ព័ត៍មានទាន់​ហេតុការណ៏
Search

លក្ខខណ្ឌ​ត្រូវបាន​បំពេញ​ដើម្បីអោយ​លោក Assange ចាក​ចេញពី​ស្ថានទូត​អេ​ក្វា​ឌ័​រ​ក្នុង​ទីក្រុង​ឡុង​ដ៍​

ប្រធានាធិបតី​អេ​ក្វា​ឌ័​រ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លក្ខខណ្ឌ​ត្រូវបាន​បំពេញ​សម្រាប់​ស្ថាបនិក WikiLeaks លោក Julian Assange ដើម្បី​ចាកចេញ​ពី​ស្ថានទូត​របស់​ប្រទេស​នេះ​នៅ​ទីក្រុង​ឡុង​ដ៍ដែល​នេះ​នឹង​បញ្ចប់​ការប្រឈមមុខ​ដាក់គ្នារ​យៈ​ពេល​ប្រាំមួយ​ឆ្នាំ​ជាមួយ​អាជ្ញាធរ​អង់គ្លេស​។​

ប្រធានាធិបតី Lenin Moreno បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ផ្លូវ​នេះ​ត្រូវបាន​ត្រួសត្រាយ​សម្រាប់​លោក Assange ដើម្បី​ធ្វើការ​សម្រេចចិត្ត​ចាកចេញ​”​។ លោក​បាន​ពន្យល់ថា គាត់​នៅតែ​ត្រូវ​ឆ្លើយ​សំណួរ​នៅក្នុង​ចក្រភព​អង់គ្លេស​សម្រាប់​ការរំលោភ​លើ​លក្ខខណ្ឌ​នៃ​ការបង់ប្រាក់​ធានា​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Moreno បាន​និយាយថា ចក្រភព​អង់គ្លេស​បាន​ធានាថា ជនជាតិ​អូស្ត្រាលី​អាយុ​៤៧​ឆ្នាំ​រូបនេះ​នឹងមិន​ត្រូវបានធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេស​ណាមួយ​ដែល​ធ្វើអោយ​ជីវិត​របស់គាត់​ស្ថិតនៅក្នុង​ស្ថានភាព​គ្រោះថ្នាក់​នោះទេ​។​

ប្រទេស​អេ​ក្វា​ឌ័​រ​បាន​ស្វែងរក​មធ្យោបាយ​ដើម្បី​បញ្ចប់​ការ​ស្នាក់នៅ​របស់លោក Assange អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​ស្របពេល​មាន​ទំនាក់ទំនង​ល្អក់កករ​ជាមួយ​ភ្ញៀវ​ស្ថានទូត​របស់ខ្លួន​ដែល​ថ្មីៗ​នេះ​បាន​ប្តឹង​រដ្ឋាភិបាល​ក្រុង Quito សម្រាប់​ការ​រឹត​ត្បឹ​ត​លើ​ការប្រើប្រាស់​អ៊ីនធឺណិត​របស់គាត់​។​

លោក Assange ដែល​ទទួលបាន​កេរ្តិ៍ឈ្មោះ​ជា​អន្តរជាតិ​ដោយសារ​ការទម្លាយ​រឿង​សម្ងាត់​ធំ​បំផុត​របស់​ក្រសួងការបរទេស​និង​មន្ទីរ​បញ្ច​កោណ​បានបង្ហាញ​ភាពភ័យខ្លាច​ម្តង​ហើយ​ម្តង​ទៀតថា ប្រទេស​អង់គ្លេស​នឹងធ្វើ​បត្យាប័ន​គាត់​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ប្រឈម​នឹង​ការចោទប្រកាន់​នៅ​ទីនោះ​។​

ឯកសារ​សម្ងាត់​ចំនួន​២៥១​ពាន់​ដែល​យក​ចេញពី​ស្ថានទូត​អាមេរិក​នៅ​ជុំវិញ​ពិភពលោក​ដែល​ទម្លាយ​ដោយ WikiLeaks នៅក្នុង​ឆ្នាំ​២០១០​និង​ត្រូវបាន​បោះពុម្ពផ្សាយ​ដោយ​បណ្តា​កាសែត​អន្តរជាតិ​ឈានមុខ​គឺ​បានធ្វើអោយ​អាម៉ាស់​ចំពោះ​រដ្ឋបាល​លោក Bush ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ហើយ​បង្កអោយមាន​ការបំផ្លិច​បំផ្លាញ​នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​របស់ខ្លួន​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត​។​

គួរ​បញ្ជាក់ថា លោក Assange បាន​ចូល​ជ្រកកោន​នៅ​ស្ថានទូត​អេ​ក្វា​ឌ័​រ​ប្រចាំ​ទីក្រុង​ឡុង​ដ៍​ក្នុង​ឆ្នាំ ២០១២​ដើម្បី​ចៀសវាង​ការធ្វើ​បត្យាប័ន​ទៅ​ប្រទេស​ស៊ុយ​អ៊ែត​ដើម្បី​ប្រឈម​នឹង​ការសាកសួរ​ក្នុងករណី​ចំនួន​ពីរ​អំពី​ការរំលោភ​ផ្លូវភេទ​៕ AFP