ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ លី​ សារី​ បាន​ចូលរួម​ទិវា​អន្តរជាតិ​នៃ​អ្នកស្ម័គ្រចិត្ត ក្រោម​ប្រធានបទ អ្នក​ស្ម័គ្រ​ចិត្ត​កាកបាទក្រហម​ដើម្បី​សហគមន៍

បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ​នៅ​សាលា​វិទ្យាល័យ​ស្វាយចេក ស្ថិត​ក្នុងភូមិ ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ លោក​លី​ សារី​ អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​គណៈក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ លោក​ឈើ​យ​ ចាន់ណា សមាជិក​ព្រឹត្តិ​សភា​ខេត្តបន្ទាយមានជ័យ និង​សមាជិក​សាខា​កាកបាទក្រហម និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​ផង​ដែរ​។

ក្នុង​ទិវា​អន្តរជាតិ​នៃ​អ្នកស្ម័គ្រចិត្ត ក្រោម​ប្រធានបទ អ្នក​ស្ម័គ្រ​ចិត្ត​ដើម្បី​សហគមន៍​នោះ លោក​ ឡាច​ប៊ុន​លឺ​ម អនុប្រធាន​កិត្តិយស​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​ខេត្ត បាន​មាន​ប្រសាសន៍​ថា ​ថ្ងៃនេះ​ក្នុងនាម​លោក​អនុប្រធាន​កិត្តិយស​គណៈក​ម្មា​ធិ​ការ​សាខា​ខេត្ត ​សូម​លើក​ទឹក​ចិត្ត​ដល់​អ្នក​ក្រុម​ស្ម័គ្រចិត្ត​ក្នុង​ការ​បេសកកម្ម​មនុស្សធម៌​ជួយ​ដល់​សហគមន៍​ ដើម្បី​ឆ្លើយតប​គ្រោះមហន្តរាយ​ផ្សេងៗ​។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តបន្ទាយមានជ័យ ជា​សាខា​មួយ​ក្នុងចំណោម​សាខា​ទាំង​២៥​រាជធានី ខេត្ត​។ សាខា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ឆ្នាំ​១៩៩០​ស្ថិតនៅ​អាណត្តិ​ទី​២ របស់​សហគមន៍​ជាតិ​កាកបាទក្រហមកម្ពុជា​ឆ្នាំ​១៩៩៨ ក្រោម​ការដឹកនាំ​របស់​លោកជំទាវ​ប៊ុន​រ៉ា​ន ហ៊ុនសែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា ហើយ​នៅ​ឆ្នាំ​១៩៩២​កម្មវិធី​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​មាន​ភារកិច្ច​ជួយ​ដល់​អ្នករងគ្រោះ​មហន្តរាយ មនុស្សធម៌ ការងារ​អភិវឌ្ឍន៍​ស្ថាប័ន និង​អភិវឌ្ឍន៍ ហើយ​ក្នុង​វិស័យ​ទាំង​៤​នេះ​មិនអាច​ខ្វះ​បាន​។ រាល់​ថ្ងៃ​នេះ​នៅ​ខេត្តបន្ទាយមានជ័យ​នេះ​មាន​អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​សរុប​មាន​ចំនួន​ជាង​១.០០០​នាក់​ កំពុង​ធ្វើ​សកម្មភាព​ប្រកបដោយ​ឆ​ន្ទៈ​។ អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​មាន​ភារកិច្ច​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​ដូចជា​គ្រោះមហន្តរាយ គ្រួសារ​ក្រីក្រ ចាស់ជរា កុមារ​កំព្រា​ផ្ទុក​មេរោគ​អេដស៍​។

ក្នុង​នោះ​ដែរ ​លោក​ លី​ សារី ​បាន​មាន​ប្រសាសន៍​ដែរ​ថា ​លោក​បាន​ធ្វើ​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​ទាំងអស់​ ដែល​ខិតខំ​ធ្វើ​សកម្មភាព​មនុស្សធម៌​របស់​សាខា​កាកបាទក្រហម​ក្នុង​ឆ្នាំ​២០១៨​នេះ​កន្លងមក​ក្នុង​វិស័យ​ការ​គ្រប់​គ្រង​គ្រោះមហន្តរាយ វិស័យ​សុខភាព​និង​ថែរក្សា​សុខភាព​ក្នុង​សហគមន៍ វិស័យ​លើក​កំពស់​គោល​ការ​ណ៍​គ្រឹះ​និង​តំលៃ​មនុស្សធម៌​របស់​ចលនា ការងារ​អភិវឌ្ឍន៍​ស្ថាប័ន​ និង ​ការ​អភិវឌ្ឍ​ន៍​ធនធាន​។ ហើយ​ក្នុងនាម​លោក​ជា​ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​ចំពោះ​យុវជន និង​ស្ម័គ្រចិត្ត​កាកបាទក្រហម​ទាំង​ត្រូវ​ពង្រឹង​ឆន្ទៈ មនសិការ ចូលរួម​មនុ​ស្សធ​ម៌​តាម​រយៈ ការ​ស្ម័គ្រចិត្ត ឲ្យ​បាន​ស័ក​សម​ដូច​ពាក្យ ស្លោ​កថា អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​គឺជា​ឆ្អឹងខ្នង​របស់​ចលនា និង​យុវជន​កាកបាទក្រហម​កម្ពុជា​គឺជា​ភ្នាក់ងារ​នែ​ការផ្លាស់ប្តូរ​៕