ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ​ចុះ​ជួយ​ខណ្ឌ​ទួលគោក ​និង​អាជ្ញាធរ ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា កសាង​កុដិ ​

​ភ្នំពេញ ​៖ លោក​បណ្ឌិត ឱម យ៉ិន​ទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខណ្ឌ​ទួលគោក ​និង​លោក ឯក ឃុន​ដឿ​ន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ទួលគោក រួម​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រុមការងារ មន្ត្រី​ថ្នាក់ដឹកនាំ​ខណ្ឌ​សង្កាត់ និង​បងប្អូន​ពុទ្ធបរិស័ទ​ជាច្រើន​ទៀត កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ១​កើត ខែកត្តិក ឆ្នាំច សំរឹទ្ធ​ស័ក ពស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨​ធ្នូ​នេះ បាន​រៀបចំ​ពិធី បញ្ចុះ​បឋម​សិលា កសាង​កុដិ​មួយ​ខ្នង​នៅ​វត្ត​នាគ​វ័ន ហើយ​ក្រោយ​បញ្ចប់​ពិធី លោក បណ្ឌិត ឱម យ៉ិន​ទៀង​ និង​លោក ឯក ឃុន​ដឿ​ន ក៏បាន​សំណេះសំណាល ​និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ជិត​១០០​នាក់​ផងដែរ។​

កុដិ​មួយ​ខ្នង​ ដែល​នឹងត្រូវ​ធ្វើការ​សាងសង់​នៅ​វត្ត​នាគ​វ័ន​នេះ​ មាន​ទំហំ ទទឹង​៨​ម៉ែត្រ បណ្ដោយ​៤៧​ម៉ែត្រ កម្ពស់​៥​ជាន់ ដើម្បី​បំរើ​ឲ្យ​វិស័យ​ព្រះពុទ្ធសាសនា ខណៈដែល​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ដូច្នេះហើយ​ទីវ​ត្ត​អារាម​ ក៏មាន​ការ​រីកចម្រើន​ស្រប​ជាមួយគ្នា​ផងដែរ​។​

ពាក់ព័ន្ធ​នឹង​ពិធី​សំណេះសំណាល​ និង​ចែក​អំណោយ​ ជូន​ប្រជាពលរដ្ឋ​ជិត​១០០​នាក់​នេះ លោក បណ្ឌិត ឱម យ៉ិន​ទៀង បាន​មានប្រសាសន៍​លើកឡើងថា កាកបាទ​ក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន សម្ដេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដោយ​សម្ដេច បាន​ជំរុញ ​និង​ណែ​នាំ​ឲ្យ​មន្ត្រី អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ ចុះ​ដល់​មូល​ដ្ឋាន ហើយ​បើ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក ខ្វះខាត​អ្វីមួយ យើង​ជួយ​ពួកគាត់​ភ្លាម​តែម្ដង ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់បាយ​នោះទេ​។​

លោក​បណ្ឌិត ឱម យ៉ិន​ទៀង បាន​បន្តទៀតថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រទេស​ជាតិ​របស់​យើង​មានការ​អភិវឌ្ឍ​រីកចម្រើន​លឿន​ណាស់ ពោល​គឺ ក្រោម​ម្លប់​ នៃ​សន្តិភាព​តាម​យុទ្ធសាស្ត្រ​ឈ្នះ ឈ្នះ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ត្រឹមតែ​២០​ឆ្នាំ យើង​មាន​អ្វី​គ្រប់យ៉ាង ហើយ​ចុង​ក្រោយនេះ​ យើង​ទទួលបាន​ជោគជ័យ​ថ្មីៗ​ទៀត នោះ​គឺ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ «​ល្ខោន​ខោល​» ត្រូវ បានដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង​ព័រ​ល្វី សាធារណរដ្ឋ​ម៉ូ​រី កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨។​

ការ​ប្រារព្ធ​បុណ្យ​អុំ​ទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ ព្រះ​ខែ ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ទទួលបាន​ជោគជ័យ ដោយមាន​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ចូលរួម​ដើរលេង​កម្សាន្ត ជា​មួយ​នឹង​កងកម្លាំង​មាន​សមត្ថកិច្ច​រាប់ម៉ឺន​នាក់ ការពារ​សន្តិសុខ​ និង​សណ្ដាប់ធ្នាប់ ហើយ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​ យើង​នឹង​សម្ពោធ​វិមាន ​ឈ្នះ ឈ្នះ ​បន្ត​ទៀត​។​

មន្ត្រី​រដ្ឋបាល​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ ដែល​ត្រូវ​បាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខណ្ឌ​ទួលគោក ​និង​អាជ្ញាធរ​ខណ្ឌ​ចែកជូន​រួមមាន​ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៦០​នាក់ ​និង​តាជី យាយជី​ចំនួន​២០​នាក់ សរុប​ទាំងអស់​៨០​នាក់ ដោយ​ក្នុង​ម្នាក់ៗ ទទួល​បាន​អង្ករ ១​បេ ទម្ងន់​៣០​គីឡូក្រាម មី​២០​កញ្ចប់ តែ ទឹកដោះគោ ត្រី​២ អាវ​រងា​ និង​ថវិកា​២​ម៉ឺន​រៀល​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114