ភ្នំពេញ ៖ មនុស្សបីនាក់បានរងរបួសធ្ងន់និងស្រាលព្រមៗគ្នា បន្ទាប់ពីត្រូវបានស្ត្រីម្នាក់បើករថយន្តឆ្លងផ្លូវលឿនពេកមិនបានប្រុងប្រយ័ត្នទើបបណ្ដាលឲ្យបុកម៉ូតូមួយគ្រឿងជិះឌុបគ្នាបីនាក់បណ្តាលឲ្យស្ត្រី២នាក់រងរបួសធ្ងន់បាក់ជើងជាច្រើនកំណាត់និងបុរសម្នាក់រងរបួសស្រាល កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ វេងស្រេង ទល់មុខផ្សារត្រពាំងថ្លឹងស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កម៉ាកលុចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-6697 បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅពីជើងទៅត្បូង។ ចំណែក ម៉ូតូរងគ្រោះ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី២០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FN-7718ជិះគ្នា៣នាក់ ស្ត្រី២នាក់និងបុរសម្នាក់បើកបរក្នុងទិសដៅពីលិចទៅកើតរងរបួសធ្ងន់២និងស្រាលម្នាក់ជាអ្នកបើកបរ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី ២០១៦ ពណ៌ខ្មៅ ជិះគ្នា ៣នាក់ ក្នុងនោះយុវជនម្នាក់និងស្ត្រី២នាក់ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះបើកមកដល់ចំណុចកើតហេតុកន្លែងផ្លូវកែងមុខផ្សារត្រពាំងថ្លឹងស្រាប់ តែមានរថយន្តម៉ាកលុចស៊ីសRX300 ពណ៌សពាក់ស្លាកលេខខាងលើបើកបរឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនដោយ មិនបន្ថយល្បឿនហើយបានបុកម៉ូតូរងគ្រោះ ចំទទឹងតួម៉ូតូពេញទំហឹងបណ្តាលចំចំហៀងខាងឆ្វេង និង បណ្តាលឲ្យដួលម៉ូតូខ្ទាត។
ប្រភពបន្ដថា ពេលនោះជនរងគ្រោះទាំង៣នាក់បានខ្ទាតចេញពីម៉ូតូ ចំណែកនារីជិះកណ្តាលបាក់ជើងជា២កំណាត់រងរបួសធ្ងន់ ចំណែកតៃកុងម៉ូតូរងរបួសស្រាល។ ខណៈពេលគ្រោះថ្នាក់ភ្លាមជនរងគ្រោះទាំង ៣នាក់ ត្រូវបានរថយន្តសាមុយឯកជនសម្ភពរស្មីបានដឹកយកទៅសង្គ្រោះ ភ្លាមៗផងដែរចំណែកឯតៃកុង រថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋឃាត់ឲ្យសមត្ថកិច្ចភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានប្រគល់ឲ្យជំនាញចរាចរណ៍ការិយាល័យផ្លូវគោកនៃស្នងការដ្ឋាន រាជធានីភ្នំពេញធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូព្រមទាំងយកអ្នកបើកបរទៅសាកសួរដើម្បីកសាងឯកសារដោះស្រាយគ្នាតាមផ្លូវច្បាប់៕