ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ប្រធានព្រឹទ្ធសភា អនុញ្ញាត​ឲ្យ​លោក ឃួន ផុន​រតនៈ ​ឯកអគ្គរាជទូត​ទើប​តែងតាំង​ថ្មី ចូលជួប​សម្តែង​ការគួរសម និង​ទទួល​អនុសាសន៍

ភ្នំពេញ ​៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ នេះ បានអនុញ្ញាត​ឲ្យ​លោក​ឃួន ផុន​រតនៈ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប និង​ប្រទេស​អ៊ីស្រាអែល ចូល​ជួប​សម្តែង​ការគួរសម និង​ទទួល​អនុសាសន៍ នៅ​វិមាន​ព្រឹទ្ធសភា​មុន​ពេល​អញ្ជើញ​ទៅ​បំពេញ​បេសកកម្ម​ការទូត​ប្រចាំ​ប្រទេស​អេ​ហ្ស៊ី​ប។

នៅក្នុង​ឱកាស​នោះ សម្តេច​ប្រធាន​ព្រឹទ្ធសភា បាន​សម្តែង​នូវ​ការ​អបអរសាទរ ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ឯកអគ្គរាជទូត​ថ្មី​ប្រចាំ​ប្រទេស​អេ​ហ្ស៊ី​ប និង​ប្រទេស​អ៊ីស្រាអែល​។ ជាមួយគ្នា​នេះ សម្តេច​បាន​ផ្តាំផ្ញើ​ចំពោះ​លោក​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​ល្អ​ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ប្រទេស​អេ​ហ្ស៊ី​ប និង​ប្រទេស​អ៊ីស្រាអែល។ ដើម្បី​សម្រេច​បំណង​នេះ ត្រូវ​យកចិត្តទុកដាក់​ទំនាក់ទំនង​ល្អ​ជាមួយនឹង​បណ្តា​ស្ថាប័ន និង​ជាមួយ​ប្រជាជន​នៃ​ប្រទេស​អេ​ហ្ស៊ី​ប និង​ប្រទេស​អ៊ីស្រាអែល​ឲ្យ​បានល្អ​ប្រសើរ​។ បន្ថែម​លើ​នេះ​ត្រូវ​ឲ្យ​គេ​យល់​អំពី​សភាពការណ៍​ពិត​នៅ​ប្រទេស​កម្ពុជា ដើម្បី​ទាក់ទាញ​ឲ្យ​គេ​គាំទ្រ​ប្រទេស​កម្ពុជា​ទាំង​ខាង​នយោបាយ សេដ្ឋកិច្ច វប្បធម៌ និង​សង្គមកិច្ច​។ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក៏​បានផ្តល់​អនុសាសន៍​សំខាន់ៗ មួយចំនួន​ជូន​ដល់​លោក​ឯកអគ្គ​រាជទូត ត្រូវ​សកម្ម​ផ្សព្វផ្សាយ និង​បកស្រាយ​ពន្យល់​អំពី​សភាព ការណ៍​នៅ​កម្ពុជា​ជូន​ដល់​សាធារណៈ មតិ​ជាតិ និង​អន្តរជាតិ ជាពិសេស នៅ​ប្រទេស​ដែល​កំពុង បំពេញ​ភារកិច្ច និង​ត្រូវ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​រហ័ស​ចំពោះ​សភាពការណ៍​នយោបាយ​ក្រៅប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា និង​ត្រូវ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគិន និង​ភ្ញៀវទេសចរ​មក​កម្ពុជា​ឲ្យ​បាន​កាន់តែច្រើន។

លោក ឃួន ផុន​រតនៈ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប និង​ប្រទេស​អ៊ីស្រាអែល បាន​ប្តេជ្ញា នៅ​ចំពោះមុខ សម្តេច​ប្រធានព្រឹទ្ធសភា ថា នឹង​ខិតខំ​បំពេញភារកិច្ច​ជា​តំណាង​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ លោក​ទូត​ក៏បាន​សន្យា​ថា​នឹង​ខិតខំ​អនុវត្តតាម អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ប្រធានព្រឹទ្ធសភា ហើយ​ថា​នឹង​ខិតខំ​ថែរក្សា​ផ្សព្វផ្សាយ​នូវ​កិត្យានុភាព​ប្រទេសជាតិ ពង្រឹងពង្រីក​ទំនាក់ទំនង សហប្រតិបត្តិការ ជាមួយនឹង​ប្រទេស​ម្ចាស់ផ្ទះ និង​ឯកអគ្គរាជទូត រដ្ឋទូត​ប្រទេស​ផ្សេងៗ​ទៀត និង​ខិតខំ​ទាក់ទាញ​អ្នក​វិនិយោគិន និង​អ្នកទេសចរ ឲ្យ​មក​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែមទៀត​៕