ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ នៅ​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វា ​តវ៉ា​ជាថ្មី ​ទទូច​សុំ​ឲ្យ​មានការ​ដោះស្រាយ​សិន ​ចាំ​អភិវឌ្ឍ​

ភ្នំពេញ ​៖ ប្រជាពលរដ្ឋ ប្រមាណ​៣០​នាក់ ដែល​រង​ផលប៉ះពាល់ នៅក្នុង​ការ​អភិវឌ្ឍ​ ទីក្រុង​រណប​ជ្រោយចង្វា បាន​ជួប​ប្រមូលផ្ដុំ​គ្នា​ជាថ្មី​ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន O C I C​ បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​អភិវឌ្ឍ​ លើដី​របស់​ពួកគាត់ ​រង់ចាំ​ការ​ដោះស្រាយ​គ្នា​ចប់​សិន ​ចាំ​ អភិវឌ្ឍ​​ជា​ក្រោយ។​

ការ​តវ៉ា​នេះ​ បាន​ផ្ទុះឡើង​ជាថ្មី កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ ថ្ងៃទី​០៨​ ខែធ្នូ​ ឆ្នាំ​២០១៨ ដោយ​ពួក​គាត់​បាន​ជួប​ប្រមូលផ្ដុំ​នៅ​លើដី​របស់​ពួកគាត់ ​ដែល​ក្រុមហ៊ុន​កំពុងតែ​អភិវឌ្ឍ​​ ហើយ​មិនទាន់​ដោះ​ស្រាយ​នៅ​តំបន់​អភិវឌ្ឍ​ ដែល​ស្ថិតនៅក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា។​

តាម​អ្នក​តវ៉ា បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​ជួប​ប្រមូលផ្ដុំ​នេះ ​ក្នុងចំណោម​ប្រជាពលរដ្ឋ ចំនួន​៨០​គ្រួសារ​ដែល​រង​ផល​ប៉ះពាល​មកពី​សហគមន៍​ចំនួន​៣​ គឺ​សហគមន៍​ជ្រោយចង្វា សហគមន៍​ព្រែក​លៀប និង​សហគមន៍​ព្រែក​តាសេក។

លោក ជា សុផាត តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា យើង​ជួបជុំគ្នា​នេះ ​សុំ​ក្រុមហ៊ុន O C I C និង​ទទូច​សុំ​ឲ្យ សាលា​រាជធានី​ភ្នំពេញ​ ក៏​ដូចជា​រាជរដ្ឋាភិបាល ជំរុញ​ក្នុង​ការ​ដោះ​ស្រាយ​ប្រកបដោយ​យុត្តិធម៌ តម្លាភាព​ និង​សមភាព​។

លោក ​ជា សុផាត​ ក៏បាន​សំណូមពរ​ លោក​ទេសរដ្ឋមន្ត្រី មន្ត្រី ជា សុផារ៉ា ជាពិសេស សម្ដេច តេ​ជោ​ហ៊ុន សែន មេត្តា​ជួយ​ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព សមភាព និង​យុត្តិធម៌​តាម​យុទ្ធសាស្ត្រ​ឈ្នះៗ​ទាំងអស់គ្នា។​

