ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មាន​សុទិដ្ឋិនិយម​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី រវាង​កម្ពុជា វៀតណាម នឹង​សម្រេចបាន ៥​ពាន់​លាន​ដុល្លារ

ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍ថា​គោលដៅ ៥ ពាន់​លាន​ដុល្លារ សម្រាប់​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស កម្ពុជា​-​វៀតណាម គឺជា​គោលដៅ​អាទិភាព​ដែល​នាយករដ្ឋមន្ត្រី​ទាំងពីរ​ចង់បាន ហើយ​សម្តេច​សង្ឃឹមថា យើង​នឹង​សម្រេច​នូវ​គោលដៅ​នេះ។ ​ឯ​បញ្ហា​សេសសល់ ទៅលើ​បញ្ហា​ព្រំដែន​យើង​ក៏បាន​ខិតខំ​ដោះស្រាយ ហើយ​ថ្ងៃនេះ​ក៏បាន​រក​ឃើញ​នូវ​ចំណុច​ដើម្បី​ជំរុញ​ការដោះស្រាយ​បន្ត​ដើម្បី​បញ្ចប់​កិច្ចការងារ​នេះ​ឲ្យ​បាន​ឆាប់​ថ្លែង​នៅក្នុង​សន្និសីទ​រួមគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម ក្រោយ​ជំនួប​ពិភាក្សា​ទ្វេភាគី​ដែល​បានធ្វើ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម នា​ព្រឹក​ថ្ងៃទី ៧ ខែធ្នូ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ​អ្វី​ដែល​ជា​លទ្ធផល​ធំ​បំផុត​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ការ​ពង្រឹង​និង​ពង្រីក​ជា​បន្ត​ទៅ​ទៀត​នៃ​ចំណង​ទាក់ទង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំងពីរ។ កិច្ចព្រមព្រៀង​និង​អនុស្សរណៈ​ដែល​យើង​បាន​ចោទ​ទៅលើ​ថា មិនមែន​ជា​ការ​ចាប់ផ្ដើម​ទេ ​នេះ​គឺជា​ការ​បន្ត​ការពង្រឹង​និង​ពង្រីក​តទៅទៀត​នូវ​កិច្ច​ការដែល​យើង​ត្រូវធ្វើ​ដើម្បី​ជំរុញ​ទំនាក់ទំនង​នេះ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង។

សម្តេច​តេ​ជោ​បាន​បន្តថា​គោលដៅ ៥ ពាន់​លាន​ដុល្លារ សម្រាប់​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​គឺជា​គោលដៅ​អាទិភាព​ដែល​នាយករដ្ឋមន្ត្រី​ទាំងពីរ​ចង់បាន ហើយ​ខ្ញុំ​សង្ឃឹមថា​យើង​នឹង​សម្រេច​នូវ​គោលដៅ​នេះ។ ​បញ្ហា​សេសសល់​ទៅលើ​បញ្ហា​ព្រំដែន​យើង​ក៏បាន​ខិតខំ​ដោះស្រាយ ហើយ​ថ្ងៃនេះ​ក៏បាន​រកឃើញ​នូវ​ចំណុច​ដើម្បី​ជំរុញ​ការ​ដោះស្រាយ​បន្ត​ដើម្បី​បញ្ចប់​កិច្ចការងារ​នេះ​ឲ្យ​បាន​ឆាប់។ សូម​ជម្រាប​អ្នកសារព័ត៌មាន​ឲ្យ​បាន​ជ្រាប​ថា ​យុទ្ធសាស្ត្រ​ធំ​ពីរ​របស់ខ្ញុំ​កំពុង​ត្រូវបាន​អនុវត្ត​យុទ្ធសាស្ត្រ​ទី​១ គឺ​ការ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យក្លាយ​ទៅជា​ទីផ្សារ​និង​តំបន់​អភិវឌ្ឍន៍ យុទ្ធសាស្ត្រ​នេះ​កំពុង​សម្រេចបាន​ជោគជ័យ​យ៉ាង​ធំធេង។ យុត្តិសាស្ត្រ​ទី​២ គឺ​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ទាំងអស់​ឲ្យ​ក្លាយទៅជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ​និង​ការអភិវឌ្ឍ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា សម្តេច​ពិតជា​មានការ​រីករាយ​ដោយ​ព្រំដែន​កម្ពុជា​វៀតណាម​បច្ចុប្បន្ន​នេះ​ក្លាយទៅជា​ព្រំដែន​មិត្តភាព​ ហើយ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​ខ្លាំង​មាន​កន្លែង​មួយចំនួន​ដែល​ជា​អតីត​សមរភូមិ​កំពុង​ក្លាយទៅជា​ទីផ្សារ​រួចស្រេច​ទៅ​ហើយ​។ ចំណុច​ដែល​អស់លោក​អាច​ឃើញ​ថ្ងៃនេះ​ប្រមាណ​ជាង​មួយ​ភាគ​បី​នៃ​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​រួម​ដំណើរ​ជាមួយ​ខ្ញុំ​មកកាន់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដែល​បង្ហាញ​ឲ្យ​ឃើញថា​យើង​មាន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​។ ខ្ញុំ​សង្ឃឹមថា​ឆ្លងកាត់​តាម​ទស្សនកិច្ច​នេះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ប្រសើរ​ទាំង​ក្របខណ្ឌ​បក្ស ក្របខណ្ឌ​រដ្ឋ ក្របខណ្ឌ​អង្គការ​មហាជន ក្របខណ្ឌ​ប្រជាជន​និង​ប្រជាជន។

