ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ជូន​ខ្លួន​ប្រធាន​សហជីព​កម្មករ​សំណង់​ មក​តុលាការ​ ពាក់ព័ន្ធ​ការផលិត​វីដេអូ​រឿង​ “ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ”​

​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹងថា នា​រសៀល​ថ្ងៃទី​១៣ ខែ​​ធ្នូ ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​ប្រធាន​សហជីព​កម្មករ​សំណង់​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ ហើយ​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ផលិត​ខ្សែ​វីដេអូ ​”ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ”មក​តុលាការ​ហើយ​ដើម្បី​សាកសួរ​ និង​សម្រេច​តាមច្បាប់។​ ជនជាប់សង្ស័យ​ក្នុង​រឿងក្ដី​នេះ ​ឈ្មោះ រ៉ាត់ រដ្ឋ​មុនី។​

កាលពី​សប្ដាហ៍​មុន អ្នកស្រី ឡុង គីម​ហ៊ាង​ ដែល​ត្រូវជា​ភរិយា ​លោក រ៉ាត់ រត្ន​មុនី បាន​ប្រាប់​អ្នកកា​សែត​ថា​ ៖ ស្វាមី​របស់​អ្នក​ស្រី​ឈ្មោះ រ៉ាត់ រត្ន​មុនី​ ដែលជា​ប្រធាន​សហជីព​កម្មករ​សំណង់ និង​ភ្នាក់ងារ​សារ​ព័ត៌មាន​រុស្ស៊ី​ធូ​ដេ (RT) ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ហើយ​នឹង​បញ្ជូន​មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​វិញ​តាម​ការ​ស្នើសុំ។​

អ្នកស្រី ឡុង គឹម​ហ៊ាង ក៏បាន​អះអាងថា ​ការ​ចាប់ខ្លួន​ស្វាមី​គាត់​នេះ ​ពាក់ព័ន្ធ​ការផលិត​វីដេអូ​ឯកសារ​មួយ​មាន​ចំណងជើង​ថា «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» របស់​សារព័ត៌មាន​រុស្ស៊ី​ធូ​ដេ (RT)​។​

វី​ឌី​អូ «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» និយាយ​ពី​ស្ត្រី​ខ្មែរ​លក់​កូនស្រី​ខ្លួនឯង​ ដោយសារតែ​ជីវភាព​ខ្វះខាត និង រៀប​រាប់​ពី​ស្ថានភាព ​នៃ​ការ​ប្រកប​អាជីវកម្ម​ផ្លូវភេទ​នៅ​កម្ពុជា​ បានធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ខឹងសម្បា ​ព្រោះថា​ជា​ការ​មួលបង្កាច់​កិត្យានុភាព កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ។​

សមត្ថកិច្ច​កម្ពុជា​ បាន​បកស្រាយ​ថា វីដេអូ​នោះ ​គឺជា​ការ​ប្រឌិត​ឡើង​ ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កម្ពុជា៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114