ព័ត៍មានទាន់​ហេតុការណ៏
Search

គណបក្ស​របស់​លោក​ស្រី Merkel បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​ និង​រជ្ជកាល​ថ្មី​ក្នុង​ប្រទេស អាល្លឺម៉ង់

គណបក្ស Christian Democrats (CDU) របស់លោក​ស្រី Angela Merkel បាន​បោះឆ្នោត​នៅ​ថ្ងៃ​សុក្រ​ដើម្បី​សម្រេច​ថា ​តើន​រណា​នឹងត្រូវ​ជំនួស​លោកស្រី​ជា​មេដឹកនាំ​គណបក្ស​ហើយ​ធ្វើការ​ដើម្បី​ទទួលបាន​តំណែង​ជា​អធិការបតី​អាល្លឺម៉ង់​។​

បេក្ខជន​ឈានមុខ​ពីររូប​គឺមាន​លោកស្រី Annegret Kramp-Karrenbauer ដែលជា​អ្នកគាំទ្រ​លោកស្រី Merkel និង​គូប្រជែង​របស់លោក​ស្រី Merkel គឺ​លោក Friedrich Merz ដែល​បាន​ចោទសួរ​ការធានា​របស់​រដ្ឋធម្មនុញ្ញ​នៃ​ការសុំ​សិទ្ធិ​ជ្រកកោន​និង​ជា​អ្នក​ដែល​ជឿថា អាល្លឺម៉ង់​ដែលជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អឺរ៉ុប​គួរតែ​ចូលរួមចំណែក​បន្ថែមទៀត​ដល់​សហភាព​អឺរ៉ុប​។​

លោកស្រី Merkel បាន​និយាយ​កាលពី​ខែតុលា​ថា លោកស្រី​នឹង​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​ប៉ុន្តែ​នៅតែ​កាន់តំណែង​ជា​អធិការបតី​ដែល​នេះ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​គ្រប់គ្រង​ការចាកចេញ​របស់លោក​ស្រី​បន្ទាប់ពី​ជួបប្រទះ​ឧបសគ្គ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ការសម្រេចចិត្ត​របស់លោក​ស្រី​កាលពី​ឆ្នាំ​២០១៥​ក្នុងការ​បើកចំហ​ព្រំដែន​អាល្លឺម៉ង់​ចំពោះ​ជនភៀសខ្លួន​ដែល​រត់គេច​ពី​សង្គ្រាម​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។​

មេដឹកនាំ CDU ថ្មី​នឹងត្រូវ​ជ្រើសរើស​ដោយ​គណៈប្រតិភូ​ចំនួន​១,០០១​នាក់​ដែល​បាន​បោះឆ្នោត​នៅ​សមាជ​គណបក្ស​មួយ​ក្នុង​ទីក្រុង Hamburg ។ អ្នកឈ្នះ​ទំនងជា​នឹង​ដឹកនាំ CDU នៅក្នុង​ការបោះឆ្នោត​សហព័ន្ធ​លើក​ក្រោយ​នៅ​ខែតុលា​ឆ្នាំ​២០២១​។​

ការស្ទង់មតិ​មួយ​ដោយ ARD កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហាញថា ៤៧​ភាគរយ​នៃ​សមាជិក CDU មានការ​ពេញចិត្ត​ចំពោះ​លោកស្រី Kramp-Karrenbauer បើ​ប្រៀបធៀប​ទៅនឹង​៣៧​ភាគរយ​សម្រាប់​លោក Merz និង​១២​ភាគរយ​សម្រាប់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Jens Spahn ។​

លោក Merz អាយុ​៦៣​ឆ្នាំ​ដែល​បាន​ចាញ់​លោកស្រី Merkel ក្នុង​ការតស៊ូ​អំណាច​កាលពី​ឆ្នាំ​២០០២​ហើយ​បាន​វិលត្រឡប់​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​វិញ​បន្ទាប់ពី​ធ្វើ​ជំនួញ​អស់​រយៈពេល​មួយ​ទសវត្ស​គឺ​ត្រូវបាន​គាំទ្រ​ដោយ​សមាជិក CDU ដែល​ធុញទ្រាន់​នឹង​នយោបាយ​របស់លោក​ស្រី Merkel។ គាត់​បានឈ្នះ​ការគាំទ្រ​នៅ​សប្ដាហ៍​នេះ​ពី​អតីត​ជើងចាស់​ក្នុង​គណបក្ស​លោក Wolfgang Schaeuble៕ REUTERS


TAG