លោក ង្វៀន សួន​ហ៊្វុក នាយករដ្ឋមន្ត្រី​វៀតណាម បាន​មានប្រសាសន៍ថា នៅ​ឆ្នាំ២០១៨ ប្រទេស​វៀតណាម​បាន​ឈរ​លំដាប់​ទី​២ ជា​ប្រទេស​ដែលមាន​ភ្ញៀវទេសចរ​ទៅកាន់​ប្រទេស​កម្ពុជា​ស្មើនឹង​ប្រមាណ ៥​សែន​នាក់​។ ការ​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ព្រំដែន​ដែល​បាន​បោះបង្គោល​សម្រេចបាន​ចំនួន ៨៤ ភាគរយ ទាំងនេះ គឺជា​សក្ខីភាព​បញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ធំធេង​របស់​ប្រទេស​ទាំងពីរ​ក្នុងការ​កសាង​ខ្សែ​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ។

លោក​បន្ត​ថា ខ្ញុំ​និង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ឯកភាព​ដាក់ចេញ​នូវ​ផែនការ​សហ​ប្រតិបត្តិកា​រ​ជាមួយគ្នា​តាម​ពាក្យស្លោក​ប្រទេសជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​នយោបាយ​និង​សន្តិសុខ ដើម្បី​រក្សា​នូវ​ស្ថិរភាព​រវាង​ប្រទេស​ទាំងពីរ និង មិត្តភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ទប់ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។​ល​។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ដែល​បាន​អញ្ជើញ​សម្តេច​និង​គណៈប្រតិភូ​កម្ពុជា​មក​ទស្សនកិច្ច​នៅ​វៀតណាម​និង​បាន​ទទួល​សម្តេច​យ៉ាង​កក់ក្តៅ​។

ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​១៩៦៧ តែ​ត្រូវ​បាន​កាត់​ផ្តាច់​នៅ​ខែមីនា​ ឆ្នាំ​១៩៧០ និង​បាន​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ នៅ​ខែមករា ឆ្នាំ​១៩៧៩​។ វៀតណាម​និង​កម្ពុជា គឺជា​ប្រទេស​ដែល​មាន​ភូមិ​ផង​របង​ជាមួយគ្នា មាន​ព្រំប្រទល់​រួមគ្នា​ប្រវែង​ប្រមាណ​ជាង​១​ពាន់​២៧០​គីឡូម៉ែត្រ​។ ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ប្រមុខ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ទៅកាន់​ប្រទេស​វៀតណាម​នៅពេលនេះ គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ពិសេស​ការខិតខំ​រួមគ្នា ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខ​តាម​ព្រំដែន និង​កិច្ចសហប្រតិបត្តិការ​ដ​ទៃទៀត ដែល​ភាគី​ទាំងពីរ​ធ្លាប់​បានធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា កាលពីពេល​កន្លងមក ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង​ថែមទៀត។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​វៀតណាម​គឺជា​ដៃគូ​វិនិយោគ​ធំ​បំផុត​ទី​៥ របស់​កម្ពុជា ហើយ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​នៅ​ប្រទេស​កម្ពុ​ជា​មាន​ប្រមាណ ២០៦ គម្រោង ស្មើនឹង​ទឹកប្រាក់ ៣,០២ ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ក្រុមហ៊ុន​របស់​កម្ពុជា វិនិយោគ​នៅ​ប្រទេស​វៀតណាម មាន​ត្រឹមតែ ១៨ គម្រោង ស្មើនឹង​ទឹកប្រាក់ ៥៨,១​លាន​ដុល្លារ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា។ ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​និង​វៀតណាម​វិញ​គឺ​នៅក្នុង​ឆ្នាំ​២០១៧ ប្រទេស​ទាំងពីរ​សម្រេច​បាន​ចំនួន​ប្រមាណ ២,១៣ ពាន់​លាន​ដុល្លារ​អាមេរិក​កើនឡើង​ប្រមាណ ៣០% ធៀប​នឹង​ឆ្នាំ ២០១៦​។ ការ​នាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​នៅ​មាន​ទំហំ​តូច​គឺ​ក្នុង​ឆ្នាំ ២០១៧ មាន​ចំនួន ៣៤២ លាន​ដុល្លារ​អាមេរិក​។ ចំណែក វៀត ណា​ម វិញ នាំ​ចូលមក​កម្ពុជា​ក្នុង​ឆ្នាំ ២០១៧ មាន​ចំនួន​ដល់​ទៅ​ប្រមាណ ១,៨ ពាន់​លាន​ដុល្លារ​អាមេរិក​៕