ព័ត៍មានទាន់​ហេតុការណ៏
Search

បេសកជន​អង្គការសហប្រជាជាតិ​អំពាវនាវ​អោយមាន “​របប​ឃ្លាំមើល​ដ៏​រឹងមាំ​” នៅក្នុង​ប្រទេស​យេ​មែន

ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​លោក Martin Griffiths បាន​អំពាវនាវ​កាលពី​ថ្ងៃ​សុក្រ​អោយមាន​ការបង្កើត​យន្ត​ការត្រួតពិនិត្យ​ជាបន្ទាន់​នៅក្នុង​ប្រទេស​យេ​មែន​មួយថ្ងៃ​បន្ទាប់ពី​ភាគី​ជម្លោះ​បាន​យល់ព្រម​លើ​បទ​ឈប់​បាញ់​នៅ​កំពង់ផែ​ដ៏​សំខាន់​មួយ​។​

ប៉ុន្តែ​ថ្វីបើ​អង្គការសហប្រជាជាតិ​បាន​ស្វែងរក​ក្រុម​អ្នកសង្កេតការណ៍​នៅ​ទីក្រុង Hodeida ក៏ដោយ​នោះ ការប៉ះទង្គិច​គ្នា​រប៉េះរប៉ោះ​បាន​កើតឡើង​នៅក្បែរនោះ​ដែល​នេះ​គូសបញ្ជាក់​ពី​ភាពផុយស្រួយ​បំផុត​នៃ​បទ​ឈប់​បាញ់​នេះ​និង​ហានិភ័យ​ដែល​អាច​កើតមាន​ដល់​បុគ្គលិក​នៅក្នុង​តំបន់​។​

នៅឯ​កិច្ចចរចា​របស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​ឧទ្ទាម​យេ​មែន​បានទទួល​យក​បទ​ឈប់​បាញ់​គ្នា​នៅ​ទីក្រុង Hodeida ដែលជា​ច្រក​ដ៏​សំខាន់​មួយ​សម្រាប់​ជំនួយ​និង​ការ​នាំចូល​ស្បៀងអាហារ​ទៅកាន់​ប្រទេសមួយ​ដែល​ប្រជាជន​១៤​លាន​នាក់​កំពុង​ឈរ​នៅលើ​គែម​នៃ​គ្រោះ​ទុរ្ភិក្ស​។​

លោក Griffiths បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា “​ការឃ្លាំមើល​ដ៏​រឹងមាំ​និង​មាន​សមត្ថកិច្ច​មិនមែន​ត្រឹមតែ​ជា​រឿង​ដ៏​សំខាន់​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ក៏​ត្រូវការ​ជា​ចាំបាច់​ផងដែរ​”​។ លោក​បាន​បន្ថែមថា ការអនុញ្ញាតអោយ​អង្គការសហប្រជាជាតិ​ដើរតួនាទី​នាំមុខ​នៅក្នុង​កំពង់ផែ​នេះ​គឺជា​ជំហាន​ដំបូង​ដ៏​សំខាន់​មួយ​។​

ក្រោម​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បទ​ឈប់​បាញ់​គ្នា​ជាបន្ទាន់​មួយ​គួរតែ​ចូល​ជា​ធរមាន ក្នុង​ទីក្រុង Hodeida និង​កំពង់ផែ​ចំនួន​បី​របស់ខ្លួន​ចាប់ពី​ពេល​ចុះហត្ថលេខា​ទៅហើយ​បន្ទាប់មក​ត្រូវមាន​ការដាក់​ពង្រា​យក​ង​កម្លាំង​រួមគ្នា​ឡើងវិញ​លើ​ទីតាំងនៅ​ខាងក្រៅ​ទីក្រុង​និង​កំពង់ផែ​។​

លោក Griffiths បាន​និយាយថា “​អង្គការសហប្រជាជាតិ​នឹង​ដើរតួនាទី​នាំមុខ​ក្នុងការ​គាំទ្រ​ដល់​សាជីវកម្ម​កំពង់ផែ​សមុទ្រ​ក្រហម​របស់​យេ​មែន​ដើម្បី​គ្រប់គ្រង​និង​ត្រួតពិនិត្យ​កំពង់ផែ Hodeida, Salif និង Ras Issa”​។​

អ្នកស្រុក​ម្នាក់​បាន​ប្រាប់ AFP តាម​ទូរ​សព្ទ​ថា ត្រឹមតែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​កិច្ចព្រមព្រៀង​នេះ ស្នូរ​គ្រាប់កាំភ្លើង​ធំ​អាច​ត្រូវបាន​គេ​ឮ​នៅ​ភាគខាងត្បូង​ទីក្រុង Hodeida ខណៈ​ពលរដ្ឋ​ម្នាក់ទៀត​ដែល​រស់នៅ​ភាគ​ខាងកើត​ទីក្រុង​បាន​និយាយថា ពួកគេ​អាច​ឮ​ការបាញ់​កាំភ្លើង​រាល់​១៥​នាទី​ម្តង​។​

អ្នកការទូត​បាន​និយាយថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres អាច​ស្នើសុំ​យន្តការ​ឃ្លាំមើល​មួយ​ដែលមាន​អ្នកសង្កេតការណ៍​ពី​៣០​ទៅ​៤០​នាក់​ហើយ​ប្រទេស​ខ្លះ​អាច​បញ្ជូន​អ្នកសង្កេតការណ៍​មក​បេសកកម្ម​ឈ្លបយកការណ៍​នេះ​មុនពេល​ការអនុម័ត​សេចក្តីសម្រេច​ជា​ផ្លូវការ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114