ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​សាទរ​ចំពោះ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ពិសេស​កាន់​តែ​មាន​ប្រសិទ្ធភាព នូវ​ប្រព័ន្ធ​កម្មសិទ្ធិបញ្ញា

ភ្នំពេញ ៖ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី​ចម ប្រសិទ្ធ បាន​ថ្លែង​នូវ​ការ​សាទរ​និង​គាំទ្រ​ចំពោះ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ប្រព័ន្ធ​កម្មសិទ្ធិបញ្ញា​ពិសេស​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​លើ​ការងារ​អនុវត្តន៍​នៅ​កម្ពុជា​។ លោក កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ថ្លែង​បែបនេះ​ខណៈ​ទទួល​ជួប​សំណេះសំណាល​និង​ពិភាក្សា​ការងារ​ជាមួយ​លោក Juneho Jang នាយក​ជាន់ខ្ពស់​ប្រចាំ​តំបន់​ផ្នែក​អភិវឌ្ឍន៍​ព័ត៌មានវិទ្យា (IT)​នៃ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) នៅ​រសៀល​ថ្ងៃទី ព្រហស្បតិ៍ ១៤ រោជ ខែកត្តិក ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ ២០១៨ នៅ​ទីស្តីការក្រសួង។

ក្នុង​ជំនួប​នោះ​ដៃគូ​សន្ទនា​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​មួយចំនួន​មាន​ដូច​ជា គម្រោង​ជំនួយ​បច្ចេកទេស​របស់​អង្គការ WIPO ទាក់ទង​និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា​-​ការបណ្តុះបណ្តាល​មន្ត្រី​ក្រសួង​ឲ្យ​ចេះ​ប្រើ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្នែក​កម្មសិទ្ធិ​ឧស្សាហកម្ម (IPAS) -​និង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យា​(IT) សម្រាប់​ប្រព័ន្ធ​កម្មសិទ្ធិ​ឧស្សាហកម្ម ជាដើម។

លោក Juneho Jang នាយក​ជាន់ខ្ពស់​ប្រចាំ​តំបន់​ផ្នែក​អភិវឌ្ឍន៍​ព័ត៌មានវិទ្យា នៃ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO)​បាន​ថ្លែង​ថា អង្គការ WIPO បានរៀបចំ​ដំឡើង​ប្រព័ន្ធ IPAS ដល់​នាយកដ្ឋាន​កម្មសិទ្ធិ​ឧស្សាហកម្ម នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ចាប់តាំងពី​ឆ្នាំ២០១៤ ក្នុង​ដំណាក់កាល​មូលដ្ឋាន​សម្រាប់​ប្រើប្រាស់​ជា​រដ្ឋបាល​ផ្នែក​កម្មសិទ្ធិ​ឧស្សាហកម្ម (Industrial Design) និង​ប្រកាសនីយបត្រ​តក្កកម្ម (Patent)។

លោក​បន្ត​ថា ​អង្គការ WIPO បាន​ដំឡើង Software នៃ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​កម្មសិទ្ធិ​ឧស្សាហកម្ម (IPAS) ដល់​នាយកដ្ឋាន​កម្មសិទ្ធិ​ឧស្សាហកម្ម ព្រមទាំង​ការបណ្តុះបណ្តាល​មន្ត្រី និង​បញ្ជូន​អ្នកជំនាញការ​មក​ត្រួតពិនិត្យ និង​បង្ហាត់បង្រៀន​ផងដែរ។

លោក កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី​ចម ប្រសិទ្ធ បាន​សម្តែង​ការ​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ដល់​អង្គការ WIPO ចំពោះ​កិច្ចសហការ​ល្អ និង​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​សម្រាប់​ការ​ពង្រឹង​វិស័យ​កម្ម​សិទ្ធ​បញ្ញា​នៅ​កម្ពុជា។ នៅក្នុង​ឱកាស​នោះ​ផង​ដែរ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី​ចម ប្រសិទ្ធ បានសម្រេច​ចិត្ត​ភ្លាមៗ តាម​ការ​ផ្តល់​គំនិត​របស់​តំណាង​អង្គការ WIPO ក្នុងការ​ដំឡើង Server ចំនួន​ពីរ​គ្រឿងក្នុង​ក្រសួង ជា​ប្រយោជន៍​សម្រាប់​សុវត្ថិភាព​ក្នុង​ការ​ផ្ទុក និង​រក្សា ឯកសារ​ទិន្នន័យ​ផ្នែក​កម្មសិទ្ធិបញ្ញា​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ។ ជា​ប្រយោជន៍​សម្រាប់​ការតភ្ជាប់​វិស័យ​កម្មសិទ្ធិបញ្ញា​ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយ ឬ ពី​កម្ពុជា ទៅ​អង្គការ WIPO។ ម្យ៉ាងទៀត​ជា​ការ​ទាញ​ទំនុកចិត្ត និង​ជំរុញ​ឲ្យ​វិស័យ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា មាន​ភាព​ជឿនលឿន​ទាន់​និង​ការ​វិវឌ្ឍន៍​នៃ​ចរន្ត​ពិភពលោក ដែល​ការតភ្ជាប់​ផ្នែក​បច្ចេកវិទ្យា​មាន​សារៈសំខាន់​សម្រាប់​ការប្រកួតប្រជែង​ទីផ្សារ និង​កំណើនសេដ្ឋកិច្ច។

ក្នុង​ឱកាស​នោះ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​ស្នើ​ដល់​តំណាង​អង្គការ WIPO បន្ត​ជួយ​ជំនួយ​បច្ចេកទេស ជាពិសេស​ការ​បណ្តុះ បណ្តាល​មន្ត្រី​ឲ្យ​មាន​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា ដូចជា​ ឲ្យ​ចេះ​ការប្រើប្រាស់ និង​គ្រប់គ្រង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​កម្មសិទ្ធិ​ឧស្សាហកម្ម ( IPAS) -​និង​ការអភិវឌ្ឍន៍​ប្រព័ន្ធ Online សម្រាប់​ការ​បោះពុម្ពផ្សាយ​កម្មសិទ្ធិ​ឧស្សាហកម្ម (Industrial Design) និង​ប្រកាសនីយបត្រ​តក្កកម្ម (Patent)​ជាដើម៕