ព័ត៍មានទាន់​ហេតុការណ៏
Search

ទីក្រុង​តូ​ក្យូ ស៊ី​ង​ហ្គា​ពួ ដណ្តើម​គ្នា​ជាមួយ​ក្រុង​ឡុង​ដ៍​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹ​ត្តិការណ៍​វាយ​តឺ​ន្នី​ស ATP Finals

​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​ស៊ី​ង​ហ្គា​ពួ កំពុងតែ​ដណ្តើម​គ្នា​ជាមួយ​ទីក្រុង​ឡុង​ដ៍ ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​វាយ​តឺ​ន្នី​ស​ដំណាច់​ឆ្នាំ ATP Finals ចាប់ពី​ឆ្នាំ​២០២១​រហូតដល់​ឆ្នាំ​២០២៥​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​គណៈ​គ្រប់គ្រង​កីឡា​វាយ​តឺ​ន្នី​ស​បុរស​មួយ​នេះ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​។​

បញ្ជី​ខ្លី​សម្រាប់​ព្រឹ​ត្តិការណ៍​ប្រកួត​ដំណាច់ឆ្នាំ​មួយ​នេះ រួមបញ្ចូល​ផងដែរ​ទាំង​ទីក្រុង Manchester របស់​អង់គ្លេស និង​ទីក្រុង Turin​របស់​អ៊ីតាលី ខណៈពេលដែល​កិច្ចព្រមព្រៀង​ជាមួយ​ទីក្រុង​ឡុង​ដ៍ដែល​អូស​បន្លាយពេល​រហូតដល់​ឆ្នាំ​២០២០​នោះ អាច​បន្ត​ផងដែរ​។​

ការប្រកាស​ពី​បេក្ខជន នឹង​ភ្ជាប់​មកជា​មួយ​នូវ​ដំណើរការ​ដាក់ពាក្យ​ដេញថ្លៃ ដែល​បានចាប់ផ្តើម​កាលពី​ខែសីហា ដោយមាន​ទីក្រុង​ជាង​៤០ បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ពួកគេ​លើ​ការធ្វើ​ម្ចាស់ផ្ទះ​ព្រឹ​ត្ត​ការណ៍​មួយ​នេះ​។​

ដំណាក់កាល​ផ្តាច់ព្រ័ត្រ នឹង​មើលឃើញ​ក្រុម ATP ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ទាំងអស់នោះ ជាមួយនឹង​ការសម្រេចចិត្ត​លើ​ទីក្រុង​ម្ចាស់ផ្ទះ នឹងមិន​ត្រូវបាន​ធ្វើឡើង​នោះទេ រហូតដល់​ខែ​មិនា ឆ្នាំ​២០១៩​។​

លោក Chris Kermode គឺជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុម ATP​បាន​និយាយថា កម្រិត​នៃ​ចំណាប់អារម្មណ៍​ដែល​យើង​ទទួលបាន​នៅ​ទូទាំង​ពិភពលោក តាមរយៈ​ដំណើរការ​ដា​កក់​ពាក្យ​ដេញថ្លៃ​នេះ បាន​ឆ្លុះបញ្ចាំង​ពី​មរតក​ដ៏​សម្បូរបែប​នៃ​ការប្រកួត​មួយ​នេះ ក៏ដូចជា​ជោគជ័យ​នៃ​ព្រឹត្តិការណ៍​ដែល​បាន​ធ្វើឡើង​នៅក្នុង​ទឹកដី O2​ចាប់តាំងពី​ឆ្នាំ​២០០៩​រហូតមក​៕