ព័ត៍មានទាន់​ហេតុការណ៏
Search

មិត្តភាព​កម្តៅ​សាច់ដុំ ​៖ វិសាខា​,​បឹងកេត ឈ្នះ​ដូចគ្នា ខណៈ​ណាហ្គា​វើ​ល ស្មើគ្នា​ជាមួយ​អគ្គីសនី​កម្ពុជា

ក្រុមបាល់ទាត់​ចំនួន​៦​ក្រុម ដែលជា​សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បាន​ណាត់គ្នា​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​នៅ​ល្ងាច​ថ្ងៃ​សុក្រ សប្តាហ៍​នេះ​ដើម្បី​ត្រួតពិនិត្យ​ទម្រង់​លេង ព្រមទាំង​បច្ចេកទេស​កូនក្រុម​ឱ្យបាន​រួចរាល់​មុន​ស្វាគមន៍​រដូវ​កាល​ឆ្នាំ​២០១៩ ខាងមុខនេះ ខណៈ​ក្រុម​វិសាខា និង​ក្រុម​បឹងកេត សុទ្ធតែ​ឈ្នះ​ដូចគ្នា ប៉ុន្តែ​ក្រុម​ណាហ្គា​វើ​ល ស្មើគ្នា​ជាមួយ​ក្រុម​អគ្គីសនី​កម្ពុជា​។​

​ចំពោះ​ក្រុម​វិសាខា បាន​ប្រកួត​ឈ្នះ​លើ​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ៣​ទល់​០ នៅលើ​ទីលាន​កីឡដ្ឋាន​វិសាខា​ផ្ទាល់​។ ចំណែក​ម្ចាស់​គ្រាប់​បាល់​នៅក្នុង​ប្រកួត​នេះ​រកបាន​ដោយ​កីឡាករ ង៉​យ ស្រ៊ី​ន​, ឆេង ម៉េង និង​កីឡាករ ស៊ិន កក្កដា​។ ចំណែក​ក្រុម​បឹងកេត បាន​ប្រកួត​ដកស្រង់​បច្ចេកទេស​ឈ្នះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ៣​ទល់​២ នៅ​ទីលាន​សាលា AUPP​។ ចំណែក​ក្រុម​អគ្គិសនី​កម្ពុជា វិញ​បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​ណាហ្គា​វើ​ល ២​ទល់​២ នៅ​កីឡដ្ឋាន​អគ្គិសនី​។​

​សូមបញ្ជាក់ថា​ ក្រុម​ ដែលជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បានចាប់ផ្តើម​ប្រមូលផ្តុំ​កីឡាករ​ឡើងវិញ​ក្រោយ​សម្រាក​មួយរយៈ​ បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ក្នុង​រដូវ​កាល​ចាស់ ហើយ​នេះ​ជា​ដំណាក់​កាលដែល​ក្រុម​ទាំងអស់​ត្រូវ​តាមដាន​ និង​ត្រួតពិនិត្យ​សមត្ថភាព​កូនក្រុម​រប​ស់​ខ្លួន​ឡើងវិញ​ទាំង​សមាជិក​ចាស់ និង​សមាជិក​ថ្មីៗ​ទាំង​ខ្មែរ​និង​បរទេស ឬ​កីឡាករ​ខ្លះ​ទើបតែ​ជ្រើសរើស​ចេញពី​ក្រុម​ថ្នាល​យុវជន ព្រមទាំង​កីឡាករ​មួយចំនួន​ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ធ្វើតេស្ត​សាកល្បង​មុននឹង​សម្រេច​បញ្ចូល​ពួកគេ​ទៅក្នុង​ក្រុម​ឈុត​ធំ​ឬ​យ៉ាងណា​នោះ មុន​រដូវ​កាល​ឆ្នាំ​២០១៩ មកដល់​។​

​ចំណែក​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ខាងមុខ​នៅ​មិនទាន់មាន​ការ​ជូនដំណឹង​ណាមួយ​ពី​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​នោះ​ទេ ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ដែល​មាន​សមាជិក​ចំនួន​១២ ក្រុម​និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ត្រូវ​ជម្រុះ​ក្រុម​មកពី​តាម​តំបន់​ជុំវិញ​ប្រទេស​កម្ពុជា​៕

​