ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រីជាន់ខ្ពស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កាន់​អត្តសញ្ញាណប័ណ្ណ​គំរូ​ចាស់​និង​ពលរដ្ឋ​គ្រប់​អាយុ​រួសរាន់​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី

ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​អគ្គនាយក​ដ្ឋា​ន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​គំរូ​ចាស់​និង​ពលរដ្ឋ​គ្រប់​អាយុ​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ឲ្យ​បាន​គ្រប់ៗ​គ្នា​ខណៈ​កាលបរិច្ឆេទ​នឹង​ផុតកំណត់​នៅ​ថ្ងៃទី​៣១ ​ខែធ្នូ​ ឆ្នាំ​២០១៨ ​ខាងមុខនេះ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឃៀង សុគន្ធា ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​បាន​ថ្លែង​កាលពី​ថ្ងៃទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៨ ​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងពីរ​ភេទ ​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​គំរូ​ចាស់​និង​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ ១៥​ឆ្នាំ​ឡើង​ដែល​ពុំ​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ត្រូវ​រួសរាន់​ទៅ​បំពេញបែបបទ​ស្នើសុំ​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ ដើម្បី​ធានា​នូវ​សិទ្ធិ​សេរីភាព​និង​ផលប្រយោជន៍​ស្របច្បាប់​ផ្ទាល់ខ្លួន​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឃៀវ សុគន្ធា​បាន​មានប្រសាសន៍ថា​ ការជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​នេះ​ ដោយសារតែ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​នឹង​ត្រូវ​អស់​សុពល​ភាព​ប្រើប្រាស់​នៅ​ត្រឹម​ថ្ងៃទី​៣១​ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខ​នេះ​ហើយ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​បន្ត​ថា ​ការ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​នេះ​គឺ​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​ធ្វើ​នៅ​តាម​បណ្តា​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់​ ឬ​ អធិការដ្ឋាន​នគរបាល​រាជធានី ខេត្ត​ដែល​ខ្លួន​រស់នៅ​ឬ​ស្នាក់​ការ​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​នៅ​ផ្សារ​អ៊ី​អន​ម៉​ល​២​សែន​សុខ​ដោយ​ភ្ជាប់​ជាមួយ​នូវ​សំបុត្រកំណើត សំបុត្រ​បញ្ជាក់​កំណើ​ត សៀវភៅ​គ្រួសារ​ឬ​សៀវភៅ​ស្នាក់នៅ លិខិតបញ្ជាក់​ទីលំនៅ​និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​បន្ថែម​ថា ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​នានា​និង​នៅ​តាម​បណ្តា​ភូមិ​ឃុំ​ទូទាំង​ប្រទេស​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​បានដឹង​និង​នាំគ្នា​មក​ធ្វើ​ឲ្យ​បាន​គ្រប់គ្នា​រួម​ទាំង​ជនបរទេស ​ដែល​ទទួល​បាន​សញ្ជាតិ​ជា​ខ្មែរ​ខណៈ​កាល​បរិច្ឆេទ​ នៃ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​នេះ​នឹង​ផុតកំណត់​នៅ​ថ្ងៃទី​៣១​ ខែធ្នូ ​ឆ្នាំ​២០១៨ ​ខាងមុខនេះ​។

លោកស្រី ស៊ាន សុខា រស់នៅ​រាជធានី​ភ្នំពេញ​បាន​គាំទ្រ​ចំពោះ​ការ​អំពាវនាវ​របស់​អគ្គ​នាយដ្ឋាន​អត្តសញ្ញាណ​កម្ម​នេះ​ព្រោះថា​ ការ​មាន​អត្ថ​សញ្ញាណ​ប័ណ្ណ​អាច​បញ្ជាក់​ពី​ភាព​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​ដែល​មាន​សិទ្ធិ​ស្រ​ច្បាប់​ក្នុង​ការ​រស់នៅ ធ្វើការ​និង​ដើរហើរ​ព្រមទាំង​អាច​យក​ទៅ​ប្រើប្រាស់​នៅក្នុង​ការងារ​ផ្សេងៗ​ទៀត​ផង​ដែរ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​របស់​ក្រសួងមហាផ្ទៃ ធ្លាប់​បាន​លើ ក​ឡើង​ថា បច្ចុប្បន្ន​នេះ​ មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ១០​លាន​នាក់​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ខណៈ​នៅសល់​ប្រមាណ​ជាង​២០​ម៉ឺន​នាក់​ទៀត​នៅ​មិនទាន់​បានធ្វើ​នៅឡើយ​។

គួរ​បញ្ជាក់​ថា ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​នេះ​ដែរ ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​បាន​ចេញ​សេចក្តី​អំពាវនាវ​ម្តង​រួច​មក​ហើយ​កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ​កន្លង​ទៅ​នេះ​៕