ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ជនជាតិ​ចិន​ម្នាក់​ជាប់ចោទ ​”​បើកបរ​បណ្តាល​ឲ្យ​របួស​អ្នកដទៃ​ដោយ​អចេតនា​”

កណ្តាល​ ៖ លោក គឹម រ័ត្ន​ណារិន អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង​ជា​ចៅក្រម​ស៊ើប​សួរ នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​បើក​រថយន្ត​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់​នៅ​ស្រុក​កណ្តាល​ស្ទឹង ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ក្រោម​បទ​ចោទ ​”​បើកបរ​បណ្តាល​ឲ្យ​របួស​អ្នកដទៃ​ដោយ​អ​ចេតនា​” ដែល​ប្រព្រឹត្ត​នៅ​ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពី​វេលា​ម៉ោង ១៥​និង​៣០​នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ លើ​ផ្លូវ​ជាតិ​លេខ ៣ គីឡូម៉ែត្រ​លេខ ២៤-២៥​តាម​មាត្រា​៨៣ ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ជន​ត្រូវ​ចោទ​មានឈ្មោះ Liu shi quan(​លាវ ស៊ី​ឈ័ន​)​ ភេទ​ប្រុស អាយុ២៧​ឆ្នាំ ជនជាតិចិន សញ្ជាតិ​ចិន ស្នាក់​នៅ​រាជធានី​ភ្នំពេញ រីឯ​ជនរងគ្រោះ​ឈ្មោះ ឡាក់ ធា​(​កាំ​ង​) ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​នៅ​ភូមិ ស្វាយមីង ឃុំ បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល។

បើ​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​កណ្តាលស្ទឹង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង១៥​និង​៣០​នាទី នៅ​ចំណុច​ជិត​ស្ពាន ៧​មករា ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល លើ​ផ្លូវ​ជាតិ​លេខ ៣ គីឡូម៉ែត្រ​លេខ ២៤-២៥ មាន​ម៉ូតូ ១​គ្រឿង ម៉ាក​សង់​C125​ ពណ៌ខ្មៅ ​ពាក់​ស្លាក​លេខ ភ្នំពេញ​1AL-1187 បើកបរ​ដោយ​ឈ្មោះ ឡាក់ ធា (​ហៅ​កាំ​ង​) ភេទ​ប្រុស​ជិះ​ម្នាក់ឯង​ បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង​(​ពី​តាកែវ​មក​ភ្នំពេញ​)​ពេល​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ បាន​បុក​នឹង​រថយន្ត ១​គ្រឿង​ម៉ាក Tacoma ធុន​តូច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-8519 បើកបរ​ដោយ​ឈ្មោះ Liu shi quan (​លាវ ស៊ី ឈ័ន​)​ជនជាតិ ចិន បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​(​ពី​ភ្នំពេញ​ទៅ​តាកែវ​)​ ហើយ​បត់​ឆ្វេង​ឆ្លងផ្លូវ ត្រូវ​ចំ​ចង្កៀង​មុខ​ខាងស្ដាំ បណ្ដាល​ឲ្យ​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្នំពេញ។ ​ចំពោះ​អ្នក​បើកបរ​រថយន្ត​ត្រូវ​បាន​(​ឃាត់ខ្លួន​)​ នៅ​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន បើកបរ​គ្មាន​ប័ណ្ណ​បើកបរ និង គ្មាន​លិខិតឆ្លងដែន។

តាម​ការ​សន្និដ្ឋាន​ករណី​នេះ​ បង្ក​ឡើង​ដោយ​រថយន្ត បើកបរ​មានការ​ធ្វេសប្រហែស ឆ្លងផ្លូវ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​។ ចំពោះ​វត្ថុតាង​រថយន្ត និង ម៉ូតូ​ដែល​ពាក់ព័ន្ធ​ករណី​ខាងលើ​កម្លាំង​ជំនាញ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន​៕