ព័ត៍មានទាន់​ហេតុការណ៏
Search

រូបភាព​៣​សន្លឹក​របស់​អតីត​តារា​កំប្លែង​ជើងចាស់​លោកតា សង់​ស៊ី​ស ធ្វើ​ឲ្យ​ព្រះសង្ឃ​មួយអង្គ​ស្រក់​ទឹកភ្នែក

ភ្នំពេញ ​៖ បន្ទាប់ពី​មានការ​បង្ហោះ​ចែករំលែក​នូវ​រូបភាព​ចំនួន​៣​សន្លឹក​របស់​អតីត​តារា​កំប្លែង​ជើងចាស់​លោកតា សង់​ស៊ី​ស ភ្លាមៗ​នោះ គេ​សង្កេតឃើញ​មាន​មហាជន​ និង​អ្នកគាំទ្រ​ជាច្រើន​បង្ហាញ​ការ​អាណិតអាសូរ​ខ្លាំង ​ខណៈ​ពេលដែល​បច្ចុប្បន្ន​លោកតា​ក៏​កំពុងមាន​ជំងឺ​ប្រចាំកាយ​ត្រូវ​ព្យាបាល​ជា​រៀងរាល់​ខែ​ផង​នោះ​។​

មិន​ខុសគ្នា​ពី​ប្រជាពលរដ្ឋ​ឬ​មជ្ឈដ្ឋាន​មហាជន​ទូទៅ​នោះទេ ​ថ្មីៗ​នេះ​មាន​ព្រះសង្ឃ​មួយអង្គ​ក៏បាន​បង្ហាញ​ពី​ការ​អាណិត​ដល់​តារា​កំប្លែង​លោកតា សង់​ស៊ី រហូត​ពោល​ពាក្យ​ថា​ក្រោយពេល​បានឃើញ​រូបភាព​នោះ​(​តា សង់​ស៊ី​)​ហើយ​ ព្រះ​តេជគុណ​ក៏​មិនអាច​ទប់ទឹក​ភ្នែក​ មិន​អាណិត​គាត់​បានដែរ​។​

ផ្អែក​តាម​Account Facebook​របស់​ព្រះ​តេជគុណ​នាម Sros Sron បាន​សរសេរ​រៀបរាប់ថា ​ធ្លាប់តែ​សម្ដែង​ឲ្យ​បងប្អូន​ខ្មែរ​សើច​សប្បាយ តែ​ពេលនេះ​សម្ដែង​មិនកើត​ទៀត​ទេ ព្រោះ​ខ្លួន​មាន​វ័យ​ចំណាស់​ខ្លាំង​ហើយ ..​។ ហើយ​ណាមួយ​មាន​ជំងឺ​ជាប់​ខ្លួន​ធ្វើទុក្ខ​ខ្លាំង​ទៀតផង​ជីវភាព​ពេលនេះ​ឈឺ​ផង​ជួប​ការលំបាក​ផង ​គាត់​ដើរ​ដល់​ផ្លូវ​ទាល់​ហើយ​។ ​ទប់ទឹក​ភ្នែក​មិន​បានទេ ពេល​អាត្មា​បានឃើញ​រូប​មួយ​សន្លឹក​នេះហើយ ​បានឮ​ពី​ភាពលំបាក​របស់គាត់​។​ នេះហើយ​ជីវិត​អ្នកសិល្បៈ​អាច​ឲ្យ​គេ​សើច​សប្បាយរីករាយ​បាន តែ​ពេលនេះ​ខ្លួនឯង សូម្បី​រក​ស្នាមញញឹម​បន្ដិច​ក៏​មិនបាន​ផង​។​

ព្រះសង្ឃ​អង្គ​ដដែល​នេះ​បាន​បន្តទៀតថា​ អ្នក​ដែលមាន​ទេពកោសល្យ​ខាង​សិល្បៈ យូរ​មកហើយ​ដែរ​ធ្លាប់ បម្រើ​វប្បធម៌​សិល្បៈ​របស់​ខ្មែរ រក្សា​ទម្រង់​សិល្បៈ​វប្បធម៌​ទី​៧​របស់​ខ្មែរ​។ ​គួរ​ណាស់​ទទួល​បានកា​រ​យក​ចិ​ត្ដ​ទុកដាក់​ព្រោះ​ជា​អ្នក​លះបង់​ដើម្បី​សិល្បៈ​និង​ជា​រៀមច្បង​ចាស់ទុំ​ក្នុង​សិល្បៈ​មិនគួរណា​បណ្ដែតបណ្ដោយ​ឲ្យ​ធ្លាក់ខ្លួន​ដល់​បែបនេះ​ទេ​។

ប្រភព​ពី​ព្រះសង្ឃ​ខាងលើ​បាន​បន្ថែមថា​ ធ្លាប់តែ​សម្ដែង​ឲ្យ​អ្នកទស្សនា​គ្រប់​ស្រទាប់វណ្ណៈ​បាន​កម្សាន្ដ​ប្រាសចាក​ទុក្ខ ប៉ុន្ដែ​ពេលនេះ​គាត់​មានទុក្ខ​វិញ​ហើយ មិនគួរ​មើលរំលង​គាត់​ទេ​។​ អាត្មាភាព​សូម​អំពាវនាវ​ដល់​ញោម​នាយករដ្ឋមន្ត្រី​សម្ដេច​តេ​ជោ ហ៊ុនសែន សូម​ញោម​មេ​ត្ដា​អនុគ្រោះ​ជូន​ជា​ថវិកា​ដល់​គាត់​ដើម្បី​បាន​ព្យាបាល​ជំងឺ​គាត់​ផង​។​អាត្មាភាព​ជឿជាក់ថា​មិន​ខ្វះ​អ្នក​ដែលមាន​ចិ​ត្ដ​សប្បុរស​ទេ​គ្រាន់តែ​គាត់​មិនទាន់​ដឹង​។​

សូមបញ្ជាក់ថា ​អតីត​តារា​កំប្លែង​និង​ចេះ​គ្រប់​ទម្រង់​សិល្បៈ​លោកតា សង់​ស៊ី ស្ថិតក្នុង​វ័យ​ជរា​កន្លងមក​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ត្រូវបាន​ក្រុមគ្រួសារ​បញ្ចូល​ចូល​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ​បន្ទាប់ពី​ទទួលបាន​ការព្យាបាល​ដោយ​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​លោកតា សង់​ស៊ី​ស បាន​ធូរ​ស្រាល​វិល​រក​សភាព​ដូចដើម​វិញ​ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​នោះ​គឺ​ជីវិត​សិល្បៈ​របស់គាត់​ត្រូវបាន​បាត់បង់​ឱកាស​និង​សមត្ថភាព​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114