ព័ត៍មានទាន់​ហេតុការណ៏
Search

ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស ចូលរួម​ដាំ​កូនឈើ​នៅតាម​សាលារៀន​ដើម្បី​លើកកម្ពស់​សោភ័ណភាព​ឲ្យ​កាន់តែ​ស្រស់បំព្រង​

​ភ្នំពេញ ​ ៖​បុគ្គលិក​ស្ម័គ្រចិត្ត​នៃ​ក្រុមការងារ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ឬ​ហៅថា “​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស ជាង ១០០ នាក់​សហការ​ជាមួយ​ក្រសួងបរិស្ថាន ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​សា លា​រាជធានី​ភ្នំពេញ​នឹង​ចុះ​ដាំ​កូនឈើ​សរុប​ប្រមាណ ១.០០០ ដើម​នៅតាម​សាលារៀន​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ដែលជា​ផ្នែក​មួយ​នៃ “​គម្រោង​លើកកម្ពស់​ការយល់ដឹង​ស្តីអំពី​បរិស្ថាន និង​ការដាំ​កូនឈើ​”​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើឡើង​នៅ​សាលាបឋមសិក្សា​សន្ធរម៉ុក​ក្នុងថ្ងៃនេះ ណាហ្គា​វើ​លដ៍ បានទទួល​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ការដាំ​កូនឈើ ៣.៣០០ ដើម​ចាប់តាំងពី​ឆ្នាំ ២០១ ៤ បន្ថែម​ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ស្រស់បំព្រង​និង​កាន់តែ​បៃតង ។​

លោក Pern Chen នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ បាន​មានប្រសាសន៍ថា «​ការការពារ​បរិស្ថាន គឺជា​ការងារ​សង្គម​អាទិភាព​មួយ​នៃ​គម្រោង​អភិរក្ស​បរិស្ថាន​របស់​យើង ។ តាមរយៈ​កម្មវិធី​ដាំ​កូនឈើ និង​ការណែនាំ​ស្តីអំពី​ការថែរក្សា​កូនឈើ​នេះ យើង​សង្ឃឹមថា​សិស្សានុសិស្ស នឹង​ស្វែងយល់​បន្ថែម​អំពី​ការអភិរក្ស​បរិស្ថាន និង​យល់ដឹង​អំពី​វិធី​ជួយ​ធ្វើ​ប្រទេស​កម្ពុជា​កាន់តែ​បៃតង​ក្នុងពេល​អនាគត ។ មិនតែប៉ុណ្ណោះ ពួកគេ​នឹង​ទទួលបាន​ខ្យល់អាកាស និង​ម្លប់​ពី​កូនឈើ​ដែល​ពួកគេ​បាន​ដាំ​ផងដែរ​» ។

លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​ដែល​បាន បាន​មានប្រសាសន៍ថា «​យើង​ដឹងថា ដើមឈើ​មិន​ត្រឹមតែ​ផ្តល់​សោភ័ណភាព​ស្រស់បំព្រង​នោះទេ ប៉ុន្តែ​ថែមទាំង​ផ្តល់នូវ​ខ្យល់អាកាស​បរិសុទ្ធ និង​ធ្វើ​ឲ្យ​ដី​មាន​ភាព​ត្រជាក់​ទៀតផង​។​ដូច្នេះ​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​កម្មវិធី​ដាំ​កូនឈើ​នេះ នឹងធ្វើ​ឲ្យ​បរិយាកាស​រស់នៅ​របស់​ប្រជាជន​នៅក្នុង​សហគមន៍​កាន់តែ​ប្រសើរ​នៅក្នុង​ពេលអនាគត​» ។

លោកស្រី​ឃុន រចនា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា «​ក្រសួង​តែងតែ​លើកទឹកចិត្ត​ឲ្យ​មាន​ការដាំ​ដើមឈើ ដូចជា​ដាំ​ដើមឈើ​ជា​របង​សម្រាប់​ផ្តល់​ជា​ម្លប់​ក្នុង​ទីធ្លា និង​នៅ​កន្លែង​លេង​របស់​សិស្ស និង​អម​សងខាង​ផ្លូវ​ក្នុង​ទីធ្លា​សាលា ជាដើម ។ នៅពេល​សាលា​រៀនមាន​ម្លប់ឈើ​ត្រឈឹងត្រឈៃ វា​នឹង​ទាក់ទាញ​ឲ្យ​សិស្សានុសិស្ស​មានចិត្ត​ចង់​មក​សាលារៀន និង​មក​រៀន​បាន​ទៀងទាត់ ជាពិសេស​ជួយ​ធ្វើ​ឲ្យ​លទ្ធផល​នៃ​ការសិក្សា​របស់​ពួកគេ កាន់តែ​ប្រសើរ​» ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានធ្វើការ​កត់សម្គាល់ថា ព្រៃឈើ “​គឺជា​ដង្ហើម​នៃ​ភពផែនដី​របស់​យើង​” និង​មាន​សារសំខាន់​ណាស់​ក្នុងការ​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី ។ ដើមឈើ ជួយ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​ដោយ​វា​ស្រូបយក​ឧស្ម័ន​កាបូ​និ​ច​ពី​បរិយាកាស និង​បញ្ចេញ​មកវិញ​នូវ​អុកស៊ីសែន​ដើម្បី​កាត់បន្ថយ​ការបំពុល​នៃ​ខ្យល់​។

លោក​បាន​ផ្ញើ​សារ​ឲ្យ​ប្រជាជន​ទាំងអស់​ជួយ​ការពារ​ធនធានធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ​ផងដែរ​។ “​តាមរយៈ​កម្មវិធី​ដ៏​ល្អ​នេះ យើង​ចង់ឃើញ​និរន្តរភាព​នៃ​ដើមឈើ​ដែល​យើង​ដាំ និង​លើកកម្ពស់​ការដាំ​កូនឈើ​ទូទាំងប្រទេស​ដែល​ស្របទៅនឹង​ទិសដៅ​របស់​អង្គការសហប្រជាជាតិ​ក្នុងការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​វាល​រហោស្ថាន ។

គួរ​បញ្ជាក់ថា​ចាប់តាំងពី​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៥ ណាហ្គា​វើ​លដ៍​បាន និង​កំពុង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៃ​ប្រទេស​កម្ពុជា​ប្រកបដោយ​ភាព​វិជ្ជមាន​។ ក្នុង​ខែមីនា ឆ្នាំ ២០១៤ ក្រុមការងារ​សង្គម​ណា​ហ្គា​វើ​លដ៍​បេះដូង​សប្បុរស ត្រូវបាន​បង្កើតឡើង​ដោយ​បុគ្គលិក​ណាហ្គា​វើ​លដ៍​ដោយមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ជាមួយ​គោលបំណង​ផ្តោតទៅលើ​សសរស្តម្ភ ៤ គឺ លើ​កក​ម្ព ស់ការ​អប់រំ ចូលរួម​ក្នុង​សហគមន៍ អភិវឌ្ឍ​វិស័យ​កីឡា និង​អភិរក្ស​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា​។ ប​ច្ចុ​ប្ប ន្ន មាន​ប្រជាជន​កម្ពុ​ជាជាង ១៦០.០០០ នាក់​បានទទួល​ផលប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​នេះ​៕