ព័ត៍មានទាន់​ហេតុការណ៏
Search

អូស្ដ្រាលី​ទទួលស្គាល់​ជា​ផ្លូវការ​ថា ក្រុង​យេ​រូ​សា​ឡឹម​ភាគ​ខាងលិច​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល

លោកនាយក​រដ្ឋមន្ត្រី Scott Morrison បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ថា ឥឡូវនេះ​ប្រទេស​អូស្ត្រាលី​បានទទួល​ស្គាល់​ក្រុង​យេ​រូ​សា​ឡឹម​ភាគ​ខាងលិច​ថា​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​ប៉ុន្តែ​ការ​រើ​ស្ថានទូត​ដ៏​ចម្រូងចម្រាស​ពី​ទីក្រុង​តែ​ល​អា​វីវ​នឹងមិន​កើតឡើង​ទេ​ទាល់តែ​ដំណោះស្រាយ​សន្តិភាព​មួយ​បាន​ឈានដល់​ការសម្រេច​។​

លោក Morrison ក៏បាន​ប្តេជ្ញា​ក្នុងការ​ទទួលស្គាល់​នូវ​អនាគត​នៃ​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ជាមួយ​ក្រុង​យេ​រូ​សា​ឡឹម​ភាគ​ខាងកើត​ថា​ជា​រដ្ឋធានី​របស់ខ្លួន​ផងដែរ​នៅពេលដែល​ស្ថានភាព​របស់​ទីក្រុង​នេះ​ត្រូវ​បានកំណត់​នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​។​

ទាំង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​បាន​អះអាងថា ក្រុង​យេ​រូ​សា​ឡឹម​គឺជា​រដ្ឋធានី​របស់​ពួកគេ​។​
​ប្រទេស​ភាគច្រើន​បាន​ចៀសវាង​ការ​រើ​ស្ថានទូត​ទៅ​ទីនោះ​ដើម្បី​ទប់ស្កាត់​កុំអោយ​មាន​ផលប៉ះពាល់​លើ​កិច្ចចរចា​សន្តិភាព​ស្តីពី​ស្ថានភាព​ចុងក្រោយ​របស់​ទីក្រុង​នេះ​រហូត​ទាល់តែ​ប្រធានាធិបតី​អាមេរិក​លោក Trump បាន​រើ​ស្ថានទូត​អាមេរិក​ជា​ឯកតោភាគី​នៅ​ដើម​ឆ្នាំនេះ​។​

លោក Morrison បាន​ថ្លែងថា “​យើង​សង្ឃឹមថានឹង​រើ​ស្ថានទូត​របស់​យើង​ទៅ​ភាគ​ខាងលិច​ទីក្រុង​យេ​រូ​សា​ឡឹម​នៅពេលដែល​មានការ​អនុវត្ត​ជាក់ស្តែង​ដើម្បី​គាំទ្រ​និង​បន្ទាប់ពី​មានការ​សម្រេចចិត្ត​លើ​ស្ថានភាព​ចុងក្រោយ​”​។ លោក​បន្ថែមថា ការងារ​នៅលើ​ទីតាំង​ថ្មី​សម្រាប់​ស្ថានទូត​នេះ​កំពុងដំណើរការ​។​

នាយករដ្ឋមន្ត្រី​បាន​និយាយថា ជា​បណ្តោះអាសន្ន អូស្ត្រាលី​នឹង​បង្កើត​ការិយាល័យ​ការពារ​និង​ពាណិជ្ជកម្ម​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​បរិសុទ្ធ​មួយ​នេះ​។​

លោក​បន្តថា “​លើសពីនេះ ជាមួយនឹង​ការទទួលស្គាល់​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​ដំណោះស្រាយ​រដ្ឋ​ពីរ​, រដ្ឋាភិបាល​អូស្ត្រាលី​ក៏​កំពុង​ដោះស្រាយ​ផងដែរ​ដើម្បី​ទទួលស្គាល់​នូវ​សេចក្តីប្រាថ្នា​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​សម្រាប់​រដ្ឋ​នាពេល​អនាគត​ជាមួយនឹង​រដ្ឋធានី​រប​ស់​ខ្លួន​នៅ​ភាគ​ខាងកើត​ក្រុង​យេ​រូ​សា​ឡឹម​”​។​

គួរបញ្ជាក់​ជាថ្មី​ថា រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​កាលពី​ថ្ងៃ​សុក្រ​បាន​ប្រាប់​ប្រជាពលរដ្ឋ​របស់ខ្លួន​ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី​អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​ព្រមាន​ថា អាចមាន​ការតវ៉ា​នៅក្នុង​រដ្ឋធានី​ហ្សា​ការ​តា​របស់​ឥណ្ឌូនេស៊ី​និង​នៅតាម​ចំណុចក្តៅ​នៃ​ថ្ងៃ​ឈប់សម្រាក​ដ៏​ពេញនិយម​ដទៃទៀត​រួមទាំង​នៅលើ​កោះ​បាលី​ផងដែរ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114