ព័ត៍មានទាន់​ហេតុការណ៏
Search

រណសិរ្ស​រំដោះជាតិ​ខ្មែរ នឹងដាក់​លិខិត​ស្នើសុំ​បង្កើត “​គណបក្ស​រំដោះ​ជាតិខ្មែរ​” ទៅ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១២ ខែធ្នូ ខាងមុខ

ភ្នំពេញ​ ៖ ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ​របស់​លោក សម សេរី ដែល​ធ្លាប់​បានធ្វើ​សកម្មភាព​បាច​ខិតប័ណ្ណ​ជា​ញឹកញាប់​នៅ​តាម​បណ្តា​រាជធានី ខេត្ត ជាច្រើន​ទូទាំងប្រទេស​កម្ពុជា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោក​ឡើង​ប្រឆាំង​រដ្ឋាភិបាល​នោះ នឹង​ដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ​នៅ ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខ ដើម្បី​ស្នើ​បង្កើត​គណបក្ស​មួយ ដែលមាន​ឈ្មោះថា “​គណបក្ស​រំដោះ​ជាតិខ្មែរ​” ដោយមាន​លោក សម សេរី ជា​ប្រធាន​។

លោក ធុ​យ វី ដែល​ទទួល​បាន​ការតែងតាំង​ជា​អ្នកនាំពាក្យ​គណបក្ស​រំដោះជាតិ​ខ្មែរ​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី ​កាលពី​រសៀល​ថ្ងៃទី​០៧ ខែធ្នូ ថា លោក​នឹង​យក​លិខិត​ស្នើសុំ​បង្កើត “​គណបក្ស​រំដោះ​ជាតិខ្មែរ​” ទៅ​ដាក់​ជូន​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខ ហើយ “​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ក្រសួង​នឹង​អនុញ្ញាតិ​ឲ្យ​ខ្ញុំ​នូវ​អ្វី​ដែល​ជា​ការ​ចង់បានរ​បស់​រណសិរ្ស​រំដោះជាតិ​ខ្មែរ ហើយ​មាន​សង្ឃឹម​ដដែល​ថា រដ្ឋាភិបាល​លោក​នឹង​សំរួល​ឲ្យ​មានការ​ចុះបញ្ជី​ការ​ជា​ផ្លូវការ​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​”​។

លោក ធុ​យ វី ធ្លាប់​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ចង់​បង្កើត “​គណបក្ស​រំដោះ​ជាតិខ្មែរ​” នេះ ទី​១, ចង់​ស្រាយ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ទី​២, វិបត្តិ​ពេលនេះ​អាចធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រយោជន៍​ជាតិ​យ៉ាង​ធំ ដោយសារ​អន្តរ​ដាក់​ការគាបសង្កត់ ហើយ​យើង​មិន​ចង់​ឲ្យ​មាន​បញ្ហា​នេះ​ទេ យើង​ចង់​ឲ្យ​ប្រទេសជាតិ​យើង​មានការ​រីកចម្រើន​ដូច​បណ្តា​ប្រទេស​លើ​ពិភពលោក។

​សូម​បញ្ជាក់​ថា ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ធ្លាប់​បាន​ធ្វើ​សកម្មភាព​បាច​ខិត​ប័ណ្ណ​ជា​ញឹកញាប់​នៅ​តាម​បណ្តា​រាជធានី ខេត្ត ជាច្រើន​ទូទាំងប្រទេស ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ក្រោក​ឡើង​ប្រឆាំង​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន ហើយ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ព្រះសង្ឃ ប្រជាកសិករ សិស្ស និស្សិត ក្រោក​ឡើង​ប្រឆាំង​របប​គ្រប់គ្រង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​រំដោះ​ជាតិខ្មែរ​ចេញពី​ការគ្រប់គ្រង​មួយ ដែល​គេ​អះអាង​ថា ជាការ​ឈ្លានពាន​របស់​វៀតណាម ហើយ​ពួកគេ​ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ផង​ដែរ។ ពួកគេ​ធ្វើ​សកម្មភាព​ក្នុង​អង្គការ​ចាត់តាំង​ក្រៅច្បាប់​មួយ ដែល​មាន​ឈ្មោះថា រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែលមាន​ឈ្មោះ សម សេរី ហៅ ស សេរី ជា​មេដឹកនាំ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អតីត​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ធ្លាប់​បាន​បញ្ជាក់​ថា រណសិរ្ស​រំដោះជាតិ​ខ្មែរ គឺជា​ក្រុម​អង្គការ​ចាត់តាំង​ក្រៅច្បាប់​មួយ​ដែល​ប្រកាស​ខ្លួនឯង​ដោយ​ខុសច្បាប់ ហើយ​មាន​ទិសដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា។ បេសកកម្ម​របស់គេ គឺ​រំដោះជាតិ សាសនា ប្រជារាស្ត្រ​ខ្មែរ ឲ្យ​មាន​ឯករាជ​ក្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ ពិតប្រាកដ​ពី​អាណានិគម​យួន​ឈ្លានពាន និង​គណបក្ស​ប្រជាជន​កម្ពុជា និង​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។ ចំណុច​មួយទៀត គឺ​បញ្ជាក់​ថា រណសិរ្ស​រំដោះជាតិ​ខ្មែរ មិន​ទទួលស្គាល់​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ច្ចុ​ប្បន្ន។ ដូច្នេះ​តាម​គោលដៅ​របស់​គេ គឺ​ខុសច្បាប់​ទាំងស្រុង​។

នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បញ្ជាក់​ទៀត​ថា សកម្មភាព​របស់​រណ​សិរ្ស​រំដោះជាតិ​ខ្មែរ​កន្លងមក​នេះ គឺ​មាន​ការបង្កើត​កម្លាំង​ប្រដាប់អាវុធ​ខុសច្បាប់ ជាក់ស្តែង​នៅពេល ដែល​អាជ្ញាធរ​ថៃ បាន​ចាប់​ក្រុម​នេះ​មួយចំនួន ដែល​ស្នាក់នៅ​ថៃ​ខុសច្បាប់​បញ្ជូន​មក​កម្ពុជា ហើយ​ពួកគេ​បាន​ឆ្លើយ​សារភាពថា គាត់​បាន​ជ្រើស​រើស​កម្លាំង និង​ហ្វឹកហាត់​កម្លាំង​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​ធ្វើ​សកម្មភាព​អូសទាញ​ពលករ​ខ្មែរ ព្រះសង្ឃ និង​និស្សិត​ខ្មែរ ដែល​ទៅ​រៀនសូត្រ​នៅ​ថៃ ឲ្យ​ចូលរួម​ធ្វើ​សកម្មភាព​គាំទ្រ​ខ្លួន ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​៕