ព័ត៍មានទាន់​ហេតុការណ៏
Search

ការិយាល័យ CNN ជម្លៀស​មនុស្ស​ចេញ​ បន្ទាប់ពី​ការ​គំរាម​បំផ្ទុះ​គ្រាប់បែក​ប៉ុន្តែ​មិនមាន​គ្រឿងផ្ទុះ​ត្រូវបាន​រកឃើញ​ទេ

ការិយាល័យ​ប្រចាំ​ទីក្រុង​ញូវយ៉ក​របស់​ទូរទស្សន៍ CNN បាន​ជម្លៀស​មនុស្ស​ចេញ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​មានការ​គំរាម​បំផ្ទុះ​គ្រាប់បែក​មួយ​ប៉ុន្តែ​មិនមាន​គ្រឿងផ្ទុះ​ត្រូវបាន​គេ​រកឃើញ​ទេ​។​

ឈុត​ឆាក​រយៈពេល​ប្រហែល​៩០​នាទី​នេះ​បានធ្វើ​អោយគេ​នឹកឃើញ​ដល់​ការជម្លៀស​ស្រដៀង​គ្នា​នេះ​កាលពី​ខែតុលា​បន្ទាប់ពី​ឧបករណ៍​ផ្ទុះ​មួយ​ត្រូវបាន​គេ​រកឃើញ​នៅឯ​ទីស្នាក់ការ​កណ្តាល របស់​ទូរទស្សន៍ CNN នៅក្នុង​ទីក្រុង​ញូវយ៉ក​។​
CNN បាន​និយាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា កណ្តឹង​ប្រកាស​អគ្គិភ័យ​បាន​បន្លឺឡើង​នៅក្នុង​បន្ទប់​ព័ត៌មាន​ដើម្បី​ផ្តល់​សញ្ញា​អោយ​ជម្លៀស​មនុស្ស​ភ្លាមៗ​ក្រោយ​ម៉ោង​១០:៣០​យប់​។​

នាយកដ្ឋាន​ប៉ូលិស​ក្រុង​ញូវយ៉ក​បាន​បង្ហោះ Twitter ថា “​ដោយសារតែ​ប៉ូលិស​កំពុង​ស៊ើបអង្កេត​នៅ Columbus Circle, ផ្លូវ​លេខ​៥៨​ប៉ែក​ខាងលិច​ដែល​ស្ថិតនៅ​ចន្លោះ​ផ្លូវ​លេខ​៨​និង​លេខ​៩​គឺ​ត្រូវ​បិទ​ចំពោះ​ចរាចរណ៍​យានយន្ត​និង​អ្នក​ថ្មើរជើង​។ សូម​ចៀសវាង​តំបន់​នេះ​”​។​

នៅ​ប្រហែល​ពាក់​កណ្តាលអធ្រាត្រ CNN បាន​និយាយថា ប៉ូលិស​បាន​បោសសម្អាត​ហើយ​បញ្ជាក់​អោយ​មនុស្ស​ត្រឡប់​ចូលក្នុង​អគារ​វិញ​។​

ការិយាល័យ​នេះ​ធ្លាប់​ត្រូវបាន​ជម្លៀស​កាលពី​ខែតុលា​បន្ទាប់ពី​កញ្ចប់​មួយ​ដែលមាន​ឧបករណ៍​ផ្ទុះ​ត្រូវបាន​គេ​រកឃើញ​។​

ទូរទស្សន៍ CNN ត្រូវបាន​កំណត់​គោលដៅ​ចំពេល​មាន​រលក​នៃ​គ្រាប់បែក​បំពង់​ដែល​ត្រូវបាន​បញ្ជូនទៅអោយ​គូប្រជែង​របស់លោក​ប្រធានាធិបតី Donald Trump ។​

បុរស​ម្នាក់​នៅ​រដ្ឋ Florida ឈ្មោះ Cesar Sayoc ត្រូវបាន​ចាប់ខ្លួន​ពីបទ​បញ្ជូន​គ្រាប់បែក​បំពង់​ហើយ​ត្រូវបាន​គេ​ចោទប្រកាន់​ចំនួន​៣០​ករណី​។ គាត់​ប្រឈមមុខ​នឹង​ការជាប់គុក​អស់​មួយជីវិត​ប្រសិនបើ​ត្រូវបាន​ផ្តន្ទាទោស​៕ AFP


TAG