ព័ត៍មានទាន់​ហេតុការណ៏
Search

វេទិកា​ការងារ ​ក្រោម​ប្រធានបទ ​”​ឱកាស​ការងារ និង​កម្មសិក្សា​ការងារ”

ស្វាយរៀង ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៨ មជ្ឈមណ្ឌល​ការងារ​ខេត្ត​ស្វាយរៀង សាកលវិទ្យាល័យ​ស្វាយរៀង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង បានរៀបចំ​វេទិកា​ការងារ​ស្តីពី​ ឱកាស​ការងារ និង​កម្មសិក្សា​ការងារ​ ក្រោម​អធិបតីភាព​ លោក​ ហេង សុខ​ណា​ង សមាជិក​​​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​ស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​សហការ សម្របសម្រួល និង​ផ្សព្វផ្សាយ​ព័ត៌មាន​ការជ្រើសរើស បុគ្គលិក កម្មករ កម្មការិនី ចូល​បម្រើ​ការងារ តាម​បណ្តាល​ក្រុម​ហ៊ុន រោងចក្រ សហគ្រាស​នៅ​ខេត្តស្វាយរៀង ដោយ​មានការ​ការចូល​រួម​ពី គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ LOLC មីក្រូហិរញ្ញវត្ថុ​AMK អង្គការ​IDE អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ដោយមាន​អ្នកចូលរួម​ប្រមាណ​៥០០​នាក់​។​

លោក​ ហេង សុខ​ណាំង មានប្រសាសន៍ថា​ វេទិកា​ការងារ​នាពេលនេះ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុងការ​នាំនូវ​ឱកាស​ការងារ​ក្នុង​ខេត្ត ជាពិសេស​ការ​ជួប​ផ្ទាល់​រវាង​និយោជក និង​អ្នក​ស្វែងរក​ការងារ​ធ្វើ ការស្វែងយល់​ពី​ព័ត៌មាន​ការងារ​នានា វេទិកា​នេះ​ក៏បាន​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​នូវ​តួនាទី​របស់ខ្លួន ដើម្បី​ផលប្រយោជន៍ ដល់​វិស័យ​ការងារ ហើយក៏​ជា​សក្ខីភាព​មួយ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់រ​បស់​យើង​គ្រប់គ្នា ចំពោះ​បុព្វហេតុ​ នៃ​ការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ការងារ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។

​ឯកឧត្តម​បន្ថែមថា​ ខេត្តស្វាយរៀង ជា​ខេត្ត​ដែល​កំពុងមាន​អ្នកវិនិយោគ​ច្រើន​ទាំង​វិស័យ​រោងចក្រ ធនាគារ និង​ហិរញ្ញវត្ថុ កាស៊ីណូ សេវាកម្ម​កម្សាន្ត និង​សហគ្រាស​ផ្សេងៗ ក្នុងនោះ​ផងដែរ ខេត្ត​ស្វាយរៀង ​នឹង​មាន​តម្រូវការ​កម្លាំង​ជា​២​ម៉ឺន​នាក់​ក្នុងពេល​ខាងមុខ​ឆាប់ៗ។

ឯកឧត្តម​បញ្ជាក់ថា មជ្ឈមណ្ឌល​ការងារ​ខេត្ត​ស្វាយរៀង និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង ពិតជា​បានរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​បង្ក​លក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្ត ឲ្យ​ទទួលបាន​ការងារ​ធ្វើ ទទួលបាន​ប្រាក់បៀវត្សរ៍​ទ្រទ្រង់​គ្រួសារ​របស់​ពួកគេ ពិសេស​បាន​ជួយ​កាត់បន្ថយ​អត្រា​អត់​ការងារ​ធ្វើ​របស់​ប្រជាពលរដ្ឋ ដែល​នេះ​ជា​ការ​យកចិត្តទុកដាក់​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការធានា​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ និង​មាន​ចំណូល​សមរម្យ​។​

