ប៉ៃលិន ៖ អគ្គិភ័យមួយ បានឆាប់ឆេះផ្ទះបាយ និងរោងមាន់ ប្រជាពលរដ្ឋមួយកន្លែង តែសំណាងល្អ មិនបង្កឲ្យរាលដាលដ៏ផ្ទះនាក់ជិតខាង ដោយសារតែមានការអន្តរាគមន៍ពីប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត ជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងកើតផ្លូវទល់មុខរោងសិប្បកម្ម១កន្លែង ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចការិយាល័យពន្លត់អគ្គិភ័យខេត្តបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហាក់ ស្រីមុំ ភេទស្រី អាយុ ៥២ឆ្នាំ មានទីលំនៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បើយោងតាមអ្នកជិតខាងប្រាប់ថា មុនពេលកើតហេតុ គេបានឮសំឡេងផ្ទុះផ្តើមចេញពីក្នុងផ្ទះស្ត្រីរងគ្រោះខាងលើ បន្ទាប់មកក៏ស្រាប់តែមានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និងបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលនៅក្បែរនោះ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ព្រមទាំងរាយការណ៍ទៅសមត្ថកិច្ចពន្លត់អគ្គិភ័យខេត្ត ឲ្យចុះអន្តរាគមន៍។
ប្រភពព័ត៌មានបានបន្តថា ភ្លាមនោះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿង ចុះមកអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋរងគ្រោះទាន់ពេលវេលា មិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះដល់អាយុជីវិត មិនបង្ករីករាលដាលដល់ផ្ទះអ្នកជិតខាងដែរ។
ប្រភពព័ត៌មានបានបន្តទៀតថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះទ្រព្យសម្បត្តិនៅខាងក្នុងផ្ទះអស់បន្តិចបន្តួចតែប៉ុណ្ណោះ ដោយសារតែមានការអន្តរាគមន៍ពីប្រជាលពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យខេត្ត។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ នៃការឆេះខាងលើនេះ បណ្តាលមកពីការផ្ទុះកំប៉ុងហ្គាស៍ នៅក្នុងចង្ក្រានដាំបាយ ដែលម្ចាស់ផ្ទះបើកហ្គាស៍ ដោយទុកចោល ទើបបង្កឲ្យផ្ទុះឆេះបែបនេះ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន ពលរដ្ឋក្នុងខេត្តប៉ៃលិន មិនថានៅជនបទ ឬទីក្រុងនោះទេ ភាគច្រើនមិនសូវជាប្រើប្រាស់អុស ឬធ្យូងនោះឡើយ ដោយចាប់ផ្ដើមប្រើប្រាស់កំប៉ុងហ្គាស៍ ឬធុងហ្គាស៍វិញ ព្រោះវាងាយស្រួយក្នុងការប្រើ និងទាន់ពេលវេលា ក្នុងការធ្វើរបស់អ្វីសម្រាប់អាហារប្រចាំថ្ងៃផងដែរ ។ ប៉ុន្តែក្នុងការប្រើប្រាស់កំប៉ុងហ្គាស៍នេះដែរ ក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ចំពោះកំប៉ុងហ្គាស៍ចាស់ៗ ,កំប៉ុងហ្គាស៍ទុកចោលយូរ ,កំប៉ុងហ្គាស៍ទុកក្នុងកម្ដៅថ្ងៃក្ដៅ និងការប្រើទុយយោចាស់ មានធ្លាយភ្ជាប់ជាធុងហ្គាស៍ជាដើមផងដែរ៕