ព័ត៍មានទាន់​ហេតុការណ៏
Search

ណុប បា​យ៉ា​រិ​ទ្ធ ផ្ទុះ​ប្រតិកម្ម​លើ​ករណី​គេ​លួចឈ្មោះ ​និង​រូបថត​បង្កើត​Account Facebook​ ទាញយក​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​

​ភ្នំពេញ ​៖​ តារា​ចម្រៀង​ប្រុស​របស់​ផលិតកម្ម​ហង្ស​មាស ​លោក ណុប បា​យ៉ា​រិ​ទ្ធ ថ្មីៗ​នេះ​ បាន​បញ្ចេញ​ប្រតិកម្ម​ ស្របពេល​ដែល​ប្រទះឃើញ​ឈ្មោះ ​និង​រូបថត​របស់​លោក ​ត្រូវបាន​ជនខិលខូច​លួច​យកទៅ​បង្កើត​Account Facebook​ ក្លែងក្លាយ​ ក្នុង​គោលបំណង​ដើម្បី​ទាញយក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​បង្ក​ការ​ភ័ន្តច្រឡំ​ពី​សំណាក់​មហាជន​។​

ចំពោះ​ការផ្ទុះ​ប្រតិកម្ម​របស់​តារាចម្រៀង​កូនកាត់​ចិន​ដែល​នៅតែ​រក្សាបាន​ប្រជាប្រិយភាព​ និង​ការ​គាំទ្រ ​លោក ណុប បា​យ៉ា​រិ​ទ្ធ ខាងលើនេះ ​បានធ្វើ​ឡើង​ភ្លាមៗ​ ក្រោយ​ពេលដែល​សាមីខ្លួន​ទើប​ប្រទះឃើញ​Account Facebook​ ក្លែងក្លាយ​ដែលមាន​ឈ្មោះ​ និង​រូបភាព​លោក ​ត្រូវបាន​ជន​អនាមិក​យកទៅ​ធ្វើ​សកម្មភាព​បង្ហោះ​ចរាចរណ៍​លក់​ដី​ឡូត៍​ដោយ​គ្មាន​ក្រែង​ចិត្ត​បន្តិច​ណា​ឡើយ​។​

ដើម្បី​បញ្ជាក់​ការពិត​ និង​កុំ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ដល់​ទស្សនិកជន​អ្នកគាំទ្រ​របស់ខ្លួន​ លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​ចេញមុខ​ប្រកាស​ផ្សព្វផ្សាយ​ជា​ដំណឹង​ថា ​សូមបញ្ជាក់ថា​អា​ខោ​ន​នេះ មិនមែនជា​អា​ខោ​ន ពិត​របស់ខ្ញុំ​ទេ ហើយ​ខ្ញុំ​ក៏បាន​ប្រាប់​ទៅ​ម្ចាស់​អា​ខោ​ន​ក្លែងក្លាយ​ហ្នឹង​ដែរ ថា​មេត្តា​ឈប់​យកឈ្មោះ​ខ្ញុំ​ទៅ​ពាក់ព័ន្ធ​នឹង​ការរកស៊ី​របស់​គាត់​ទៀត តែ​គាត់​នៅតែ​មិន​ស្តាប់​។​

ក្រៅពី​ការបញ្ជាក់​ខាងលើ​ តារា​ចម្រៀង​ប្រុស​រូប​សង្ហា ​លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​និយាយ​ឲ្យ​ដឹង​ទៀត​ថា ​ដូច្នេះ​សូម​បងប្អូន​កុំ​មាន​ការយល់ច្រលំ ខ្ញុំ​អត់​មាន​ទំនាក់ទំនង​អ្វី​នឹង​អា​ខោ​ន​មួយ​នេះ​ ឬ​ម្ចាស់​មុខរបរ​នេះ​ទេ មុន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ សូម​ធ្វើការ​ពិចារណា​ផង​។​

ជាមួយគ្នា​ នៃ​ការប្រកាស​នេះដែរ​ លោក ណុប បា​យ៉ា​រិ​ទ្ធ ក៏បាន​បញ្ជាក់​បន្ថែម​ថា ​បុគ្គល​អនាមិក​រូប​នេះ​ មិន​ត្រឹមតែ​យកឈ្មោះ ​និង​រូបថត​លោក​ទៅប្រើ​នោះទេ​ ថែមទាំង​យកឈ្មោះ ​និង​រូបថត​របស់​តារា​ស្រី​រួម​អាជីព ​កញ្ញា ឱក សុគន្ធ​កញ្ញា ទៅ​បង្កើត​Account Facebook​ ក្លែងក្លាយ​ដើម្បី​បន្លំ​ភ្នែក​របស់​មហាជន​តាមរយៈ​ការ​លក់​ដី​ឡូត៍​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114