ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ឹម ជីវ៉ា បកស្រាយ​ករណី​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នៅ​ស្រុកស្រែ​អំបិល​ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់

​ភ្នំពេញ​ ៖ ពិតជា​ដំណឹង​ដ៏​រន្ធត់​សម្រាប់​មហាជន​អ្នកគាំទ្រ ​និង​មិត្តភ័ក្ដិ​រួម​អាជីព​សិល្បៈ​ បន្ទាប់ពី​ទទួល បាន​ព័ត៌មាន ​នៃ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​របស់​តារា​សម្ដែង​ប្រុស ​លោក អ៊ឹម ជីវ៉ា បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​បាត់​បង់ជីវិត​។ ​ចំណែកឯ​រូបលោក​សំណាងល្អ​ រួចផុត​ពី​ការ​ស្លាប់​ព្រោះតែ​តារា​រូបនេះ​មិនបាន​ស្ថិតនៅក្នុង​ហេតុការណ៍​មួយ​នេះ​។​

ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​១៣ ​ខែធ្នូ​ ឆ្នាំ​២០១៨ ​​ត្រង់​ចំណុច​ស្រុកស្រែ​អំបិល ​ខណៈដែល​ លោក អ៊ឹម ជីវ៉ា បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ចូលរួម​ពិធីបុណ្យ​សមុទ្រ​នៅលើ​ទឹកដី​ខេត្តកោះកុង​។​ ចំពោះ​ហេតុការណ៍​គ្រោះថ្នាក់​នេះ​ គឺ ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​តែម្ដង​។​

បើតាម​ការ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក អ៊ឹម ជីវ៉ា បាន​រៀបរាប់​ថា​ បងប្អូន​អើយ​ពេលនេះ​ខ្ញុំ​មាន​បញ្ហា​ធំ​ហើយ ឡាន​ខ្ញុំ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​នៅ​ស្រុកស្រែ​អំបិល ​ពេលធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ តែ​ខ្ញុំបាទ និង​ក្រុមការងារ​៤​នាក់​ទៀត​មិន​អី​ទេ លើក​ទី​១​ហើយ​ដែល​ខ្ញុំ​ជួប​រឿង​រន្ធត់​បែបនេះ ព្រះ​អើយ​ជួយ​ខ្ញុំ​ផង ខ្ញុំ​មាន​ឡាន​តែមួយ​គ្រឿង​ហ្នឹង​ទេ​ ទុក​សម្រាប់​ទៅណា​មក​ណា​ តែ​ពេលនេះ …​ជាពិសេស​កម្មវិធី​សិល្បៈ​ ពេលនេះ​ចប់​ហើយ​។​

ដោយឡែក​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ លោក អ៊ឹម ជីវ៉ា បន្ថែម​អំពី​ហេតុការណ៍​គ្រោះថ្នាក់​នោះ ​លោក​លើកឡើងថា​ កាលពី​រសៀល​ថ្ងៃទី​១៣​ធ្នូ​ លោក​បានរួម​ដំណើរ​ជាមួយ​ក្រុមការងារ​ចេញពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ខេត្ត​កោះកុង​ ប៉ុន្តែ​ពេលធ្វើ​ដំណើរ​ដល់​ពាក់កណ្ដាល​ផ្លូវ​ រថយន្ត​ក៏បាន​ខូច​ ភ្លាមៗ​នោះ​លោក​ក៏បាន​ទូរស័ព្ទ​ហៅ​អ្នក​ស្គាល់គ្នា​ពី​ខេត្ត​កោះកុង​មក​ទទួល​ដោយ​គិតថា​ទុក​រថយន្ត​នៅត្រឹម​ចំណុច​ភូមិ​អណ្តូងទឹក​។​

លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់​ថា ​ពេល​នោះគេ​ក៏​បានមក​ទទួល​លោក​នៅ​ចំណុច​ខូច​ឡាន​ខាងលើនេះ​ទៅ​កន្លែង​ផ្ទះសំណាក់ ​ហើយ​នៅពេល​ទៅដល់​ចំណុច​ផ្ទះសំណាក់​ ម្ចាស់​រថយន្ត​លុច​ស៊ី​ស ពណ៌​ខ្មៅ​ដែល​បានមក​ទទួល​លោក​នោះ ​គឺ​ធានា​សណ្ដោង​រថយន្ត​របស់ខ្លួន​ទៅ​ភ្នំពេញ​វិញ​ ដោយ​គិតថ្លៃ​១៥០​ដុល្លារ​ សម្រាប់​ការ​សណ្ដោង​ និង​២០​ដុល្លារ​ទៀត ​សម្រាប់​អ្នក​កាន់​ចង្កូតរថយន្ត​ដែល​ខូច​ពីក្រោយ​សរុប​ទាំងអស់​គឺ​១៧០​ដុល្លារ​។​
​តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បាន​និយាយទៀតថា​ បន្ទាប់មកទៀត ​នា​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ​ឆ្នាំ​២០១៨​នេះ​ ដោយសារ​មានការ​បារម្ភ​ និង​ចង់ដឹង​ពី​ដំណឹង​ផង​នោះ​ ក៏បាន​ទូរស័ព្ទ​ទៅ​ម្ចាស់​រថយន្ត​ដែល​ធានា​សណ្តោង​រថយន្ត​ខ្លួន​ ប៉ុន្តែ​រាល់​ការទាក់ទង ​គឺ​មិនអាច​ភ្ជាប់​និយាយ​គ្នា​បានឡើយ ​ហើយ​ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ ក៏មាន​គេ​មក​ប្រាប់ថា​រថយន្ត​ដែល​បាន​សណ្តោង​ឡាន​ខ្លួន​នោះ ​គឺ​ក្រឡាប់​ស្លាប់​ម្នាក់​បាត់​ហើយ​។ ​ឮដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​រន្ធត់​ចិត្តខ្លាំង​ណាស់ ហើយ​ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា​ អ្នក​ដែល​ស្លាប់​ គឺ​បុរស​ដែល​កាន់ចង្កូត​ឡាន​(​អ្នក​ស៊ី​ឈ្នួល​២០​ដុល្លារ​)​របស់ខ្ញុំ​ឯណោះ​ទេ​ គឺ​ពុំមែន​តៃកុង​ឡាន​ ឬ​អ្នក​ស៊ី​ឈ្នួល​បើកឡាន​ឲ្យ​ខ្ញុំ​ឡើយ​។​

លោក អ៊ឹម ជីវ៉ា​ បាន​បន្ថែមទៀតថា​ លោក​មិនបាន​បើកឡាន​ដោយ​ខ្លួនឯង ​ឬ​បើក​បុក​នរណា​នោះ​ឡើយ​ ពោល​គឺ​ អ្នក​ដែល​ស៊ីឈ្នួល​សណ្ដោង​ឡាន​ឯណោះ​ទេ​ ដែល​ជា​អ្នក​បើក​ឲ្យ​គ្រោះថ្នាក់​ក្រឡាប់​ដូច្នេះ​។

​ម្យ៉ាងទៀត ​ពេលនេះ​ម្ចាស់​រថយន្ត​លុច​ស៊ី​ស ពណ៌​ខ្មៅ​ ដែល​ជា​អ្នកធានា​សណ្ដោង​រថយន្ត​លោក​បាន​រត់​គេ​ខ្លួន​បាត់​ហើយ​ ចំណែក​អ្នក​ដែល​ស្លាប់ ​គឺ​បុរស​ដែល​កាន់​ចង្កូត​ឡាន​របស់​ខ្លួន​ដែល​ខូច​នៅ​ពី​ក្រោយ​។ ​ចំពោះ​ហេតុការណ៍​នេះ ​អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ​ គឺ​បុរស​ម្ចាស់​រថយន្ត​លុច​ស៊ី​ស ពណ៌​ខ្មៅ​ ដែល​ទារ​ថ្លៃ​សណ្ដោង​១៥០​ដុល្លារ​ ពោល​ពុំ​មែន​ជា​លោក​ឡើយ​៕

 

​​