ព័ត៍មានទាន់​ហេតុការណ៏
Search

ចាត់ទុក​សមាគម​បញ្ញវន្ត​មុ​ស្លិ​ម​អាស៊ាន ជា​ឃ្លាំង​ធនធានមនុស្ស​ដ៏​ចាំបាច់ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស

ឥណ្ឌូណេស៊ី​ ៖ ថ្លែង​ក្នុង​កិច្ចប្រជុំ​នៃ​ការបង្កើត​សមាគម​សម្ព័ន្ធ​បញ្ញវន្ត​មុ​ស្លិ​ម​អាស៊ីអាគ្នេយ៍ ដែល​ធ្វើឡើង​នៅ​ក្រុង Lampung កោះ​ស៊ូ​ម៉ា​ត្រា សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ពីថ្ងៃ​ទី ០៦ ដល់ ០៨ ខែធ្នូ ឆ្នាំ​២០១៨ លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធាន​សហភាព​បញ្ញវន្ត​មុ​ស្លិ​ម​កម្ពុជា បាន​លើកឡើងថា ​សមាគម​បញ្ញវន្ត​មុ​ស្លិ​ម​អាស៊ីអាគ្នេយ៍ ICMA ជាឃ្លាំង​ធនធានមនុស្ស​ដ៏​សំខាន់​ចាំបាច់​បំផុត ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​សមាជិក​ប្រកបដោយ​ចីរភាព​។

លោក​បន្ត​ថា តាមរយៈ​សមាជិក​ប្រទេស ICMA យើង​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អោយ​កាន់តែ​ប្រសើរ​ទៀត ស្តី​ពី​បម្លាស់​​ប្ដូរ​បទពិសោធន៍ ជំរុញ​ការ​វិនិយោគ​គ្រប់​ទម្រង់ ក្នុង​ប្រទេស​សមាជិក និង​ការចូលរួម​លើកស្ទួយ​គ្រប់​វិស័យ​នានា ក៏ដូចជា​ការ​អភិវឌ្ឍ​ធនធានមនុស្ស ទាំង​ចំណេះដឹង និង​ការ​ច្នៃប្រឌិត​ផងដែរ​។

ថ្លែង​ទៅកាន់ សមាជិក ICMA លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បាន​ជម្រាប អំពី​សក្តានុពល​វិនិយោគ និង​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ជាពិសេស​កម្ពុ​ជាមាន​ធនធាន​គ្រប់គ្រាន់​ទាំង​វត្ថុធាតុដើម និង​កម្លាំង​ពលកម្ម ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ របស់​សម្តេច​តេ​ជោ បើកទ្វារ​ស្វាគមន៍​ជានិច្ច​ដល់​បណ្តា​វិនិយោគិន​ក្នុង និង​ក្រៅ​តំបន់ មក​បណ្តាក់ទុន​នៅ​កម្ពុជា​។

ការ​លើក​ឡើង​នេះ គឺជា​ការ​ប្តេជ្ញា​រួមគ្នា​ជាមួយ​តំណាង​ប្រទេស​ជា​សមាជិក ICMA ចំនួន​១១ ប្រទេស នៅ​ព្រឹក​ថ្ងៃ​សុក្រ​១៥​រោច ​ខែកត្តិក ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ២០១៨ ឆ្លើយតប​នឹង​ការជំរុញ​យ៉ាង​យកចិត្តទុកដាក់​ទៅកាន់​អង្គប្រជុំ ដោយ លោក YTH Bapak Ir. H. Joko Widodo ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី កាលពី​រាត្រី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស បើក​កិច្ចប្រជុំ ការបង្កើត​សមាគម​សម្ព័ន្ធ​បញ្ញវន្ត​មុ​ស្លិ​ម​អាស៊ីអាគ្នេយ៍៕