ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងការបរទេស​ថា ករណី​សារព័ត៌មាន ឌឹ​ខេ​ម​បូ​ឌា​ដេលី ជា​ការ​អនុវត្ត​ច្បាប់ ហើយ​បើ​បាន​បំពេញ​កាតព្វកិច្ច​ពន្ធ​របស់​ខ្លួន អាច​បន្ត​ប្រតិបត្តិការ​ឡើងវិញ​បាន

ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បញ្ជាក់​បែបនេះ នៅ​ក្នុង​សេចក្តី​បំភ្លឺ​របស់ខ្លួន​ កាលពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោយពី​សារព័ត៌មាន​នេះ បាន​ធ្វើការ​ចោទប្រកាន់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ឈប់​ប្រតិបត្តិការ និង​បាន​បិទ​គណនី​ធនាគារ​របស់​ខ្លួន ដោយសារ​តែ​មាន​ជំហរ​រិះគន់​រដ្ឋាភិបាល​។​

សេចក្តីបំភ្លឺ​របស់​ក្រសួង​លើកឡើងថា កាលពី​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រសួងការបរទេស​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ដែល​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​លំហ​នយោបាយ ដោយ​អនុលោម​ទាំងស្រុង​តាម​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​បញ្ជាក់​ពី​វិធានការ​បន្ថែម​ទៀត ក្នុងចំណោម​វិធានការ​សំខាន់ៗ​ដទៃទៀត ដើម្បី​លើកតម្កើង​សេរីភាព​សារព័ត៌មាន និង​សេរីភាព​ក្នុងការ​បញ្ចេញមតិ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្រសួង​បន្តថា មកដលពេលនេះ អង្គភាព​ផ្សព្វផ្សាយ​ជាច្រើន​កំពុង​ធ្វើ​ប្រតិបត្តិការ​ដោយ​សេរី ដោយ​សារ​ពួកគេ​ធ្វើ​ប្រតិបត្តិការ​ស្របតាម​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​។​

តាម​ក្រសួងការបរទេស ក្រោយពី​ចេញ​សេចក្ដីថ្លែងការណ៍​នេះ សារព័ត៌មាន ឌឹ​ខេ​ម​បូ​ឌា​ដេលី បាន​ចោទ​ប្រកាន់​រាជរដ្ឋាភិបាល​កម្ពុជា​ថា បាន​បញ្ឈប់​ប្រតិបត្តិការ និង​បាន​បិទ​គណនី​ធនាគារ​របស់​ខ្លួន ដោយសារ​តែ​មាន​ជំហរ​រិះគន់​រដ្ឋាភិបាល​។

ក្រសួង​ថា នេះ​ជាការ​ចោទប្រកាន់​ដោយ​គ្មាន​ការពិត និង​គ្មាន​សច្ចៈ​ភាព​ទាល់តែសោះ​។ ជាក់ស្ដែង អង្គភាព​ផ្សព្វផ្សាយ​ជា​ភាសា​ខ្មែរ និង​បរទេស​ជាច្រើន ដែល​បាន​អនុវត្ត​តាម​ទាំងស្រុង​ចំពោះ​ច្បាប់​ជា​ធរមាន បាន​បន្ត​ប្រតិបត្តិការ​ផ្សព្វផ្សាយ និង​ប្រើប្រាស់​សិទ្ធ​បញ្ចេញ​មតិ​របស់​ខ្លួន ដោយ​គ្មាន​ការ​រំខាន។

យោង​តាម​ឯកសារ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ សារព័ត៌មាន​ឌឹ​ខេ​ម​បូ​ឌា​ដេលី បាន​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន ​ចាប់តាំងពី​ឆ្នាំ​២០០៧​មក ដោយ​មិនបាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​នោះឡើយ​។

ក្នុង​ករណីនេះ​នៅ​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បញ្ជូន​លិខិត​មួយ​ច្បាប់​ទៅ​សារព័ត៌មាន ឌឺ​ខេ​បូ​ឌា ដេលី ដើម្បី​មក​ដោះស្រាយ​ពន្ធ​មិនបាន​បង់ ដែល​មាន​ទឹកប្រាក់​៦,៣​លាន​ដុល្លារ​អាមេរិក ហើយ​ដែល​សារព័ត៌មាន​ឌឺ​ខេ​បូ​ឌា ដេលី មាន​រយៈពេល​៣០ ថ្ងៃ​ក្នុងការ​ឆ្លើយតប​។

