ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់ U17,U15 និង​នារី រៀបចំ​ពិធី​បើក​នៅ​ថ្ងៃ​សៅរ៍ នេះ​ក្នុង​ទី​រួម​ខេត្តព្រះវិហារ ដោយមាន​៣​គូ​ផ្សេងគ្នា​

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​ប្រកាស​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ជើងឯក​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ (U17) និង​ពានរង្វាន់​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ (U15) និង​បាល់ទាត់​នារី ប្រចាំឆ្នាំ​២០១៨-១៩ ដោយ​រដូវ​កាល​ថ្មី​នេះ​នឹងធ្វើ​ឡើង​នៅ ចាប់ពី​ថ្ងៃ​សៅរ៍ ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ តទៅ​នៅលើ​ទីលាន​កីឡដ្ឋាន​ខេត្តព្រះវិហារ​។

តាម​គម្រោង​ព្រឹត្តិការណ៍​ដែល​មាន​៣​ពានរង្វាន់​ផ្សេងគ្នា​នេះ​នឹង​ផ្សាយ​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍ BTV News នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៨​។ សម្រាប់​ប្រកួត​បើកឆាក​នេះ​ពានរង្វាន់ U15 គឺ ក្រុម​សាលា​តម្រង​ទិស​វិទ្យាល័យ​ត្បែងមានជ័យ​ព្រះវិហារ ប៉ះ​ក្រុម​សាលា​តម្រង​ទិស​ខេត្តសៀមរាប វេលា​ម៉ោង​៩និង៣០​នាទី​ព្រឹក​ថ្ងៃ​សៅរ៍ នេះ​លើ​ទីលាន​វិទ្យាល័យ​ត្បែងមានជ័យ​។ ចំណែក​ពានរង្វាន់ U17 វិញ​ក្រុម​សាលា​តម្រង​ទិស​វិទ្យាល័យ​ត្បែងមានជ័យ​ខេត្តព្រះវិហារ ប៉ះ​ក្រុម​សាលា​តម្រង​ទិស​ខេត្តសៀមរាប ដូចគ្នា​នៅ​វេលា​ម៉ោង​៣​រសៀល លើ​ទីលាន​ជាមួយគ្នា​។ ចំណែក​ក្រុមបាល់ទាត់​នារី​កម្រិត​ទី​១ ក្រុម​ខេត្តបាត់ដំបង ប៉ះ​ស្វាយរៀង​នៅ​ម៉ោង​៧:៣០​នាទី​ព្រឹក​លើ​ទីលាន​ជាមួយគ្នានេះដែរ។

នេះ​ជា​ឆ្នាំ​ទី​២ ដែល​ពានរង្វាន់​ដដែល​នេះ រៀបចំ​ឡើងវិញ​ដែល​ជា​គោលដៅ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្នុង​ទិសដៅ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ក្រុម​ជម្រើសជាតិ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។ យ៉ាង​ណា​ក្តី​ក្រុម​ដែល​បាន​ចូលរួម​គឺ​មាន​តំណាង​រាជធានី​-​ខេត្ត នឹងមាន​ក្រុម​១​ចូលរួម​ជាដាច់ខាត​ដូច​ឆ្នាំ​កន្លងទៅ ដែល​ចេញពី​ថ្នាល​នៃ​សាលា​តម្រង់ទិស​ប្រចាំរាជធានី​-​ខេត្ត​នីមួយៗ​។

គួរ​រំលឹក​ដែរ​ថា​ កាលពី​រដូវ​កាល​២០១៧-២០១៨ កន្លងទៅ​សម្រាប់​ពាន​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ (U16) ចំណាត់ថ្នាក់​ជើងឯក​បាន​ទៅ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី ជើងឯក​រង​បាន​ទៅ​ខេត្ត​ស្វាយរៀង និង​លេខ​៣ បាន​ទៅ​ក្រុម​ខេត្តកោះកុង​។ ចំពោះ​ពាន​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ (U14) វិញ ចំណាត់ថ្នាក់​ជើងឯក​បាន​ទៅ​ក្រុម​ខេត្តព្រៃវែង ហើយ​ក្រុម​ជើងឯក​រង​បាន​ទៅ​ខេត្តកោះកុង ខណៈ​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​ក្រុម​ខេត្តកំពង់ស្ពឺ​។ ដោយឡែក​ពានរង្វាន់​បាល់ទាត់​នារី ជើងឯក​បាន​ទៅ​ក្រុម​ខេត្តបាត់ដំបង ជើងឯក​រង​បាន​ទៅលើ​ខេត្តកំពង់ស្ពឺ និង​លេខ​៣​បាន​ទៅ​ក្រុម​ខេត្តកំពង់ឆ្នាំង​៕