ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចពិភាក្សា​អាកាសធាតុ​របស់ UN ដំណើរការ​លើស​ម៉ោង​នៅពេល​អ្នកចរចារ​ខ្វែងគំនិត​គ្នា​លើ​ផែនការ

កិច្ចពិភាក្សា​ម៉ា​រ៉ា​តុង​ក្នុង​គោលបំណង​កំណត់​ទិសដៅ​របស់​មនុស្សជាតិ​អោយ​ចៀស​ផុតពី​គ្រោះមហន្តរាយ​អាកាសធាតុ​បាន​ដំណើរការ​លើស​ពេល​កំណត់​កាលពី​ថ្ងៃ​សៅរ៍​ ខណៈដែល​ប្រទេស​នានា​បានជ្រើសរើស​យក​ផែនការ​មួយ​ដែល​បង្ហាញ​ដោយ​ប្រទេស​ម្ចាស់ផ្ទះ​ប៉ូឡូញ​ប៉ុន្តែ​មានការ​ខ្វែងគំនិត​គ្នា​ជាច្រើន​។​

ក្រុម​អ្នកចរចា​បាន​ប្រាប់ AFP ថា ប្រទេស​ជិត​២០០​ដែល​ចូលរួម​គឺ​នៅតែមាន​ភាព​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ជាច្រើន​រាប់​ចាប់ពី​របៀប​ដែល​ប្រទេស​នានា​ត្រូវ​រាយការណ៍​អំពី​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​រហូតដល់​កម្រិត​នៃ​ជំនួយ​ដែល​ត្រូវ​ផ្តល់ទៅអោយ​ប្រទេស​ដែល​កំពុង​រង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​រួចទៅហើយ​។​

រដ្ឋមន្ត្រី​នានា​នៅ​កិច្ចចរចា COP24 ត្រូវតែ​យល់ព្រម​លើ​សៀវភៅ​ក្បួន​រួមមួយ​ដើម្បី​ធ្វើអោយ​បានល្អ​លើ​ការសន្យា​ដែល​ពួកគេ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​២០១៥​ដែល​បាន​ប្តេជ្ញា​ថា​នឹង​កំណត់​សីតុណ្ហភាព​លើ​ពិភពលោក​អោយទាប​ក្រោម​២​អង្សា​សេ​។​

កិច្ចប្រជុំ​កំពូល​នេះ​ត្រូវគេ​កំណត់អោយ​បញ្ចប់​នៅ​ពាក់កណ្ដាល​អធ្រាត្រ​ប៉ុន្តែ​បាន​ពន្យា​ដល់​ប៉ុន្មាន​ម៉ោង​ទៀត​ខណៈ​ដែលមាន​ជម្លោះ​បាន​លេចឡើង​ជាពិសេស​លើ​ការខ្វែងគំនិត​គ្នា​អំពី​ប្រទេស​អភិវឌ្ឍន៍​និង​ប្រទេស​កំពុងអភិវឌ្ឍន៍​។​

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បានធ្វើ​ដំណើរ​ជា​លើក​ទី​បី​របស់លោក​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ទៅកាន់​កិច្ចពិភាក្សា COP24 ក្នុង​ទីក្រុង Katowice របស់​ប្រទេស​ប៉ូឡូញ​ដើម្បី​ជំរុញអោយមាន​កិច្ចព្រមព្រៀង​មួយ​។​

ទោះបីជា​យ៉ាងណាក៏ដោយ សេចក្តីព្រាង​នេះ​មិន​រួមបញ្ចូល​សេចក្តីសម្រេច​ណាមួយ​ស្តីអំពី​របៀប​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការប្រយុទ្ធ​ជាមួយ​អាកាសធាតុ​ទេ​ហើយ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ដែល​ទទួលខុសត្រូវ​ចំពោះ​ការបែងចែក​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជា​ប្រវត្តិសាស្ត្រ​ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​ព្យាយាម​បំភ្លេច​ពាក្យសន្យា​ផ្តល់​មូលនិធិ​ដែល​ធ្វើឡើង​នៅក្នុង​ទីក្រុង​ប៉ារីស​៕ AFP




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114