ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ​ឧ​ត្ត​ម​សេនីយ កែវ វណ្ណ​ថន​ ៖ ១០​ខែ​ដើមឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​បណ្តេញ​ជន​អន្តោ​ប្រវេសន៍​ខុសច្បាប់​ចំនួន​១៤៩៦៥​នាក់ ដែលមាន​៩១​សញ្ជាតិ

ភ្នំពេញ ​៖ រយៈពេល​១០​ខែ​ដើមឆ្នាំ​២០១៨ សមត្ថកិច្ច​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​បង្ក្រាប​ជនបរទេស​ខុសច្បាប់​បាន​ជិត​១០០០​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិន ក្នុង​នោះ សមត្ថកិច្ច​ក៏បាន​បណ្តេញ​ជន​អន្តោ​ប្រវេសន៍​ខុសច្បាប់​បាន​ចំនួន​១៤៩៦៥​នាក់​ផង​ដែរ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ កែវ វណ្ណ​ថន អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុ​ជាថ្មី កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨​ថា សម្រាប់​រយៈពេល​១០​ខែ​ដើមឆ្នាំ​២០១៨ គឺ​គិត​ត្រឹម​ខែតុលា សមត្ថកិច្ច​អន្តោប្រវេសន៍​បាន​ឃាត់ខ្លួន​ជនបរទេស ទាក់ទង​នឹង​បទល្មើស​ទាំងអស់​មាន​ចំនួន​៩៨២​នាក់ ដែល​មាន​៥០​សញ្ជាតិ ប៉ុន្តែ​ក្នុងនោះ​ភាគច្រើន​ជនជាតិ​ចិន ដែល​មាន​៤១២​នាក់​, វៀតណាម​២០៣​នាក់​, កូរ៉េខាងត្បូង​១៧​នាក់ និង​ជនជាតិ​ផ្សេងៗ​ទៀត​។ តាម​នាយ​ឧ​ត្ត​ម​សេនីយ៍ កែវ វណ្ណ​ថន បទល្មើស​ដែល​ត្រូវ​បាន​បង្ក្រាប​ភាគ ជា​បទល្មើស VOIP (​ករណី​ចាប់​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​) តែ​ក្នុង​នោះ​ក៏​មាន​បទល្មើស​អន្តោ​ប្រវេសន៍​ខ្លះៗ​ដែរ ដែល​ចូល​មក​ប្រកបមុខរបរ​ខុសច្បាប់ គ្មាន​ប័ណ្ណ​ការងារ និង​ជ្រៀត​ចូល​មក​កម្ពុជា ដោយ​ខុសច្បាប់ ហើយ​ករណី​ខ្លះ​ជា​ការ​ស្នាក់នៅ​ហួស​ទិដ្ឋាការ​។

ចំណែក​ជនបរទេស​ខុសច្បាប់ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​រយៈពេល​១០​ខែ គឺ​ត្រឹម​ខែតុលា មាន​ចំនួន​១៤៩៦៥​នាក់ ដែល​មាន​៩១​សញ្ជាតិ ដូច្នេះ​ការ​បណ្តេញចេញ​មាន​ចំនួន​ច្រើនជាង​។ នាយ​ឧ​ត្ត​ម​សេនីយ៍ កែវ វណ្ណ​ថន ពន្យល់​ថា ចំនួន​៩៨២​នាក់ គឺជា​ចំនួន​ជនបរទេស ដែល​ត្រូវ​ឃាត់ខ្លួន​ទាក់ទង​ការ​បង្ក​បទល្មើស​។ ដោយឡែក​ការ​បញ្ជូន​ចេញ ដែល​មាន​រហូតដល់​១៤៩៦៥​នាក់ គឺជា​ជនបរទេស ដែល​បាន​ឃាត់ខ្លួន​តាំងពី​មុនៗ​មក ហើយ​ខ្លះ​ត្រូវ​បញ្ជូន​ចេញ​នៅ​តាម​ខេត្ត ទើប​ធ្វើ​ឲ្យ​តួលេខ​នេះ​ខុសគ្នា​។

ទាក់ទង​ការអនុវត្ត​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​ដក​យក​ឯកសារ​មិន​ប្រក្រតី​ពី​ជនបរទេស នាយ​ឧ​ត្ត​ម​សេនីយ៍ កែវ វណ្ណ​ថន អះអាង​ថា គិត​ត្រឹម​ខែតុលា ឆ្នាំ​២០១៨ អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា បាន​ដកហូត​ឯកសារ (​ឯកសារ​រដ្ឋបាល​កម្ពុ​ជា​មិន​ប្រក្រតី​) មិន​ប្រក្រតី​ពី​ជនបរទេស​បាន​ចំនួន​៣២០៤៣​ឯកសារ​។ នាយ​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់​ថា ឯកសារ​មិន​ប្រក្រតី​នេះ ប្រើប្រាស់​ដោយ​ជនជាតិ​វៀតណាម ហើយ​ឯកសារ​ទាំងនោះ មាន​ដូច​ជា ផា​ស្ព័រ អត្តសញ្ញាណប័ណ្ណ ប័ណ្ណគ្រួសារ និង​ប័ណ្ណ​ស្នាក់នៅ​ផ្សេងៗ​ជាដើម​។

ដោយឡែក​តាម​របាយការណ៍​ដែល​ការិយាល័យ​យើង​ទទួល​បាន​បញ្ជាក់​ថា ចាប់តាំងពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៤ រហូតដល់​បច្ចុប្បន្ន អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់ខ្លួន ក៏ដូចជា​ទទួល និង​បណ្តេញ​ជនបរទេស​ខុសច្បាប់​បាន​ចំនួន​១៤៩០៩​នាក់ មាន​៩៣​សញ្ជាតិ ក្នុង​នោះ​ស្ត្រី​មាន​ចំនួន​២៥៤៨​នាក់ ហើយ​ចំពោះ​ជន​ជាតិចិន​ភាគច្រើន​ប្រព្រឹត្តិ​បទល្មើស​២​ប្រភេទ​គឺ បទល្មើស​គំរាម​ជំរិត ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (​អ៊ីន​ធឺ​ណិ​ត​) VOIP និង​បទល្មើស​សេដ្ឋកិច្ច​។

សូម​បញ្ជាក់​ថា ទាក់ទង​បញ្ហា​នេះ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​កម្ពុជា ក៏បាន​បញ្ជូន​ជនជាតិ​ចិន ប្រុស ស្រី ប្រមាណ​២៣២​នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ដោយ​សមត្ថកិច្ច​នគរ​បាល​ចិន​យក​យន្តហោះ​ពិសេស​មក​ទទួល​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​តែម្តង​។ ការ​បញ្ជូន​ជនជាតិ​ចិន ប្រុស ស្រី ទាំង ២៣២​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ( VOIP)​។

តាម​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជនជាតិ​ចិន ប្រុស ស្រី ទាំង​២៣២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត (VOIP) ទាំងនេះ ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ខេត្តតាកែវ បង្ក្រាប​ចំនួន ០៤​ទីតាំង​ផ្សេងគ្នា កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨៕