានទទួល​សំឡេងគាំទ្រ​គ្រប់គ្រាន់​សម្រាប់​ការអនុម័ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទេ​។​

វិធាន​ការដែល​បានស្នើ​ឡើង​នេះ​បានទទួល​ការគាំទ្រ​៨៧​សំឡេង​នៅឯ​មហាសន្និបាត​ប៉ុន្តែ​មិន​ទទួលបាន​សំឡេង​ភាគច្រើន​ពីរភាគបី​ដែល​ត្រូវការ​ចាំបាច់​នោះទេ​។ ប្រទេស​ចំនួន​៥៨​បាន​ជំទាស់​នឹង​វិធានការ​នេះហើយ​មាន​៣២​ប្រទេស​បាន​អនុបវាទ​។​

លោកស្រី Haley ដែល​នឹង​លាលែង​ពី​តំណែង​នៅ​បំណាច់​ឆ្នាំនេះ​បាន​ចោទប្រកាន់​អង្គការសហប្រជាជាតិ​ម្តង​ហើយ​ម្តង​ទៀតថា មាន​ភាពលំអៀង​ប្រឆាំង​អ៊ីស្រាអែល​ហើយ​បាន​និយាយ​ការពារ​អ៊ីស្រាអែល​សម្រាប់​ការប្រឈមមុខ​ដាក់គ្នា​ចុងក្រោយ​របស់ខ្លួន​ជាមួយ​ក្រុម​ហា​ម៉ាស​ដែលជា​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម​និយម​ដែល​គ្រប់គ្រង​តំបន់ Gaza Strip ចាប់តាំងពី​ឆ្នាំ​២០០៧​មក​។​

វា​ជា​សេចក្តីសម្រេច​ថ្កោលទោស​ក្រុម​ហា​ម៉ាស​ដែល​បានស្នើ​ឡើងជា​លើកដំបូង​ដែល​ត្រូវបាន​បង្ហាញ​ដល់​មហាសន្និបាទ​ដែលមាន​សមាជិក​ចំនួន​១៩៣​ប្រទេស​។​

ថ្លែង​មុនពេល​បោះឆ្នោត លោកស្រី Haley បាន​និយាយថា វិធានការ​នេះ​នឹងធ្វើ​អោយមាន​កំហុស​ជា​ប្រវត្តិសាស្ត្រ​ហើយ​ដាក់​មហាសន្និបាត​នេះ​នៅលើ​ផ្នែក​នៃ​សេចក្តី​ពិត​និង​តុល្យភាព​ក្នុងការ​ខិតខំ​ដើម្បី​សម្រេច​អោយបាន​នូវ​សន្តិភាព​ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។​

ស្របពេល​ជាមួយគ្នា​នោះ ក្រុម​ហា​ម៉ាស​បាន​សរសើរ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ដោយ​ហៅ​វា​ថា​ជា “​ភាពអាម៉ាស់​” ដល់​រដ្ឋការ​របស់លោក​ប្រធានាធិបតី Donald Trump ដែល​បាន​ប្រកាន់​ជំហរ​គាំទ្រ​អ៊ីស្រាអែល​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិភាព​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។​

អ្នកនាំពាក្យ​ក្រុម​ហា​ម៉ា​សលោក Sami Abu Zahri បាន​សរសេរ​នៅលើ Twitter ថា “​បរាជ័យ​របស់​អាមេរិក​នៅឯ​អង្គការសហប្រជាជាតិ​គឺ​តំណាងអោយ​ភាពអាម៉ាស់​ចំពោះ​រដ្ឋបាល​អាមេរិក​និង​ការបញ្ជាក់​ពី​ភាពស្របច្បាប់​នៃ​ការតស៊ូ​”៕ AFP