ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ នឹង​ស្ថាបនា​ផ្លូវ​បេតុង​នៅខាងមុខ​មណ្ឌល​ឱកាស​ខ្ញុំ​ ជូន​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​ក្នុង​ពេល​ឆាប់​នេះ​

ភ្នំពេញ ៖ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ថា មាន​បញ្ហា​លំបាក​ដោយសារ​ក្រុមហ៊ុន ចិន លាយ​បេតុង នៅខាងមុខ​មណ្ឌល​ឱកាស​ខ្ញុំ កំពុង​បង្ក​ផលប៉ះពាល់​បរិស្ថាន​ទៅដល់​ប្រជាពលរដ្ឋ លោក ម៉ូ​វ ម៉ានិត អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ បាន​បញ្ជា​ឲ្យ​លោក ហ៊​ត គឹម​នី នាយករង​រដ្ឋបាល​ខ​ណ្ឌ​សែន​សុខ​ ដឹកនាំ​មន្ត្រី​ចុះទៅ​ដល់​ទី​តាំង​ក្រុមហ៊ុន ដើម្បី​ធ្វើការ​កិច្ចសន្យា​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន ធ្វើយ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​បន្តទៀត។​

លោក ហ៊​ត គឹម​នី នាយករង​រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​ប្រាប់​ឲ្យ​ដឹងថា ដោយ មាន​បណ្ដឹង​ពី​ប្រជា​ពលរដ្ឋ​អំពី​បញ្ហា​បរិស្ថាន ដែល​កើតចេញពី​ទីតាំង​ក្រុមហ៊ុន ចិន លាយ​បេតុង នៅខាងមុខ​មណ្ឌល​ឱកាស​ខ្ញុំ នាំ​ឲ្យ​ប៉ះពាល់​ទៅ​ប្រជាពលរដ្ឋ ទាំង​បញ្ហា​ផ្លូវ ទាំង​លំអង ធូលី កម្ទេច ស៊ីម៉ងត៍ ហុយ​ជា​ប្រចាំ​នោះ លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ បាន​បញ្ជា​ឲ្យ​លោក​ដឹកនាំ​មន្ត្រី​ចុះទៅ​ដល់​ទី​តាំង​ក្រុមហ៊ុន ចិន លាយ​បេតុង​នោះ ដើម្បី​ធ្វើ​កិច្ចសន្យា​កែសម្រួល​ឲ្យ​បាន​ល្អ​ប្រសើរ ធ្វើយ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ។​

លោក ហ៊​ត គឹម​នី ប្រាប់​បន្តថា នាពេល​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន នា​ព្រឹក​ថ្ងៃខែ​ដដែល​នោះ អាជ្ញាធរ​ខណ្ឌ​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន ដើម្បី​ស្ថាបនា​ផ្លូវ​បេតុង​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។ គម្រោង​ផ្លូវ​ដែល​ស្ថាបនា​ជា​ផ្លូវ​បេតុង​នេះ មាន​ប្រវែង​ប្រហែល​២៥០​ម៉ែត្រ ទទឹង​ប្រហែល ៦ ទៅ ៧​ម៉ែត្រ ( រង់ចាំ​វាស់​ជាក់ស្ដែង) ក្រាល​សរសៃ​ដែក កម្រាស់​០,១៥​ម៉ែត្រ ( ១​តឹក​កន្លះ )។​

សូមបញ្ជាក់​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ មាន​ក្រុមហ៊ុន ចិន លាយ​បេតុង ដែលមាន​ទីតាំង​នៅខាងមុខ​មណ្ឌល​ឱកាស​ខ្ញុំ កំពុងតែ​បង្ក​ផល​ប៉ះពាល់​បរិស្ថាន​យ៉ាង​ខ្លាំង ដោយសារតែ​លំអង ធូលី កម្ទេច ស៊ីម៉ងត៍ ហុយ​ជាប្រចាំ។ បញ្ហា​ទាំងនេះ​កើតឡើង​ប្រមាណ ២​ឆ្នាំ​មក​ហើយ ដោយឡែក​ទើបតែ​រយៈពេល​១​ឆ្នាំនេះ គឺ​បញ្ហា​លំអង ធូលី កម្ទេច​ស៊ីម៉ងត៍​ហុយ​កាន់​តែ​ខ្លាំង​ទៅៗ ដែល​ធ្វើ​ឲ្យ​ពួកគាត់​រស់នៅ​តំបន់​នេះ ពិបាក​ខ្លាំង​ណាស់ រស់នៅ​ជាមួយ​ធូលី​ស៊ីម៉ងត៍​រាល់​ថ្ងៃ។

ពលរដ្ឋ​ប្រាប់​បន្តថា ការ​ប៉ះពាល់​ទាំងនេះ មិន​ត្រឹមតែ​មនុស្ស សត្វ នោះ​ទេ សូម្បីតែ ម៉ូតូ ឡាន ក៏​ប៉ះពាល់​ផង​ដែរ ពីព្រោះ ធូលី​នេះ គឺជា​មេ​ស៊ីម៉ងត៍ ដែល​ក្រុម​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ យកមក​បង្ហូរ​កាកសំណល់​នៅលើ​ផ្លូវ​នេះ​ជាប្រចាំ។ ហេតុ​ដូច​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ផ្លូវ​១​ខ្សែ​នេះ ពិបាកធ្វើ​ដំណើរ​ណាស់ ខែវស្សា​បែក​ភក់ បែក​ម៉ាំ ចំណែក​ខែប្រាំង​វិញ គឺ​បញ្ហា​លំអង ធូលី កម្ទេច​ស៊ីម៉ងត៍​ហុយ​ងងឹត​មេឃ នៅពេល​មាន​រថយន្ត តូច ធំ បើកបរ​ទៅមក​ម្តងៗ។​

ដោយ​បញ្ហា​ទាំងអស់នេះ ប្រជាពលរដ្ឋ សូម​សំណូមពរ​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​ជួយ​ពិនិត្យ និង​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​ផង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114