ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​ព្រះខ័ន​រាជ​ស្វាយរៀង លើកឡើង​ពី​កត្តា​មួយចំនួន​ដើម្បី​ជោគជ័យ​នៅ​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩​ខាង​មុន

ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោក Conor Nestor មាន​ជំនឿ​ចិត្ត​ថា​កូនក្រុម​នឹង​ធ្វើ​បាន​ល្អ​នៅ​រដូវ​កាល​ឆ្នាំ​២០១៩ ក្រោយ​លោក​សម្លឹង​ឃើញ​ពី​ចំណុច​ខ្វះខាត​កាលពី​រដូវ​កាល​ឆ្នាំ​២០១៨​កន្លងទៅ​។

​គ្រូបង្វឹក​ជនជាតិ​អៀក​ឡង់​រូប​នេះ​ បាន​បញ្ជាក់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្លិប​ថា «​ដើម្បី​ត្រៀម​រដូ​វ​កាល​ថ្មី យើង​ត្រូវ​ត្រឡប់​ទៅ​មើល​ឆ្នាំមុន ទី​១ គឺ​ត្រូវតែ​ពេញលក្ខណៈ ទី​២ គឺ​ត្រូវតែ​ការពារ​ជា​ក្រុម និង​ចុងក្រោយ យើង​ត្រូវ​មាន​ការប្រកួតប្រជែង​ច្រើន​រវាង​កីឡាករ​ថា​ នរណា​លេង​បាន ដោយ​កាល​ឆ្នាំមុន យើង​បាត់បង់​កីឡាករ​ច្រើន ដូច្នេះ​ការ​ប្រជែង​មិនទាន់​ដល់​គោលដៅ​។ ខ្ញុំ​គិតថា​វា​នឹង​អាច​ជួយ​យើង​ឲ្យ​ពេញលក្ខណៈ និង​ការពារ​បាន​ល្អ បើសិនជា​យើង​អាចធ្វើ​បាន ខ្ញុំ​គិតថា គ្រាប់​បាល់​យើង​ទាត់​បញ្ចូល​ទី ល្មម​ឲ្យ​យើង​ក្លាយជា​ជើងឯក ប៉ុន្ដែ​គ្រាប់​បាល់​របូត​ក៏​ច្រើន​ដែរ​»​។

​គ្រូបង្វឹក​កាន់ UEFA A-License ដដែល​បង្ហើប​ថា​ ចង់​បន្ត​ដឹកនាំ​ក្រុម​ជើងឯក​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ៤​សម័យកាល​មួយ​នេះ​ទៀត​ នៅ​រដូវ​កាល​ក្រោយ ហើយ​ថា ក្លិប​ក៏​ចង់​ផ្ដល់​ភ្លើង​ខៀវ​ផង​ដែរ ខណៈ​ផែនការ​មួយចំនួន​ក៏ត្រូវ​បាន​រៀបចំ​រួចរាល់​។ លោក​រំពឹង​ថា លទ្ធផល​នៅ​រដូវ​កាល​ថ្មី​នឹង​កាន់តែ​ល្អ​។ ក្រោយ​បញ្ចប់​រដូវ​កាល​ចាស់​ក្លិប​បានសម្រេច​បញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស​៣​នាក់ និង​បន្ត​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ដល់​កីឡាករ​បរទេស​២​នាក់​ផង​ដែរ​។ ថ្មីៗ​នេះ​បាន​ជម្រុះ​កីឡាករ​យុវជន​មួយចំនួន​និង​បន្ថែម​កីឡាករ​បរទេស​១​រូប​ទៀត​ផងដែរ។

​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​ដឹកនាំ​ដោយ​លោក Conor Nestor ទទួល​ចំណាត់ថ្នាក់​មិនសូវ​បានល្អ​នោះ​ទេ​ ប្រចាំ​រដូវ​កាល​នេះ​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន បើ​ធៀប​នឹង​លទ្ធផល​តាម​ឆ្នាំ​កន្លង​មក​។ ចំពោះ​លី​គ​កំពូល​កម្ពុជា វិញ​ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​បាន​១០​លើក ហើយ​ស្មើគ្នា​បាន​៣​លើក និង​បរាជ័យ​រហូតដល់​៩​លើក ឈរ​ចំណាត់ថ្នាក់​លេខ​៦​បណ្តោះអាសន្ន​ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២​។ ចំណែក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ទាប់ពី​ចាញ់​អង្គ​រថា​យ​ហ្គឺរ។

នៅ​រដូវ​កាល​នេះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ជួប​បញ្ហា​ផ្ទួនៗ​ទាំង​បញ្ហា​កីឡាករ​របួស​និង​កីឡាករ​ខ្លះ​ទាំង​រង​ការ​ពិន័យ​ពី​គណៈកម្មការ​វិន័យ​រប​ស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

យ៉ាងណាក៏ដោយ​នៅក្នុងរ​ដូ​វ​កាល​ដោះដូរ​កីឡាករ​ដំណាក់កាល​២​ថ្មីៗ​នេះ ក្លិប​បាន​ដោះដូរ​កីឡាករ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដើម្បី​ត្រៀម​ជើង​ទី​២​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៨ ហើយ​តាមរយៈ​ការដោះដូរ​កីឡាករ​នេះ​គ្រូបង្វឹក​កាន់​អាជ្ញា​ប័ណ្ណ​UEFA A License​ខាងលើ​គិតថា ​កូនក្រុម​មានគុណ​ភាព​ប្រកួត​មួយ​កម្រិត​ថែមទៀត​៕