ព័ត៍មានទាន់​ហេតុការណ៏
Search

សាន ផានិត និងរ័ត្ន រចនា បង្ហាញ​ជំហរ​មុន​ពេល​ចេញទៅ​កូរ៉េ​

​ភ្នំពេញ ៖ ពិតជា​ធ្វើ​កក្រើក​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​កូរ៉េ​ ព្រោះថា​នៅ​ថ្ងៃទី​៣១ ​ខែ​ធ្នូ​ ឆ្នាំ​២០១៨​ខាង​មុខនេះ ​ពោលគឺ​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​ នឹង​រៀបចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​ទ្រង់ទ្រាយ​ធំ ជូន​ដល់​ក្រុម​ពលករ​ខ្មែរ​ នៅ​ទីនោះ​ដើម្បី​បាន​ចូលរួម​សប្បាយរីករាយ​ជាមួយនឹង​ការ​ប្រលង​ចម្រៀង ការប្រលង​សម្រស់ ស្រី​ស្អាត ប្រុស​ស្អាត និង​ការ​ច្រៀង​-​សម្ដែង​ពី​សំណាក់​តារា​ល្បីៗ​របស់​ខ្មែរ​ដូចជា ​៖ លោក ខេ​ម ,​លោក សាន ផានិត ,​កញ្ញា រ័ត្ន រចនា​ និង​លោក ​រ៉ូ​លីន ​ជាដើម​។​

ជាមួយគ្នា​ នៃ​ការ​ចេញទៅ​ប្រទេស​កូរ៉េ​នេះដែរ​ តារាចម្រៀង​ម្ចាស់​បទ​ទូរស័ព្ទ​ប្រាប់​ផង​ លោក​ សាន ផានិត និង​ម្ចាស់​បទ មេម៉ាយ​សប្បាយចិត្ត​ គឺ ​កញ្ញា រ័ត្ន រចនា ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចេញទៅ​ច្រៀង​រាំ​ផងដែរ​ ដោយ​ក្នុងនោះ​អ្នក​ទាំងពីរ​បានបង្ហាញ​អារម្មណ៍​ក្នុង​វេទិកា​សន្និសីទកាសែត កាលពី​ថ្ងៃ​ទី​៨​ ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​ថា​ ពួកគេ​ពិតជា​សប្បាយចិត្ត​យ៉ាងខ្លាំង​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​ដ៏​ធំ​នាពេល​ខាង​មុខ​នេះ​។​

លោក សាន ផានិត បាន​លើកឡើងថា ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​តាំងពី​ពេល​ដឹងថា​ អ្នករៀបចំ​កម្មវិធី​មាន​បំណង​អញ្ជើញ​លោក​ឲ្យ​ចេញទៅ​ច្រៀង​នៅក្នុង​កម្មវិធី​ឆ្លង​ឆ្នាំ​នោះ​ម្ល៉េះ​ ខណៈដែល​ខ្ញុំ​ក៏​កាន់​តែ​មាន​អារម្មណ៍​ត្រេកអរ​នៅពេលដែល​បាន​ឡើង​ឆាក​នៅក្រៅ​ប្រទេស​ឡើងវិញ។

លោ​កថា​ វេទិកា​ដែល​លោក​នឹង​ទៅ​ច្រៀង​រាំ​នោះ គឺជា​វេទិកា​រៀបចំ​ដោយ​ស្ថានទូត​កម្ពុជា ​ប្រចាំ​នៅ​ក្នុង​ប្រទេស​កូរ៉េ ហើយ​មានការ សហការ​ពី​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា ដែល​ជា​អ្នកជំនួញ និង​ជា​ម្ចាស់​គម្រោង​ដីធ្លី​ល្បីឈ្មោះ​ផង​នោះ​។

លោក សាន ផានិត បាន​បន្ថែមថា ក្នុងចំណោម​តារា​របស់​ខ្មែរ​ទាំងអស់​ដែល​បាន​ចេញទៅ​សម្ដែង​នៅ​ថ្ងៃទី​៣១​ធ្នូ​នោះ ​គឺមាន​តារាចម្រៀង​ លោក ខេ​ម , រ៉ូ​លីន ដែល​តារា​ចម្រៀង​ទាំងនេះ​លោក​សុទ្ធតែ​ធ្លាប់​ឡើង​ឆាក​ប៉ះ​គ្នា​ ស្គាល់ចិត្ត និង​ស្គាល់​ទេពកោសល្យ​ពីគ្នា​ទៅវិញទៅមក​រួចមកហើយ លើកលែង​តែអ្នកល្បី ដោយសារ​បទ​មេម៉ាយ​សប្បាយចិត្ត​ ដែល​លោក​បាន​ធ្វើជា​ដៃគូ ដែល​លោក​យល់ថា​ គឺជា​អ្វីដែល​លោក​សប្បាយចិត្ត ជាពិសេស​ក្នុង​ពេល​ប៉ះ​គ្នា​លើកដំបូង​ហើយ ​ស្រាប់តែ​ប៉ះ​នៅក្នុង​ប្រទេស​កូរ៉េ​លើក​នេះ​។​

