ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្សព្វផ្សាយ​ពី​ការផ្ដល់សេវា​រដ្ឋបាល​ លើ​វិស័យ​ទេសចរណ៍ ​តាម​យន្តការ​ច្រក​ចេញ​ចូល​តែមួយ​រាជធានី​ភ្នំពេញ

ភ្នំពេញ ​៖ ពិធី​ផ្សព្វផ្សាយ ស្ដីពី​ការ​ផ្ដល់​សេវា​រដ្ឋបាល​ លើ​វិស័យ​ទេសចរណ៍​តាម​យន្តការ​ច្រកចេញ​ចូល​តែមួយ​រាជធានី​ភ្នំពេញ​ ដល់​បងប្អូន​ជា​ម្ចាស់ ជា​អ្នកគ្រប់គ្រង​អាជីវកម្ម​ ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព លោក ហួត ហៃ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដោយមាន​ការ​ចូលរួម​ពី​ លោក​បណ្ឌិត ឡី សុភាព ប្រធាន​សហព័ន្ធ​វិនិយោគិន និង​ជា​ប្រធាន​សហព័ន្ធ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​កម្ពុជា លោកស្រី មួក យុវ​ល័​ក្ខ ប្រធាន​អង្គភាព​ច្រកចេញ​ចូល​តែមួយ​រាជធានី​ភ្នំពេញ ព្រមទាំង​សមាជិក សមាជិកា សហព័ន្ធ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​កម្ពុជា ម្ចាស់​មូល​ដ្ឋាន​អាជីវកម្ម​ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ មណ្ឌល​កម្សាន្ត ខារ៉ាអូខេ ម៉ាស្សា ប្រមាណ​៥០០​នាក់។​

លោក ​ហួត ហៃ ​អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​ លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើងថា គោលបំណង​ដែល​អញ្ជើញ​បងប្អូន​មក​ថ្ងៃនេះ ​គឺ​ក្នុង​គោល​បំណង​ប្រាប់​បងប្អូន​ថា នៅ​រាជធានី​ភ្នំពេញ​មាន​ច្រក ចេញចូល​តែមួយ ដូច្នេះ​សូម​បងប្អូន​មក​សុំ​អាជ្ញា​ប័ណ្ណ ដោយ​មិនបាច់​ទៅរក​ច្រើន​កន្លែង​ទេ គឺ​មាននៅ​អង្គភាព​ច្រក ចេញចូល​តែមួយ ​នៅ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ដែលជា​កន្លែង​ប្រមូលផ្ដុំ ​នៃ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ជូន​បងប្អូន​ ហើយ ក្នុង​នោះ​សម្រាប់​វិស័យ​ទេសចរណ៍​ដែល​បងប្អូន​យើង​ត្រូវ​មក​ទទួល​សេវា​ពី​ច្រក​ចេញចូល​តែមួយ រួមមាន អាជ្ញាប័ណ្ណ​ទេសចរណ៍ សម្រាប់​សណ្ឋាគារ ​និង​សេវាកម្ម​ស្នាក់នៅ អាជ្ញាប័ណ្ណ​ទេសចរណ៍ សម្រាប់​ខារ៉ាអូខេ អាជ្ញាប័ណ្ណ​ទេសចរណ៍ សម្រាប់​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​តាមផ្លូវ​ទឹក ​(​មិនមែន​ជា​លក្ខណៈ​ក្រុមហ៊ុន អាជ្ញាប័ណ្ណ​ទេសចរណ៍ សម្រាប់​កីឡា​ទេសចរណ៍ ជាដើម​។​

លោក ​ហួត ហៃ បាន​បន្តទៀតថា សម្រាប់​សេវា​ នៃ​លទ្ធផល​ប្រគល់​ជូនទៅ​បងប្អូន​វិញ​ គឺមាន​កំណត់​ពេល​ច្បាស់លាស់ ហើយ​តម្លៃ​ក៏បាន​កំណត់​យ៉ាងច្បាស់​នៅក្នុង​តារាង​រួចជាស្រេច។ ​ដូច្នេះ​ទេ​សម្រាប់​បងប្អូន​យើង​ណា​មិនទាន់មាន​អាជ្ញាប័ណ្ណ​ទេសចរណ៍​ទេ សូម​អញ្ជើញ​មក​សុំ​ច្បាប់​អាជីវកម្ម ដើម្បី​ឲ្យ​អាជីវកម្ម​របស់​បងប្អូន​មាន​ភាព​ស្របច្បាប់ ហើយ​ចំពោះ​អ្នកមាន​អាជ្ញាប័ណ្ណ​ហើយ តែ​ហួស​សុពលភាព​ក៏​ត្រូវ​មក​បន្ត​សុពលភាព​ដែរ​។​

លោក​បណ្ឌិត ឡី សុភាព ប្រធាន​សហព័ន្ធ​វិនិយោគិន និង​ជា​ប្រធាន​សហព័ន្ធ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​កម្ពុជា បាន​លើកឡើងថា បើតាម​ច្បាប់ធម្មជាតិ មនុស្ស​យើង ត្រូវ​ហូបចុក បត់ជើង​តូច បត់ជើងធំ បើ​មិន​មាន​បញ្ហា​អ្វីមួយ ពោល​គឺ​ហូប​ហើយ​មិន​ជុះ​ទេ គឺមាន​បញ្ហា​សុខភាព មិនមាន​ក្តី​សុខ​ទេ យ៉ាងណាមិញ សម្រាប់​បងប្អូន​រកស៊ី​លើ​វិស័យ​ទេសចរណ៍ ដូចជា​បើក​សណ្ឋាគារ​ និង​សេវា​កម្ម​ស្នាក់នៅ ខារ៉ាអូខេ ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​តាមផ្លូវ​ទឹក កីឡា​ទេសចរណ៍ ជាដើម​នេះ បើ​មិន​មាន​ច្បាប់​ទេ មិន​ស្រណុក​ក្នុង​ខ្លួន​នោះទេ គឺ​ជួប​នូវ​ការភ័យខ្លាច​ជានិច្ច ដូច្នេះ​ទេ សូម​បងប្អូន​ទាំង​អស់​អញ្ជើញ​មកសុំ​ច្បាប់​អាជីវកម្ម ដើម្បី​ឲ្យ​អាជីវកម្ម​របស់​បងប្អូន​មាន​ភាព​ស្របច្បាប់ ហើយ​ចំពោះ​អ្នក​មាន​អាជ្ញាប័ណ្ណ​ហើយ តែ​ហួស​សុពលភាព​ក៏​ត្រូវ​មក​បន្ត​សុពលភាព​ដែរ​។​

គួរ​បញ្ជាក់ថា ក្រសួងមហាផ្ទៃ​ បាន​បង្កើត និង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ការិយាល័យ​ច្រកចេញ​ចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​/​ខណ្ឌ ក្រុង​, គោលដៅ​ចំនួន​៤០​រួចហើយ ការិយាល័យ​នេះ​ នឹងត្រូវ​ពង្រីក​នៅ​តាម​ខណ្ឌ និង​ស្រុក​គោលដៅ​ផ្សេងៗ​ទៀត ដើម្បី​ផ្តល់​សេវា​ដែល​ជា​តម្រូវ​ការចាំបាច់​របស់​ប្រជាពលរដ្ឋ។

សម្រាប់ ការិយាល័យ​ច្រកចេញចូល​តែមួយ រាជធានី​ភ្នំពេញ​ បានដាក់​ឲ្យ​ដំណើរ​ជា​ផ្លូវ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៦​ ខែ​កក្កដា ​ឆ្នាំ​២០១៨​ កន្លងមកនេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114