ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​រិះគន់​ចំៗ​ថា​ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​អសមត្ថភាព​បណ្តែតបណ្តោយ​ឲ្យ​ជនជាតិ​ចិន​លើក​យីហោ​ជា​អក្សរ​ចិន​ដោយ​គ្មាន​វត្តមាន​អក្សរ​ជាតិ​យ៉ាង​អនាធិបតេយ្យ

បន្ទាយមានជ័យ ៖ ក្រោម​ក្រសែភ្នែក​ងឿងឆ្ងល់ និង​ការ​គិត​ដោយ​ក្តី​បារម្ភ​ជា​ពន់ពេក​ចំពោះ​អត្តសញ្ញាណ​ជាតិ​ពី​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​ធ្វើ​ការ​រិះគន់​ចំៗ​ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​យីហោ និង​ស្លាក​សញ្ញា​ផ្សេងៗ​ដោយ​បណ្តែតបណ្តោយ​ឲ្យ​ជនជាតិ​ចិន​លើក​យីហោ​ជា​អក្សរ​ចិន​ដោយ​គ្មាន​វត្តមាន​អក្សរ​ជាតិខ្មែរ​យ៉ាង​អនាធិបតេយ្យ​។ ព្រោះថា សព្វថ្ងៃ​នេះ​មាន​ស្លាក​យីហោ ផ្ទាំង​ប៉ាណូ និង​ស្លាក​សញ្ញា​សំគាល់​ទីតាំង​សំណង់ សណ្ឋាគារ កាស៊ីណូ ខុន​ដូ ផ្សារ​ទំនើប ភោជនីយដ្ឋាន ក្លឹប​កម្សាន្ត និង​ផ្សារ​តូចៗ​ភាគច្រើន​ដែល​មាន​ម្ចាស់ ឬ​ថៅកែ​ជា​ជនបរទេស ពិសេស​ជនជាតិ​ចិន គឺ​បាន​លើក​យីហោ ស្លាក​សញ្ញា​នៅ​តាម​ទីតាំង​នីមួយៗ ជា​អក្សរ​បរទេស ឬ​ជា​អក្សរ​ចិន​ធំៗ និង​មាន​ស្លាក​សញ្ញា​ខ្លះ​មាន​សរសេរ​អក្សរ​ខ្មែរ​ខ្លះ​ដែរ​តែមាន​ទំហំ​តូច​ជាង​អក្សរ​បរទេស និង​មាន​ស្លាក​សញ្ញា​ខ្លះទៀត មិនមាន​សរសេរ​អក្សរ​ខ្មែរ​តែម្តង​។ ដោយ​មើលឃើញ​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ពិសេស​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មេត្តា​ចុះ​ត្រួតពិនិត្យ​ការប្រើប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស ពិសេស​អក្សរ​ចិន​នៅ​តាម​យីហោ ផ្ទាំង​ប៉ាណូ និង​ស្លាក​សញ្ញា​សំគាល់​ផ្សេងៗ​នៅ​តាម​ហាង សំណង់​អគារ ឬ​ទីកន្លែង​នានា​ដែល​មាន​ថៅកែ​ជា​ជនបរទេស ពិសេស​ជនជាតិ​ចិន រួមមាន យីហោ​សម្គាល់​ឈ្មោះ កាស៊ីណូ សណ្ឋាគារ ហាង ផ្សារ​ទំនើប ក្លឹប​កម្សាន្ត ភោជនីយដ្ឋាន ក្រុមហ៊ុន និង​ទីតាំង​មួយ​ចំនួន​ទៀត ដែលមាន​ម្ចាស់​ជា​ជនបរទេស ឬ​ជន​ជាតិចិន​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ ក្នុងន័យ​ថែរក្សា អភិរក្ស និង​លើកស្ទួយ​អក្សរ​ជាតិ​។

សូម​រម្លឹក​ថា នា​ពេល​កន្លង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​សេចក្តី​ជូនដំណឹង​ផ្ញើ​ជូន អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត និង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​-​ខេត្ត​ទាំងអស់​ស្តី​ពី​ការកំណត់​ឲ្យ​ប្រើ​ប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស​នៅ​លើ​ផ្ទាំងគំនូរ​សំណង់ ឬ​ស្លាក​សញ្ញា​ផ្សព្វផ្សាយ​នៅ​តាម​ការដ្ឋាន​សំណង់ ដោយ​គោរព​តាម​គោលការណ៍​ណែនាំ​ដូច​ខាង​ក្រោម ១ អក្សរ​ខ្មែរ​ត្រូវ​សរសេរ​ឲ្យ​បាន​ធំ​ជាង​អក្សរ​បរទេស ហើយ​ដាក់​នៅ​ជួរ​ខាងលើ​២​អក្សរ​បរទេស​អាច​សរសេរ​នៅ​ខាងក្រោម និង​មាន​ទំហំ​ពាក់​កណ្តាល​នៃ​អក្សរ​ខ្មែរ​៣​ការ​សរសេរ​អក្សរ​ខ្មែរ ត្រូវ​អនុវត្ត​តាម​វចនានុក្រម របស់​សម្តេចព្រះ​មហាសុមេធាធិបតី​ជោត​ញ្ញា​ណោ ជួន ណាត​ជា​ដាច់​ខាត​៕