រដ្ឋាភិបាលយេមែន និងពួកឧទ្ទាមដែលជាប់ក្នុងសង្គ្រាមដ៏បំផ្លិចបំផ្លាញមួយ បានធ្វើការចោទប្រកាន់ដាក់គ្នាទៅវិញទៅមកកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលពួកគេបានចូលរួមកិច្ចចរចាមិនងាយស្រួលមួយ ដែលត្រូវបានអង្គការសហប្រជាជាតិពិពណ៌នាថាជាការលំបាកប៉ុន្តែសំខាន់។
ការចរចានៅប្រទេសស៊ុយអ៊ែតគឺជាលើកទីមួយហើយក្នុងរយៈពេលពីរឆ្នាំមកនេះនៅក្នុងជម្លោះរវាងក្រុមចម្រុះយោធាគាំទ្ររដ្ឋាភិបាលដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតនិងក្រុមបះបោរ Huthi គាំទ្រដោយប្រទេសអ៊ីរ៉ង់ដែលបានរុញច្រានប្រទេសយេមែនអោយធ្លាក់ចូលទៅក្នុងភាពអត់ឃ្លានដ៏ធំមួយ។
ថ្វីបើគេមើលឃើញថារដ្ឋាភិបាលនិងក្រុមឧទ្ទាមបានព្រមព្រៀងគ្នាលើការដោះដូរអ្នកទោសនិងជម្លៀសពួកបះបោរសម្រាប់ការព្យាបាលវេជ្ជសាស្ត្រប៉ុន្មានថ្ងៃមុនការជួបជុំគ្នានេះក៏ដោយនោះ ភាគីទាំងពីរបាននិយាយតឹងសរសៃ.កដាក់គ្នានៅពេលកិច្ចពិភាក្សាបានចាប់ផ្តើម។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍បានជំរុញអោយភាគីជម្លោះកុំដាក់លក្ខខណ្ឌជាមុនបន្ទាប់ពីភាគីទាំងសងខាងបានដាក់ការទាមទារខណៈក្រុមឧទ្ទាមបាននិយាយថា ពួកគេនៅតែកំពុងវាយតម្លៃអំពី “ភាពប្រាកដប្រជា” នៃកិច្ចចរចាដែលពិបាកយកឈ្នះនេះ។
កិច្ចពិភាក្សានៅក្នុងភូមិ Rimbo ដែលស្ថិតនៅភាគខាងជើងនៃរដ្ឋធានី Stockholm របស់ប្រទេសស៊ុយអែតត្រូវបានគេរំពឹងថានឹងអូសបន្លាយពេលមួយសប្តាហ៍។
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសយេមែនលោក Martin Griffiths បាននិយាយថា កិច្ចចរចានេះបានបង្ហាញពី “ឱកាសដ៏សំខាន់” ប៉ុន្តែមិនមែនជាការចរចាស្តីពីការបញ្ចប់ទាំងស្រុងនៃជម្លោះរវាងពួកឧទ្ទាម Huthi និងរដ្ឋាភិបាលទេ។
នៅលើតុនៃកិច្ចពិភាក្សាក្នុងប្រទេសស៊ុយអែតគឺជាជោគវាសនារបស់ទីក្រុង Hodeida ដែលជាមូលដ្ឋានរឹងមាំចុងក្រោយរបស់ពួកឧទ្ទាមលើឆ្នេរសមុទ្រក្រហមរបស់យេមែននិងជាប្រភពសម្រាប់ការនាំចូលចំណីអាហារសំខាន់ៗចំនួន៩០ភាគរយ។
លោក Griffiths បានថ្លែងថា “យើងចង់យក Hodeida ចេញពីជម្លោះពីព្រោះវាជាកន្លែងចែករំលែកផ្នែកមនុស្សធម៌ដល់ប្រទេសដទៃទៀត”។
រដ្ឋមន្ត្រីការបរទេសយេមែនលោក Khaled al-Yamani បាននិយាយថា “ក្រុមសកម្មប្រយុទ្ធ Huthi ត្រូវដកចេញពីទីក្រុង Hodeida និងកំពង់ផែរបស់ខ្លួនហើយប្រគល់វាទៅអោយរដ្ឋាភិបាលស្របច្បាប់និងជាពិសេសគឺកងកម្លាំងសន្តិសុខផ្ទៃក្នុង”៕ AFP