ជាមួយគ្នានេះដែរ​ តារា​ចម្រៀង​សម្បូរ​សាច់​ដើមទ្រូង ​កញ្ញា រ័ត្ន រចនា ក៏បាន​បង្ហាញ​អារម្មណ៍​រំភើប​ចិត្ត ដែល​បាន​ចាប់ដៃ​ជាមួយ ​លោក សាន ផានិត ទៅ​ច្រៀង​កំដរ​បងប្អូន​ក្រុម​ពលករ​ខ្មែរ​ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​នោះ​ផង​ដែរ​។
កញ្ញា រ័ត្ន រចនា បាន​និយាយថា ​ខ្លួន​នឹង​បញ្ចេញ​សមត្ថភាព​ឲ្យ​អស់​នៅ​លើ​វេទិកា​នោះ ​ដោយ​ក្រៅពី​ច្រៀង​បទ​ចម្រៀង​អាច​រាំ​សប្បាយៗ ក៏​នឹង​ការបង្ហាញ​នូវ​ឈុត​បែប​ខ្មែរ ​ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ​ជាតិខ្មែរ​នៅក្នុង​វេទិកា​នោះដែរ​។

ដោយឡែក​ សម្រាប់​ លោក ឡេង ណា​វ៉ា​ត់​ត្រា ដែលជា​ដៃគូ​សហការ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នោះ បាន​អះអាងថា កម្មវិធី​ដែល​គ្រោង​ធ្វើឡើង​នោះ​ គឺជា​ការ​រៀបរប​ស់​ឯក​អគ្គរាជទូត​របស់​ប្រទេស​កម្ពុជា ​ប្រចាំ​នៅក្នុង​ប្រទេស​កូរ៉េ ដើម្បីឲ្យបងប្អូន​ពលករ​កូរ៉េ​ទូទាំង​ប្រទេស​កូរ៉េ​ បាន​សប្បាយរីករាយ​ជាមួយនឹង​កម្មវិធី​សិល្បៈ បន្ទាប់ពី​ធ្វើការ​ហត់​ពេញ​មួយឆ្នាំ​តាំងពីដើម​ខែមករា​នោះ​។​

កម្មវិធី​នេះ មាន​លក្ខណៈ​ខុសប្លែក​ជាង​មុន​ត្រង់​មានការ​ប្រលង​ចម្រៀង និង​ប្រលង​បុរស​ឯក​ នារី​ឯក ដោយ​ខាង​ស្ថានទូត​កម្ពុជា បាន​ដំណើរ​ជ្រើសរើស​អ្នក​ប្រលង​ចម្រៀង និង​អ្នក​ប្រលង​សម្រស់​ជា​បណ្ដើរៗ​មក​ហើយ ដើម្បី​ធ្វើការ​ប្រកួត​ជម្រុះ​នៅ​ថ្ងៃទី​៣១​ធ្នូ ហើយ​ពេល​រាត្រី​ ក៏មាន​ការ​ប្រគំតន្ត្រី​រាំ​លេង​ពី​តារាចម្រៀង​របស់​ខ្មែរ​ទៀតផង​។

ចំពោះ​ការដាក់​ពាក្យ​ប្រលង​ចម្រៀង និង​ប្រលង​សម្រស់ ​គឺ​ក្រុម​ពលករ​មិនមាន​ការចំណាយ​ប្រាក់​នោះ​ឡើយ ផ្ទុយទៅវិញ​គឺ​បានទទួល​ប្រាក់រង្វាន់​ពី​លេខ​១ ដល់​លេខ​៥ សម្រាប់​វិញ្ញាសា​មួយៗ ពី​ក្រុមហ៊ុន ឡេង ណា​វ៉ា​ត់​ត្រា ដែល​លោក​ប្រកាស​ថា​ មិនទាន់​ចង់​បង្ហើប​ ដោយ​រង់ចាំ​កៀរគរ​ការ​គាំទ្រ​ឲ្យ​បាន​ច្រើន​បន្តិចទៀត​សិន​។ ប៉ុន្តែ​សម្រាប់​កម្មវិធី​រាត្រីសមោសរ និង​ការ​រាំ​កម្សាន្ត​នៅ​ពេល​យប់ ដែល​មាន​តារា​ល្បីៗ​បង្ហាញខ្លួន គឺ​តម្រូវ​ឲ្យ​ទិញ​សំបុត្រ​ញ៉ាំ​អាហារ​ប៊ុ​ហ្វេ​ខ្លួនឯង ​ក្នុង​ម្នាក់​ប្រមាណ​ជា​២០​ដុល្លារ ដោយសារតែ​លោក​រ៉ាប់រង​តែ​រឿង​នាំ​តារា​ចម្រៀង​ទៅ ផ្ដល់​ប្រាក់​រង្វាន់​ដល់​អ្នកឈ្នះ និង​ការ​ចំណាយ​លើ​ការ​ជួយ​ទីតាំង ក៏ដូចជា​ការ​រ៉ាប់រង​លើ​សន្តិសុខ​នៅ​ក្នុង​ពិធី ចំណែក​ការ​ចំណាយ​លើ​អាហារ ​គឺ​អ្នកចូលរួម​ត្រូវ​រាប់​រង​ខ្លួនឯង​។​ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់ លោក ឡេង ណា​វ៉ា​ត្រា​៕