ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​ជំរុញ​ឲ្យ​មាន​ការដាំ​ដើមឈើ​នៅតាម​សាលារៀន​ឲ្យ​បាន​ច្រើន​ថែមទៀត

ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​ បាន​ជំរុញ​ឲ្យ​មាន​ការដាំ​ដើមឈើ​នៅតាម​សាលារៀន​ឲ្យ​បាន​ច្រើន​ថែមទៀត​ ដើម្បី​បង្កើន​ភាព​បៃតង ​និង​ការពារ​បរិស្ថាន​នៅក្នុង​សាលារៀន​ឲ្យ​កាន់តែ​ស្រស់ស្អាត។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​ការដាំ​កូនឈើ និង​ការលើកកម្ពស់ ការយល់ដឹង​អំពី​បរិស្ថាន​»​កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨​នៅ​សាលាបឋមសិក្សា​សន្ធរម៉ុក លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា ​ការដាំ​ដើមឈើ​នៅក្នុង​សាលារៀន​នឹង​ជួយ​ឲ្យ​សិស្សានុសិស្ស បាន​ស្វែងយល់​បន្ថែម​អំពី​ការអភិរក្ស​បរិស្ថាន និង​យល់ដឹង​អំពី​វិធី​ជួយ​ធ្វើ​ប្រទេស​កម្ពុជា កាន់តែ​បៃតង​ក្នុងពេល​អនាគត​។ មិនតែប៉ុណ្ណោះ ពួកគេ​នឹង​ទទួលបាន​ខ្យល់អាកាស​បរិសុទ្ធ​និង​ម្លប់​ត្រឈឹងត្រឈៃ​សម្រាប់​ការអាន​សៀវភៅ​ឬ​រត់​លេង​ផងដែរ​។​

លោក នេត្រ ភក្ត្រា បាន​បន្តថា «​យើង​សង្ឃឹមថា តាមរយៈ​ការដាំ​ដើមឈើ​ទាំងនេះ សាលា​នឹង​បន្ដ​ខិតខំ​យក​ចិ​ត្ដ​ទុកដាក់ ចូលរួមចំណែក​ថែរក្សា​បរិស្ថាន និង​ការពារ​ធនធានធម្មជាតិ ជាពិសេស​ថែរក្សា​នូវ​កូនឈើ ដែល​បាន​ដាំ​នាពេលនេះ និង​ជួយ​ជំរុញ​ដល់​ការដាំដុះ​ដើមឈើ​ឡើងវិញ នៅ​ទូទាំងប្រទេស ស្របតាម​គោលដៅ​អភិវឌ្ឍន៍​សហប្រជាជាតិ នៅក្នុង​ការប្រយុទ្ធប្រឆាំង នឹង​ភាព​រហោឋាន​»​។​

លោក នេត្រ ភក្ត្រា បានបញ្ជាក់​ទៀតថា ​ជាងនេះទៅទៀត​ការដាំ​ដើមឈើ​នៅពេលនេះ ក៏​ជាការ​បំផុស​នូវ​ស្មារតី​ឲ្យ​សិស្សានុសិស្ស​ចេះ ស្រលាញ់​បរិស្ថាន ស្រលាញ់​ធនធានធម្មជាតិ ថែរក្សា​ការពារ​ព្រៃឈើ ដ៏​មានតម្លៃ​សម្រាប់​មនុស្ស​គ្រប់រូប ក្នុងចំណោម​ពលរដ្ឋ​កម្ពុជា ជាពិសេស​យុវជន​ជំនាន់​ក្រោយ​។

លោក​បាន​បន្ថែមទៀតថា «​តាមរយៈ​កម្មវិធី​ដាំ​កូនឈើ និង​ការណែនាំ​ស្តីអំពី​ការលើកកម្ពស់​ការយល់​ដឹង​អំពី​បរិស្ថាន​»​នេះ នឹង​ជួយ​ជំរុញ​ដើម្បី​ជំរុញ​ការលើកកម្ពស់​ការយល់​ដឹង និង​ចូលរួម​ថែរក្សា អភិរក្ស​បរិស្ថាន ក៏ដូចជា​បញ្ជ្រាប​នូវ​ការយល់ដឹង​ពី​វិធានការ​នានា ដើម្បី​រួមចំណែក​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ក៏ដូចជា​ជីវិត​លើ​ភពផែនដី​យើង​នេះ​។​

ជាមួយគ្នានេះដែរ​លោករ​ដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​ដើមឈើ​ទាំងអស់គ្នា​ព្រោះ​ព្រៃឈើ​មាន​សារសំខាន់​ណាស់ ក្នុង​ការជួយ​ថែរក្សា​លំនឹង​បរិស្ថាន ផ្តល់​ម្លប់​ជ្រប​កោន ធ្វើជា​សម្ភារៈប្រើប្រាស់ ធ្វើ​គម្រប​ដី​ដាំ​ទប់​ការហូរ​ច្រោះ ផ្តល់​ជីវជាតិ​ដល់​ដីស្រែ​ចម្ការ ស្រូបយក​ឧស្ម័ន​កាបូនិក សម្អាត​បរិស្ថាន​ឲ្យ​មាន​ពណ៌​បៃតង​ស្រស់បំព្រង​។​

ជាងនេះទៅទៀត​ធនធាន​ព្រៃឈើ​ជាតិ មិន​ត្រឹមតែ​ជា​តម្លៃ​សេដ្ឋកិច្ច និង​ការប្រើប្រាស់​ប៉ុណ្ណោះ​ទេ វា​មានតម្លៃ​ផ្សេងៗ​ទៀត​ជាច្រើន​ដូចជា បរិស្ថាន វប្បធម៌​ប្រវត្តិសាស្ត្រ ទេសចរណ៍ ការសិក្សា​ស្រាវជ្រាវ​ប្រព័ន្ធ​ការពារ​ដី ការទប់ស្កាត់​មិន​ឲ្យ​មាន​រហោល​ដ្ឋា​ន ឬ​ឱនភាព​ដី ប្រព័ន្ធ​ការពារ​ជីវចម្រុះ ផ្តល់​ជម្រក​ដល់​មនុស្ស​សត្វ​លើ​ផែនដី​។​

គួរ​បញ្ជាក់​ថា​ សន្និសីទ​សារព័ត៌មាន​ស្ដីពី «​ការដាំ​កូនឈើ និង​ការលើកកម្ពស់ ការយល់ដឹង​អំពី​បរិស្ថាន​»​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួងបរិស្ថាន សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាលា​រាជធានី​ភ្នំពេញ ក្រោម​ការគាំទ្រ​ថវិកា និង​សម្ភារៈពី​កម្មវិធី​បេះដូង​សប្បុរស​ណាហ្គា​វើ​ល តាមរយៈ​គម្រោង​ដាំ​កូនឈើ និង​ការលើកកម្ពស់​ការយល់​ដឹង​អំ​ពី​បរិស្ថាន នៃ​កម្មវិធី​កម្ពុជា​បៃតង​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114