ព័ត៍មានទាន់​ហេតុការណ៏
Search

ខឹង​អា​រឿង​ផឹក​ស៊ី​ស្រែក​ឡូឡា​ ទាញ​ដាវ​កាប់​របួសធ្ងន់​ចូល​ដេក​ពេទ្យ​ ក្រោយពី​កាប់​ហើយ​ចូល​ដេក​គុក

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ខឹង​គេ​ផឹក​ស៊ី​ស្រែក​ឡូឡា​រំខាន​ដល់​ខ្លួន​បាន​យក​ដាវ​កាប់​ទៅលើ​ជនរងគ្រោះ​ដេរ​២៤​ថ្នេរ ​ក្រោយពី​ធ្វើ​សកម្មភាព​រួច​មិនបាន​មួយ​ដង្ហើមចង្រិត​ផង​ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ ​នៅ​ចំណុច​អគារ​ថ្មី ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ សមត្ថកិច្ច​ប្រចាំ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​មានឈ្មោះ​និគម ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ​គ្មាន​។

សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​នៅ​មុន​ពេល​កើតហេតុ​នោះ​ជនរងគ្រោះ​មានឈ្មោះ​សុន​ជំនោរ ​អាយុ​២៧​ឆ្នាំ​ ភេទ​ប្រុស​ រស់នៅ​ភូមិ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារកណ្តាល​ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​មុខរបរ​គ្មាន ​បាន​ផឹក​ស៊ី​ស្រែក​ឡូឡា​នៅមុខ​បន្ទប់​ខ្លួន​ដោយ​ខ្លួន​ទ្រាំ​មិនបាន​និង​ការ​ស្រែក​ឡូឡា​បាន​យក​ដាវ​ទៅ​ចាប់​ជនរងគ្រោះ​ចំ​ដើមទ្រូង​បណ្តាល​ឲ្យ​របួសធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដេរ​ឡើង​២៤​ថ្នេរ​ ចំណែក​ជន​ដៃដល់​វិញ​ក្រោយពី​ធ្វើ​សកម្មភាព​ហើយ​គេចខ្លួនបាត់​។

លុះដល់​ថ្ងៃ​ដដែល​ទើប​ជនរងគ្រោះ​មក​ប្តឹង​រាយ​ការណ៍​សុំ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ជនល្មើស​ដាក់ទោស​តាមច្បាប់​។​លុះដល់​ថ្ងៃទី​៧ ខែធ្នូ​២០១៨​ម៉ោង​៣​រសៀល​ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​។ ក្រោយពី​ឃាត់ខ្លួន​ហើយ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​សាកសួរ​នៅ​អធិការ​ហើយ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ពិត​ប្រាកដ​មែន​ដោយ​ខឹង​នឹង​គេ​ផឹក​ស៊ី​ឡូឡា​នៅមុន​បន្ទប់​ខ្លួន​។​ ដោយ​បាន​ចំលើយ​ហើយ​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​ស្នងការ​ខេត្ត​ និង​​បន្ត​ឲ្យ​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