នៅក្នុង​ការជួប​ប្រមូលផ្ដុំ​ ប្រជាពលរដ្ឋ ក៏បាន​សំណូមពរ​១១​ចំណុច ១.មិន​ទទួលយក​សំណង​របស់​សាលាក្រុង​ដែល​បែង​ចែង​១០​ភាគរយ សម្រាប់​ម្ចាស់​ដី ,៥០​ភាគរយ សាលា​រាជធានី​ភ្នំពេញ​ និង​៤០​ភាគរយ​សម្រាប់​ក្រុមហ៊ុន ឬ​ទិញ​តម្លៃ​ប៉ុន្មាន​ឲ្យ​ប៉ុណ្ណឹង មិន​ឲ្យ​ខាត​។​ ២.មិន​ឯកភាព​ចំពោះ​អនុក្រឹត្យ​លេខ ៤៥​ អ ន ក្រ ប ក ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ ដែល​សាលា​រាជធានី​ភ្នំពេញ យក​ដី​ប្រជា​ពលរដ្ឋ​ដាក់​ជា​សម្បត្តិ​របស់​ខ្លួន រួច​ជួល​បន្ត​ឲ្យ​ក្រុមហ៊ុន OCIC​។ ៣.​សុំ​ប្ដឹង​ទាស់​សេចក្ដី​ជូនដំណឹង របស់​សាលា​រាជធានី​ភ្នំពេញ ​ដែល​បានដាក់​ឱសានវាទ​មក​ពួកគាត់​ជា​ម្ចាស់​ដី​(​ថ្ងៃទី​១៤ ​ខែកញ្ញា​ ឆ្នាំ​២០១៦​ និង​ថ្ងៃទី​២៨ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៧)​។​ ៤-សុំ​ឆ្វៀល​ដី​លំនៅដ្ឋាន​ជា​លក្ខណៈ​ស្បែក​ខ្លា និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រស់នៅ​ឲ្យ​បាន​សមរម្យ​។
៥-​បញ្ឈប់​ការ​ឈូស​ឆាយ​ និង​សាងសង់​ ឬ​ជួល​ ដើម្បី​រក​ដំណោះ​ស្រាវ​ជាមួយ​ម្ចាស់​ដី​។
៦-​កុំ​ប្រើពាក្យ​ថា អ្នក​ដែលមាន​ដី​អត់​ផ្ទះ​ ជា​អ្នក​ក្រៅ​មូលដ្ឋាន​ គ្មាន​មាត្រា​ណា​ចែង​ក្នុង​ច្បាប់​នោះ​ទេ​។​៧.​សូម​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដល់​ការអភិវឌ្ឍន៍​ទាំងអស់ ​យក​បញ្ហា​ដាក់​លើ​តុ​ ដើម្បី​ចរាចរ​ដោះស្រាយ​បញ្ចប់​ទំនាស់​ និង​ការឈឺចាប់​ សូម​បើក​បេះដូង​ឲ្យ​ទូលាយ ​កុំ​កេងប្រវ័ញ្ច​លើ​ញើស​ឈាម​ប្រជា​ពលរដ្ឋ។ ​៨.​ត្រូវ​គោរព​ច្បាប់​ភូមិបាល និង​ច្បាប់រដ្ឋធម្មនុញ្ញ​ទាំងអស់គ្នា​។ ៩.​កុំ​អាង​ឥទ្ធិពល​យក​ច្បាប់​ទ្រាប់​អង្គុយ​ ខ្វះ​ការ​ពិចារណា ខ្វះ​សីលធម៌ ខ្វះ​សច្ចធម៌ ខ្វះ​សមធម៌​។
​១០.​សូមឲ្យ ​លោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា មេត្តា​ជួយ​ដោះស្រាយ​ទំនាស់​ដ៏​រ៉ាំរ៉ៃ​នេះ​ តាម​ការសន្យា​របស់​លោក នៅ​វត្ត​ឥន្ទ​កោ​សី​យ​ ហៅ​វត្ត​ចម្ការ​ម្លូ​(​ខេត្ត​ត្បូងឃ្មុំ​)​ផង​។
១១.​សុំឲ្យ​សម្ដេច​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការអភិវឌ្ឍន៍​ទី​ក្រុងរ​ណ​ប​ជ្រោយចង្វា របស់​ក្រុមហ៊ុន OCIC ដោយ​ក្តី​មេត្តាករុណា​ផង​។​

តាម​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​បានឲ្យ​ដឹង​ថា ការអភិវឌ្ឍ​ បាន​ដំណើរ​ការ​ដោយ​រលូន ហើយ​ក្រុម​ហ៊ុន បាន​សហការ​ជាមួយ អាជ្ញាធរ ធ្វើការ​ដោះស្រាយ​ផល​ប៉ះពាល់ ជិត​រួចរាល់​ហើយ នៅសល់តែ​មួយ​ចំនួន​តូច ពួកគាត់​ពុំ​ចូលខ្លួន​ដោះស្រាយ និង​ទាមទារ​ក្នុង​តម្លៃ​ខ្ពស់។​

ប្រភព​ពី​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់ពី​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​កាត់​ឆ្វៀល​ដី​ភូមិ​ជូន​ប្រជា​ពល​រដ្ឋ សាលា​រាជធានី​ភ្នំពេញ ​និង​អាជ្ញាធរ​ខណ្ឌ​ បាន​យកចិត្តទុកដាក់​សហការ​ជាមួយ​ក្រុមហ៊ុន ​ចុះ​វាស់វែង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ និង​ធ្វើការ​ស្ថាបនា​ផ្លូវ​ជិត​រួចរាល់​ហើយ នៅសល់​មួយចំនួន បន្ត​ដោះស្រាយ បន្ត​ទៀត ហើយ​អ្នក​ដែល​មក​តវ៉ា​នេះ​ ពួកគាត់​មិនមាន​លំនៅៗ​ដី​នេះ​ទេ ​សុទ្ធតែ​មក​ទៅ​ក្រៅ ចំពោះ​អ្នក​នៅទី​នេះ​ គេ​បានទទួល​យក​ការ​ដោះស្រាយ​​គ្នា​អស់ហើយ ព្រមទាំង​បាន​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​ និង​ក្រុមហ៊ុន​ទៀត​ផង៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114