ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ អំពាវនាវមាតាបិតានាំកូនទៅចុះឈ្មោះចូលរៀនឱ្យទាន់ពេលវេលាថ្ងៃទី ១៥ តុលា
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអំពាវនាវដល់មាតាបិតាទាំងអស់ដែលមានកូនចាប់ពីអាយុ ៦ ឆ្នាំ ទៅចុះឈ្មោះចូលរៀនឱ្យបានទាន់ពេលវេលា និងឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងដំណើរការសិក្សា ខណៈការចុះឈ្មោះនឹងចាប់ផ្តើមពីថ្ងៃទី១៥ តុលា ឆ្នាំ២០២៤ខាងមុខនេះ។

លោកស្រី ឃួន វិច្ឆិកា បានមានប្រសាសន៍នៅរសៀលថ្ងៃទី១១ តុលា នេះថា «ដើម្បីលើកកម្ពស់គុណភាពការអប់រំ ក៏ដូចជាជំរុញឱ្យប្អូនៗ សិស្សានុសិស្សបានចូលរៀន ក្នុងនាមក្រសួងអប់រំ សូមអំពាវនាវដល់មាតាបិតាទាំងអស់នាំប្អូនៗ មកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា និងឱ្យបានទាន់ពេលវេលា ក៏ដូចជាគាំទ្រជំរុញដល់ប្អូនៗក្នុងការចូលរៀនឱ្យទទួលបានលទ្ធផលល្អ និងជោគជ័យនៅក្នុងដំណើរការសិក្សា»។
ជាមួយគ្នានេះដែរ លោកស្រីបានបន្តថា សម្រាប់សិស្សានុសិស្សដែលឆ្លងភូមិសិក្សាកម្រិតបឋមសិក្សាចូលទៅអនុវិទ្យាល័យ ក៏ដូចជាឆ្លងពីកម្រិតថ្នាក់ទី ៩ ទៅថ្នាក់ទី ១០ ក៏សូមចុះឈ្មោះចូលរៀនឱ្យបានទាន់ពេលវេលាផងដែរ។
សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ត្រូវចាប់ផ្ដើមដំណើរការនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ និងបញ្ចប់ទៅវិញនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦។ ទន្ទឹមនឹងនេះ ក្រសួងក៏បានណែនាំឱ្យសាលារៀនរៀបចំជួសជុលអគារសិក្សា បន្ទប់រៀន តុកៅអី លើកកម្ពស់អនាម័យ និងបរិស្ថានសាលារៀន រៀបចំក្រុមបណ្ដាញសាលារៀន ដើម្បីកសាងឬធ្វើបច្ចុប្បន្នកម្មផែនទីខ្នងផ្ទះ ផែនទីសិក្សា ប្រព័ន្ធ គ្រប់គ្រងរំហូរទិន្នន័យ និងព័ត៌មានកុមារចូលរៀន។
ពាក់ព័ន្ធនឹងការបើកបវេសនកាលឆ្នាំសិក្សាថ្មី លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានមានប្រសាសន៍ថា ក្រសួងគ្រោងបើកបវេសនកាលឆ្នាំថ្មីនៅស្រុកចុងកាល ខេត្តឧត្តរមានជ័យដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព និងគាំទ្ររបស់បងប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សដល់វីរកងទ័ពជួរមុខ។
លោកឧបនាយករដ្ឋមន្ត្រី ប៉ាន់ស្មានថាសាលារៀនជាប់ព្រំដែនដែលរងការខូចខាតដោយសារសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃប្រហែលជាមិនអាចបើកដំណើរការបានទេដោយសារទីតាំងសាលាទាំងនោះមានគ្រាប់មិនទាន់ផ្ទុះ និងអំបែងគ្រាប់ដែលថៃបានបាញ់ទាមទារឱ្យមន្ត្រីជំនាញស៊ីម៉ាក់មកបោសសម្អាតជាមុនសិន។
ជាមួយគ្នានេះដែរ ក្រសួងនឹងរៀបចំសាងសង់អគារសិក្សាបណ្តោះអាសន្ននៅទីតាំងផ្សេងដែលមានតម្លៃថោកដើម្បីជួយសម្រួលដល់សិស្សដែលមិនទាន់មានសាលារៀនដែលខូចខាតដោយសារសង្គ្រាមឈ្លានពានពីភាគីថៃ ខណៈក្រសួងត្រៀមថវិកា៥០ម៉ឺនដុល្លារសម្រាប់ជួសជុលសាលារៀនខូចខាតដោយសារសង្គ្រាមឈ្លានពានថៃ។ សាលាចំនួន ៧ បានរងការខូចខាតទាំងស្រុង និងខូចខាតបន្ទាប់បន្សំដោយសារការឈ្លានពានពីសំណាក់ភាគីថៃ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


