ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​១១​នាក់​ស្លាប់​និង​រាប់សិប​នាក់​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ពុលបាយ​នៅ​ប្រាសាទ​ឥណ្ឌា

មន្ត្រី​សុខាភិបាល​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា មនុស្ស​ចំនួន​១១​នាក់​បាន​ស្លាប់​បន្ទាប់ពី​ទទួលទាន​បាយ​ដែល​ទំនង​ជាមាន​ផ្ទុក​សារធាតុពុល​នៅ​ពិធីបុណ្យ​ក្នុង​ប្រាសាទ​ហិណ្ឌូ​មួយ​។​

មនុស្ស​២៩​នាក់​ផ្សេងទៀត​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ហើយ​កំពុង​ទទួល​ការព្យាបាល​ជាបន្ទាន់​នៅតាម​មន្ទីរពេទ្យ​នានា​ក្នុង​ទីក្រុង Mysore នៃ​រដ្ឋ Karnataka​។​

លោក KH Prasad មន្ត្រី​សុខាភិបាល​ប្រចាំ​ស្រុក Chamraj Nagar ដែលជា​ទីតាំង​នៃ​ប្រាសាទ​បាន​និយាយថា “​មនុស្ស​១១​នាក់​បាន​ស្លាប់​ហើយ​៩៣​នាក់​ទៀត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​”​។​

លោក Prasad បាន​ប្រាប់ AFP ថា “​វា​ទំនង​ថា​មាន​សារ​ជាតិពុល​មួយចំនួន​ត្រូវបាន​គេ​លាយ​ជាមួយ​បាយ​។ សំណាក​ត្រូវបាន​គេ​បញ្ជូនទៅ​សម្រាប់​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​”​។ លោក Prasad បាន​បន្ថែមថា អ្នកជំងឺ​កំពុង​ត្រូវបាន​គេ​ព្យាបាល​សម្រាប់​ការ​ក្អួត រាគ​និង​បញ្ហា​ផ្លូវដង្ហើម​។​

យោងតាម​ប៉ូលិស​បានអោយដឹងថា អ្នក​កាន់សាសនា​បាន​ប្រមូលផ្តុំ​គ្នា​ក្នុង​ចំនួន​ដ៏​ធំ​នៅ​ប្រាសាទ Kicchukatti Maramma សម្រាប់​ពិធីបុណ្យ​មួយ​កាលពី​ថ្ងៃ​សុក្រ​ដែល​បាយ​ត្រូវបាន​គេ​ផ្តល់​ជាការ​ថ្វាយ​ដ៏​ពិសិដ្ឋ​។​

ប្រធាន​រដ្ឋមន្ត្រី​រដ្ឋ​លោក HD Kumaraswamy បាន​សម្តែង​ក្តី​ទុក្ខសោក​ចំពោះ​រឿងហេតុ​នេះហើយ​បានប្រកាស​ផ្តល់ប្រាក់​សំណង​ចំនួន​៥០០,០០០​រូពី (​ប្រហែល​៧,០០០​ដុល្លារ​អាមេរិក​) សម្រាប់​គ្រួសារ​ជនរងគ្រោះ​នីមួយៗ​។​

ពិធីបុណ្យ​សាសនា​របស់​ប្រទេស​ឥណ្ឌា​ជារឿយៗ​មានការ​គ្រប់គ្រង​មិនល្អ​ពី​សំណាក់​ប៉ូលិស​និង​អ្នកបម្រើ​ស្ម័គ្រចិត្ត​ដែល​គ្របដណ្ដប់​ដោយ​ទំហំ​នៃ​ហ្វូងមនុស្ស​។​

ការរត់​ជាន់គ្នា​មួយ​នៅ​រដ្ឋ West Bengal ភាគ​ខាងកើត​កាលពី​ឆ្នាំមុន​បានសម្លាប់​ស្ត្រី​ចំនួន​៦​នាក់​ហើយ​មនុស្ស​ចំនួន​២៤​នាក់​បាន​ស្លាប់​ក្នុង​ឧប្បត្តិហេតុ​ស្រដៀង​គ្នា​នេះ​នៅ​រដ្ឋ Uttar Pradesh កាលពី​ឆ្នាំ​២០១៦៕ AFP