លោក ឡឹ​ក វីរៈ សាកលវិទ្យាធិការ​ នៃ​រង សាកលវិទ្យាល័យ​ស្វាយរៀង​បាន​លើកឡើងថា និស្សិត​គប្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ថែម​លើ​ជំនាញ​ដែល​ខ្លួន​បាន​សិក្សា ជាពិសេស​ជំនាញ​មូលដ្ឋាន​កុំព្យូទ័រ ភាសាបរទេស និង​វគ្គ​ខ្លី​ផ្សេងៗ ក៏ដូចជា​ព្យាយាម​ស្វែងរក​ព័ត៌មាន​នានា​ឲ្យ​ស្របតាម​ភាព​រីកចម្រើន​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ដើម្បីឲ្យ​ទទួលបាន​ឱកាស​ការងារ​សមរម្យ​។​

លោក​ ហែម ពុទ្ធិ បន្ថែមទៀតថា​ នេះ​ជា​វេទិកា​ដែល​រៀបចំ​ជា​លើក​ទី​៣ ចំពោះ​សកម្មភាព​សំខាន់ៗ​ដែល​មជ្ឈមណ្ឌល​ការងារ​ខេត្ត បាន​អនុវត្ត​កន្លងមក​មានដូចជា ចុះឈ្មោះ​អ្នកស្វែងរក​ការងារ​ធ្វើ បាន​ចំនួន​ជាង​១​ម៉ឺន​នាក់​, ផ្គូផ្គង​អ្នក​ស្វែង​រក​ការងារ​ធ្វើ​ទៅ​ឲ្យ​និយោជក ចំនួន​ប្រមាណ​៩​ពាន់​នាក់ អ្នក​ទទួល​បាន​ការងារ​ធ្វើ​ចំនួន ជាង​២​ពាន់​នាក់​, រៀបចំ​សិក្ខាសាលា​ស្ដីពី​ការណែនាំ​អាជីព​ការងារ និង​វិជ្ជាជីវៈ​សម្រាប់​និស្សិត​, រៀបចំ​សិក្ខាសាលា​ស្ដីពី​ការរៀបចំ​ផែនការ​អាជីព និង​ជ្រើសរើស​ជំនាញ​សិក្សា​សម្រាប់​សិស្ស​វិទ្យាល័យ​, ទំនាក់ទំនង និង​ទទួល​ជួប​ជាមួយ​និយោជក ក្រុមហ៊ុន សហគ្រាស​, ផ្សព្វផ្សាយ​ព័ត៌មាន​ជ្រើសរើស​បុគ្គលិក ,​ផ្សព្វផ្សាយ​ព័ត៌មាន​អប់រំ​បណ្ដុះបណ្ដាល និង​អាហារូបករណ៍ , សិក្ខាសាលា​ផ្សព្វផ្សាយ និង​ប្រមូល​អ្នក​ស្វែងរក​ការងារ​ធ្វើ​នៅ​តាម​មូលដ្ឋាន ,​រៀបចំ​វេទិកា​ការងារ និង​រៀបចំ​ពិព័រណ៍​ចល័ត​ជាដើម​។

​ប្រធាន​មជ្ឈមណ្ឌល​ការងារ​ខេត្ត​ស្វាយរៀង​រូបនេះ ក៏បាន​សំណូមពរ​ដល់ ​ប្អូនៗ​ និស្សិត ​ប្រឹងប្រែង​ស្វែងរក​ការងារ​ធ្វើ តាមរយៈ​ជា​ការងារ​ស្ម័គ្រចិត្ត ឬ​ការងារ​ពេញ​ម៉ោង ដើម្បី​ទទួល​បាន​នូវ​បទ​ពិសោធន៍ ក៏ដូចជា​ពង្រឹង​នូវ​ជំនាញ​របស់ខ្លួន ក្នុង​ការ​ឈាន​ទៅរក​ការងារ​ល្អ​ប្រាក់បៀវត្សរ៍​ខ្ពស់​ទៅ​ថ្ងៃ​អនាគត​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114