ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ប្រាប់​សម​ភាគី វៀតណា​ម ថា កម្ពុជា​គ្មាន​មូលដ្ឋានទ័ព​បរទេស​ទេ​

ភ្នំពេញ ​៖ ​នៅក្នុង​សន្និសីទ​រួមគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម​ ក្រោយ​ជំនួប​ពិភាក្សា​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​ព័ត៌មាន​ថា ក្នុង​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ​សម្តេច​បាន​ប្រាប់​សម​ភាគី​វៀតណាម​ថា កម្ពុជា​គ្មាន​មូលដ្ឋាន​កងទ័ព​បរទេស​នោះ​ទេ វា​គ្រាន់តែ​ជា​ព័ត៌មាន​ចចាមអារ៉ាម ព័ត៌មាន​មិន​ពិត ព័ត៌មាន​ភូតកុហក និង​ជា​ព័ត៌មាន​បំផ្លិចបំផ្លាញ​។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​នៅ​ចំពោះមុខ​អ្នក​ព័ត៌មាន​ក្នុង​សន្និសីទ​រួមគ្នា​នោះ​ថា «​មានរឿង​មួយ​ដែល​ខ្ញុំ​គួរ​ជម្រាប​អ្នក​ព័ត៌មាន​ឲ្យ​បាន​ជ្រាប​ច្បាស់​ថា​ ក្នុង​រយៈពេល​ប្រមាណ​ជាង​១​ខែ​កន្លងទៅ​នេះ មានការ​ឃោសនា​ច្រើន​អំពី​ការ​ត្រៀម​រៀបចំ​ដើម្បី​កសាង​មូលដ្ឋាន​យោធា​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​ក៏បាន​ជម្រាប​ជូន​ថ្ងៃនេះ​ជូន​ឯកឧត្តម ង្វៀន សួន​ហ៊្វុក និង​គណៈប្រតិភូ​វៀតណាម​ឱ្យបាន​ជ្រាប​អំពី​ព័ត៌មាន​មិន​ពិត​ហើយ​ជា​ការ​កុហក​និង​បំផ្លិចបំផ្លាញ។ ខ្ញុំ​សូម​បញ្ជាក់​ជូន​នៅទីនេះ​បន្ថែមថា រដ្ឋធម្មនុញ្ញ​របស់​ក​ម្ពុ​ជា​មិន​អនុញ្ញាត​អោយមាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​កម្ពុជា​នោះទេ ហើយក៏​មិន​អនុញ្ញាត​ឲ្យ​កងទ័ព​កម្ពុជា​ចេញទៅ​ក្រៅ​ប្រទេសក្រៅ​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​ដែរ​»។

សម្តេច​តេ​ជោ​បាន​បន្ត​ថា ចំណុច​នេះ​វា​មិនមែន​ជា​បញ្ហា​ដាច់ដោយឡែក​របស់​កម្ពុ​ជា​នោះ​ទេ វា​ក៏​អាច​ក្លាយទៅជា​កង្វល់​របស់​ប​ណ្ដា​ប្រទេសជិតខាង ក៏ដូចជា​ប្រទេស​ក្នុង​តំបន់​ផង​ដែរ។ ប្រសិនជា​ការឃោសនា​នេះ​នៅតែ​បន្តទៅទៀត ហើយ​ខ្ញុំ​សង្ឃឹមថានឹង​បញ្ចេញ​នូវ​ពាក្យ​អាចាម​អារាម​ដ៏​អាក្រក់​មួយ​នេះ​សម្រាប់​កម្ពុជា។ លោក ង្វៀន សួន​ហ៊្វុ​ក បាន​អរគុណ​ចំពោះ​ខ្ញុំ​ចំពោះ​ព័ត៌មាន​នេះ​នូវ​ការ​បញ្ជាក់​អះអាង​របស់ខ្ញុំ​ជូន​ចំពោះ​គាត់​អំពី​បញ្ហា​ព័ត៌មាន​ខាងលើនេះ។

សូម​បញ្ជាក់​នៅ​ខែ​មុននេះ ព័ត៌មាន Asia Time បាន​ចុះផ្សាយ​ដោយ​លើកឡើង​ថា កម្ពុជា​កំពុង​ផ្តល់​មូលដ្ឋាន​សម្រាប់​កងទ័ព​ចិន​។ ព័ត៌មាន​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកជា​ព័ត៌មាន​ចេតនា​ទុច្ចរិត​មួយ​ក្នុង​ការ​បង្ក​ការភ័ន្តច្រឡំ​ភាព​អ​ព្យា​ក្រឹត្យ និង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា ក៏ដូចជា​ចង់​អូស​កម្ពុជា​ទៅក្នុង​វិបត្តិ​ណាមួយ​ដែលជា​បំណង​ដ៏​ពិសពុល​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏ដូចជា​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ចេញ​មក​ច្រានចោល​ជា​បន្តបន្ទាប់ និង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ពី​ជំហរ និង​នយោបាយ​ពាក់ព័ន្ធ​លើ​វិស័យ​យោធា​នៅ​កម្ពុជា​៕