ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ចង់​ឲ្យ​សមាគម វៀតណាម -​កម្ពុជា បន្ត​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា -​វៀតណាម

ភ្នំពេញ ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានស្នើ​ឲ្យ​សមាគម វៀតណាម​-​កម្ពុជា បន្ត​ខិតខំ​ពង្រីក​សកម្មភាព​របស់​ខ្លួន​ក្នុង​ការ​បន្ត​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។

លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិ​ភ​អម​នាយករដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានស្នើ​ឡើង​យ៉ាង​ដូច្នេះ ខណៈ​សមាគម វៀតណាម​-​កម្ពុជា បានមក​ចូល​ជួប​សំដែង​ការគួរ​សមនឹង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុង​ឱកាស​សម្តេច​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។

នៅក្នុង​ជំនួប​នេះ លោក​ប្រធាន​សមាគម វៀតណាម​-​កម្ពុជា បាន​គោរព​ជំរាប​ជូន​សម្តេច​តេ​ជោ​ថា សមាគម​វៀតណាម​-​កម្ពុជា គឺ​មាន​សមាជិក​ច្រើន​ដែល​ធ្លាប់​ធ្វើការ​នៅ​កម្ពុជា​ឬ​ជា​កូន ជា​ចៅ អតីត​កម្មាភិបាល​កង​ទ័ព​វៀតណាម ដែល​ធ្លាប់​បាន​ចូលរួមចំណែក​ជួយ​រំដោះប្រទេស​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។

​ជំនួប​សម្តែង​ការគួរសម​នេះ​ក្នុង​គោលដៅ​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ជាពិសេស​សមាគម​ធ្លាប់​ជួប​ជាមួយ​សម្តេច​ពីមុន​ហើយ​ដែរ ហើយ​ការ​ជួប​ជាមួយ​សម្តេច​នៅពេលនេះ សម្តេច​បាន​បើក​ច្រក​ឲ្យ​សមាជិក​នៃ​សមាគម បាន​ស្រាវជ្រាវ​អំពី​កូនចៅ អតីត​កម្មាភិបាល កងទ័ព​វៀតណាម ដែល​បាន​បាត់បង់​គ្រួសារ សាច់ញាតិ ទាំង​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅ​វៀតណាម​ផងដែរ​។

​លោក​ប្រធាន​សមាគម ក៏បាន​រាយការណ៍​ជូន​សម្តេច​ថា សមាគម នេះ បាន​ដើរ​តួនាទី​យ៉ាងច្រើន ទាំង​នៅក្នុង​ប្រទេស​វៀតណាម និង​កម្ពុជា ជាពិសេស​បាន​រួម​ចំណែក ក្នុងការ​ពង្រឹង​ទំនាក់ទំនង នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ ហើយ​សមាគម​នេះ ក៏មាន​អតីត​ដែលជា​ឯកអគ្គរដ្ឋទូត​វៀតណាម​ធ្លាប់​ប្រចាំ​នៅ​កម្ពុជា​ផងដែរ​។

​សម្តេច​តេ​ជោ​ក៏​ជម្រាប​ជូន ប្រតិភូ​សមាគម វៀតណាម​-​កម្ពុជា ពី​ការ​រីកចម្រើន​របស់​សមាគម និង​បាន​សុំ​ឲ្យ​សមាគម បន្ត​ខិតខំ​ពង្រីក​សកម្មភាព​របស់​ខ្លួន​ក្នុង​ការបន្ត​គាំទ្រ ដល់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ​៕