ទោះបីជា​យ៉ាងណាក៏ដោយ ម្ចាស់​សារព័ត៌មាន​នេះ មិនបាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​បាន​លើក​ពេល​ណាត់​ជួប​ជាច្រើនលើក ហើយ​សារព័ត៌មាន​នេះ ក៏បាន​បញ្ឈប់​ប្រតិបត្តិ​ការផ្សាយ​ដោយ​ខ្លួនឯង ដោយសារតែ​ការ​ខកខាន​មិនបាន​បំពេញ​កាតព្វកិច្ច​ពន្ធ ស្រប​ទៅ​តាម​ច្បាប់​ពន្ធដារ​។​

ក្រោយពេល​កាលបរិច្ឆេទ​៣០​ថ្ងៃ បាន​កន្លងផុតទៅ អគ្គនាយកដ្ឋាន​ពន្ធដារ​មិន​មាន​ជម្រើស​អ្វី​ក្រៅតែ​ពី​អនុវត្ត​វិធានការ​ស្របតាម​ច្បាប់​ពន្ធដារ ដោយ​រួមមាន​ការ​បិទ​គណនី​ធនាគារ​របស់​សារព័ត៌មាន​ឌឺ​ខេ​ម​បូ​ឌា​ដេលី។

ការ​តម្រូវ​ឲ្យ​បង់ពន្ធ​នេះ មិនមែន​ផ្ដោត​ចំពោះតែ​សារព័ត៌មាន​ឌឹ​ខេ​ម​បូ​ឌា​ដេលី នោះ​ទេ​។ ជាមួយគ្នា​នោះ អគ្គនាយកដ្ឋាន​ពន្ធដារ បាន​រកឃើញ​ករណី​ជាច្រើន​ទៀត​ពាក់ព័ន្ធ​នឹង​ការមិន​គោរព​កាតព្វកិច្ច​ពន្ធ ហើយ​វិធានការ​ច្បាប់​នានា ត្រូវបាន​អនុវត្ត ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​ប្រមូល​ចំណូល​ពន្ធដារ។

ករណី​ស្រដៀង​គ្នា​នេះដែរ​ដែល​គួរ​ត្រូវ​លើកមកបង្ហាញ គឺ​វិទ្យុ​អាស៊ី​សេរី (RFA)។ ទីភ្នាក់ងារ​ព័ត៌មាន​នេះ មិនបាន​ទទួល​ច្បាប់​អនុញ្ញាត​ណាមួយ​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ទេ​។ ហេតុដូចនេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ បាន​ស្នើ​ឲ្យ​អង្គភាព​នេះ មក​ធ្វើការ​បញ្ជាក់​ពី​ការអនុវត្ត​កាតព្វកិច្ច​ពន្ធ​របស់​ខ្លួន​។ ដោយ​ខកខាន​មិនអាច​បំពេញ​កាតព្វកិច្ច​ច្បាប់​បាន វិទ្យុ​អាស៊ី​សេរី បាន​បិទ​ការិយាល័យ និង​បញ្ឈប់​បុគ្គលិក​របស់ខ្លួន ហើយ​ចាប់​ផ្ដើម​ធ្វើ​ប្រតិបត្តិការ​ជា​សំងាត់​នូវ​របៀបវារៈ ដែល​អវិជ្ជា​ជីវៈ ក្នុងការ​បង្ខូច​កិត្តិនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​បញ្ចុះបញ្ចូល​សហគមន៍​អន្តរជាតិ​ឲ្យ​ដាក់​សម្ពាធ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា។

ក្រសួងការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ មានការ​សោកស្ដាយ​ចំពោះ​ការចោទប្រកាន់​ដែល​មាន​ចរិត​នយោបាយ ដែល​ធ្វើឡើង​ដោយសារ​ព័ត៌មាន​ឌឹ​ខេ​ម​បូ​ឌា​ដេលី ហើយ​សូម​បញ្ជាក់​សាជាថ្មី​ម្ដង​ទៀត​ថា ក្នុង​ករណី​ដែល​សារព័ត៌មាន ឌឹ​ខេ​ម​បូ​ឌា​ដេលី បាន​បំពេញ​កាតព្វកិច្ច​ពន្ធ​របស់​ខ្លួន​សព្វគ្រប់​នោះ សារព័ត៌មាន​នេះ នឹង​អាច​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ឡើងវិញ​បាន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114