ព័ត៍មានទាន់​ហេតុការណ៏
Search

ដេ​ន​នី ក្វាន់ ខំប្រឹង​ពេក ​រហូត​ធ្លាក់ខ្លួន​ឈឺ​ ត្រូវ​ចូល​ពេទ្យ!

ភ្នំពេញ​ ៖​ តារា​សម្ដែង​ស្រី ​មាន​ប្រជាប្រិយភាព ​និង​ទទួល​បាន​ការ​គាំទ្រ​តាមរយៈ​សកម្មភាព​មនុស្សធម៌​ ចែករំលែក​ក្តី​ស្រលាញ់​ដល់​ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត ចាស់ជរា និង​កុមារ​នៅ​តាម​សហគមន៍​មួយចំនួន ​កញ្ញា ដេ​ន​នី ក្វាន់ បច្ចុប្បន្ន​បើតាម​ការ​កត់សម្គាល់​លើ​ការ​បើកមុខ​ជំនួញ​រកស៊ី​ផ្ទាល់ខ្លួន​ហាក់​មាន​ភាព​ជោគជ័យ ​និង​កាន់តែ​រីកចម្រើន​ខ្លាំង​ ដែល​អាច​រក​ចំណូល​បាន​ខ្ពស់​លើ​ពី​តារា​ស្រី​ឯទៀត​។​

ភាព​ជោគជ័យ ​និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​លើ​អាជីព​បើក​លក់​ផលិតផល​តាម​ប្រព័ន្ធ​អន​ឡាញ​ពី​សំណាក់​តារា​ស្រី​ កញ្ញា ដេ​ន​នី ក្វាន់​នាពេលនេះ ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​នាង​ក្នុងការ​កើប​លុយដុំ​ដែល​អាចធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ​កាន់​តែមាន​ភាព​លេចធ្លោ​ និង ហ៊ឺហា​តាមរយៈ​ការប្រើប្រាស់​សម្ភារៈ​មានតម្លៃ​ថ្លៃ​ និង​ទំនើបៗ​ទៀតផង​។ ​មិនតែប៉ុណ្ណោះ​ រឿង​ដែល​កាន់តែ​គួរ​ឲ្យ​សរសើរ​ថែមទៀត​ គឺ​តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ តែងតែ​បើក​បេះដូង​ជួយ​ដល់​អ្នកមាន​ជីវភាព​ខ្សត់ខ្សោយ​ជាង​ខ្លួន​។​

ជាការ​កត់សម្គាល់​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​រកលុយ​ស្ទើរ​គ្មាន​ពេលវេលា​សម្រាក​គ្រប់គ្រាន់​នេះ​ហើយ​ ទើប​បណ្តាល​ឲ្យ​តារា​ស្រី​ កញ្ញា ដេ​ន​នី ក្វាន់ ធ្លាក់ខ្លួន​ឈឺ​ត្រូវ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ បង្ក​ការព្រួយបារម្ភ​ និង​ភ្ញាក់ផ្អើល​ដល់​មជ្ឈដ្ឋាន​មហាជន​ដែលជា​អ្នកគាំទ្រ​តារា​ស្រី​រូបនេះ​ស្ទើរ​គ្រប់គ្នា​។​

បង្ហោះ​ភ្ជាប់​ជាមួយនឹង​រូបភាព​ប្រមាណ​២​ ឬ​៣​សន្លឹក ​កញ្ញា ដេ​ន​នី ក្វាន់​ បាន​បញ្ជាក់​ថា ​ឈឺ​ហើយ សូម​ទោស​ផង​ ខ្ញុំ​ទៅមុខ​លែងរួច​ហើយ​។ ​តើ​ខ្ញុំ​អាច​រស់​ដល់​ពេលណា ​បើ​ឈឺ​រហូត​យ៉ាងនេះ​? ហត់​នឿយ​ណាស់​ ពេលណា​ពេល​ហ្នឹង​ចុះ​ ព្រម​តាមច្បាប់​ធម្មជាតិ​ កើត​ ចាស់ ឈឺ​ ស្លាប់​។ ​ត្រូវ​ចុះទៅ​មើល​ការងារ​នៅ​ខេត្ត ឥឡូវ​នៅ​សម្រាក​នៅ​ពេទ្យ​នៅឡើយ​។​

ជាមួយគ្នា ​នៃ​ដំណឹង​ធ្លាក់ខ្លួន​ឈឺ​របស់​តារា​សម្តែង​ស្រស់ស្អាត​ កញ្ញា ដេ​ន​នី ក្វាន់​ខាងលើនេះ ​ភ្លាមៗ​នោះ ​មាន​ទស្សនិកជន​ជាច្រើន​បាន​ផ្ញើ​សារ​ជូនពរ​ឲ្យ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ ​និង​មាន​ខ្លះ​បាន​ទៀត​បានបង្ហាញ​ការព្រួយបារម្ភ​ផងដែរ​។​ ខណៈ​រហូត​មកទល់ពេលនេះ ​គេ​ពុំទាន់​ដឹង​ទេ​ថា ​កញ្ញា ដេ​ន​នី ក្វាន់ ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺ​អ្វី​នោះ​ឡើយ​៕