ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​ គ្រោង​នឹង​បញ្ជូន​យុវជន​ចំនួន​១២​រូប​ ទៅ​ចូលរួម​សន្និសីទ​និស្សិត​អាស៊ាន​ និង​ជប៉ុន​ នៅ​ដើម​ឆ្នាំក្រោយ

​ភ្នំពេញ​ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា ​គ្រោង​នឹង​បញ្ជូន​យុវជន​ចំនួន​១២​រូប​ ទៅ​ចូលរួម​សន្និសីទ​និស្សិត​អាស៊ាន និង​ជប៉ុន​នៅ​ពាក់កណ្ដាល​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​ខាងមុខនេះ​ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​បទពិសោធន៍​ចំណេះដឹង​ និង​ទំនាក់ទំនង​រវាង​យុវជន​អាស៊ី​បូព៌ា​ និង​ជប៉ុន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​
​ ​
យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​បាន​បង្ហោះ​នៅលើ​គេហ​ទំព័រ​ផ្លូវការ​របស់ខ្លួន​កាល​ថ្ងៃទី​១២ ​ខែធ្នូ ​ឆ្នាំ​២០១៨​ ឲ្យ​ដឹងថា ​ក្រសួង​អប់រំ​ នឹង​ជ្រើសរើស​យុវជន​ចំនួន​១២​រូប ក្នុងនោះ​មាន​ស្រី​៦​រូប និង​ប្រុស​៦​រូប​ ដើម្បី​ទៅ​ចូលរួម​សន្និសីទ​និស្សិត​អាស៊ាន និង​ជប៉ុន រយៈពេល​៩​ថ្ងៃ ពោលគឺ​នៅ​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខនេះ​ ដែល​រាល់​ការ​ចំណាយ​ផ្សេងៗ​ នៃ​សន្និសីទ​និស្សិត​អាស៊ាន និង​ជប៉ុន​នេះ គឺជា​បន្ទុក​របស់​ភាគី​ជប៉ុន​ទាំងស្រុង​។​

​សេចក្ដី​ជួន​ដំណឹង​ខាងលើ​បាន​បន្តថា ​បេក្ខជន​ដែល​ក្រសួង​ជ្រើសរើស​ត្រូវមាន​យុវ​ ចាប់ពី​១៨ ទៅ​៣៥​ឆ្នាំ ត្រូវ​ចេះ​ភាសា​អង់គ្លេស គោរព​វិន័យ​ល្អ លះបង់​ពេលវេលា មាន​ភាពជា​អ្នកដឹកនាំ មានគំនិត​ច្នៃប្រឌិត ​និង​នវានុវត្តន៍ មានចំណេះដឹង​ខាង​បរិស្ថាន អប់រំ និង​អាស៊ាន​ ហើយ​មិន​ធ្លាប់បាន​ចូលរួម​កម្មវិធី​ដែល​រៀបចំឡើង​ដោយ​រដ្ឋាភិបាល​ជប៉ុន​នៅ​ប្រទេស​ជប៉ុន​ឡើយ​។

បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍​អាច​មក​ទទួល​ពាក្យ​ គឺ​ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ ​រហូតដល់ ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ ​នៅ​ការិយាល័យ​រដ្ឋបាល​ នៃ​នាយកដ្ឋាន​យុវជន អគារ​លេខ ១៥២ មហាវិថី​ព្រះនរោត្ដម សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ឬ ទំនាក់ទំនង​ដាក់ពាក្យ​តាមរយៈ​លេខ​ទូរស័ព្ទ​០១២ ៩៣៥ ៣៥៧ ។​

លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​យុវជន និង​កីឡា​បាន​ឲ្យ​ដឹងថា​ ការផ្លាស់ប្ដូរ​បទពិសោធន៍​ នៃ​ចំណេះ​ជំនាញ​របស់​យុវជន វាង​ប្រទេស ​នៃ​អាស៊ាន​នេះ គឺជា​ការចូលរួម​យ៉ាង​សំខាន់​ នៃ​ភាគី​ប្រទេស​ក្នុង​អាស៊ាន ដើម្បី​កសាង​សមត្ថភាព​យុវជន ​នៃ​ប្រទេស​នីមួយៗ ក្នុង​គោលដៅ យកចំណេះ​ជំនាញ​ទាំងនោះ មក​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​មាន​ការ​រីកចម្រើន​។

លោក​បន្តថា ការចូលរួម​របស់​យុវជន​កម្ពុជា គឺ​ផ្នែក​មួយ​សំខាន់​ណាស់ ដែល​រដ្ឋាភិបាល​កម្ពុជា​រំពឹង​ទុក ហើយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ក៏​ជឿ​ជាក់​ដែល​ថា យុវជន​កម្ពុជា​១២​រូបនោះ នឹង​ទទួល​បាន​ចំណេះដឹង​ផ្សេងៗ ដែល​បានមកពី​សន្និសីទ​និស្សិត​អាស៊ាន និង​ជប៉ុន​នេះ មក​ចែករំលែក​ដល់​យុវជន​កម្ពុជា​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114